
រាជធានីភ្នំពេញ៖ ឥទ្ធិពល«បាវី Bavi»ដែលជាព្យុះទី៩ មិនទាន់ចប់ផង ឥឡូវមក«ម៉ៃសាក់»មួយទៀត ដែលជាព្យុះទី១០ បានកើតឡើងបន្ថែម ដែលបាននិងកំពុងជះឥទ្ធិពលមកលើប្រទេសកម្ពុជាព្រមៗគ្នា ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។ នេះបើយោងតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម…។

មន្ត្រីក្រសួងជំនាញមួយនេះបានព្យាករឃើញថា សម្ពាធទាបដែលកើតមាននៅលើមហាសមុទ្ទប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី១០ ឈ្មោះ «ម៉ៃសាក់ Maysak) T2610» មានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី បក់លើឈូងសមុទ្ទ បេងហ្គាល សមុទ្ទអាន់ដាម៉ាន់ សមុទ្ទចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្ទកម្ពុជា និងលើប្រទេសកម្ពុជា ហើយរលាយបាត់ទៅវិញនៅថ្ងៃទី៦ ខែកក្កដា។ ក្នុងពេលជាមួយគ្នា ព្យុះទី៩ឈ្មោះ«បាវី» នឹងបន្តអូសបន្លាយរហូតដល់ថ្ងៃទី១២កក្កដាឯណោះ។ ក្រសួងបន្ថែមថា ទោះបីជាព្យុះ «ម៉ៃសាក់» និង«បាវី Bavi» មិនស្ថិតក្នុងគន្លងធ្វើដំណើរចូលប្រទេសកម្ពុជាក៏ដោយ ក៏កម្ពុជាបន្តមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដីប្រមាណ ៧០ភាគរយ។ ក្រសួងលម្អិតថា តំបន់មាត់សមុទ្ទ ដូចជា ខេត្តកោះកុង ក្រុងព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្ដប់លើផ្ទៃដី៧០ភាគរយ។

ដោយឡែក តំបន់ខ្ពង់រាប ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដី៦០ភាគរយ។ រីឯតំបន់វាលទំនាប ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដី៥០ភាគរយ។ ចំពោះមុខបញ្ហានេះ ក្រសួង អំពាវនាវសាធារណជន បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេស ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក៕



