ព្យុះ«បាវី»បន្តបង្កឥទ្ធិពលភ្លៀង និងផ្គររន្ទះនៅកម្ពុជា រហូតដល់ថ្ងៃ១៥កក្កដា
អុន សម្ផស្ស
13 កក្កដា 2026 09:15 AM

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នេះថា ឥទ្ធិពលព្យុះទី៩ ឈ្មោះ បាវី (Bavi) ដែលបានវិវត្តទៅជាព្យុះសង្ឃរា នៅតែបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី បក់បោកលើឈូងសមុទ្ទបេងហ្គាល សមុទ្ទអាន់ដាម៉ាន់ សមុទ្ទចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្ទកម្ពុជា និងនៅលើប្រទេសកម្ពុជាទាំងមូល..។

តាមការព្យាករ ទោះកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះនេះ ប៉ុន្តែស្ថានភាពធាតុអាកាសចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៥កក្កដា នឹងបន្តមានភ្លៀងធ្លាក់ដោយអន្លើ លាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ នៅតាមតំបន់មួយចំនួន។ ក្នុងនោះ តំបន់វាលទំនាប មានសីតុណ្ហភាពស្ថិតនៅចន្លោះពី ២៥ដល់៣៦អង្សាសេ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់គ្របដណ្ដប់ប្រមាណ ៣០ភាគរយនៃផ្ទៃដី

ដោយឡែក តំបន់ខ្ពង់រាប សីតុណ្ហភាពស្ថិតនៅចន្លោះពី២៤ដល់៣៥អង្សាសេ ខណៈខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ប្រមាណ៤០ភាគរយនៃផ្ទៃដី។ រីឯ តំបន់មាត់សមុទ្ទ រួមមាន ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងតំបន់ជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ប្រមាណ៥០ភាគរយនៃផ្ទៃដី ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ។ រលកសមុទ្ទមានកម្ពស់ពី០,៥០ម៉ែត្រដល់១,៥០ម៉ែត្រ។ ចំពោះមុខបញ្ហានេះ ក្រសួងធនធានទឹក អំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តតាមដានព័ត៌មានព្យាករណ៍អាកាសធាតុជាប្រចាំ និងបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គររន្ទះ ខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់ ដែលអាចកើតមាន។

គួរជ្រាបថា ដោយសារតែស្ថានភាពជំ​នន់នៃទឹកភ្លៀងធ្លាក់ជាបន្ដបន្ទាប់យ៉ាងគំហុកតាំងពីយប់ថ្ងៃទី១១កក្កដា ស្រុកជាច្រើនក្នុងខេត្តមួយចំនួននៅកម្ពុជា បានទទួលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង។ អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាទៅអធិការនគរបាលស្រុក និងកម្លាំងនគរបាលដែលស្ថិតក្នុងភូមិសាស្ត្ររងគ្រោះ ត្រៀមកម្លាំងអន្តរាគមន៍ និងចល័តចុះជួយសង្គ្រោះប្រជាពលរដ្ឋជាបន្ទាន់ ដោយត្រូវបំពាក់គ្រឿងឧបករណ៍ និងមធ្យោបាយសង្គ្រោះឱ្យបានគ្រប់គ្រាន់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត