
រាជធានីភ្នំពេញ៖ ដោយចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩សីហា ឆ្នាំ២០២៦ កម្ពុជានឹងមានភ្លៀងធ្លាក់ពី៣០ដល់៥០ភាគរយនៅទូទាំងប្រទេស ធ្វើឱ្យកម្ពស់ទឹកទន្លេមេគង្គ ស្ទឹង បឹងបួរ ហក់ឡើងយ៉ាងខ្លាំង មន្ត្រីក្រសួងធនធានទឹក អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្លាំងបំផុត ជាពិសេសកុមារតូចៗសូមកុំឱ្យពួកគេទៅក្បែរប្រភពទឹកទាំងនោះ ដែលអាចប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗ...។

កត្តាដែលធ្វើឱ្យកម្ពស់ទឹកទន្លេ ស្ទឹង បឹងបួរហក់ឡើងខ្លាំង នោះក៏ព្រោះតែសម្ពាធទាបដែលកើតមាននៅលើសមុទ្ទចិនខាងត្បូង មានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី និងបានបក់បោកមកលើអាងទន្លេមេគង្គ សមុទ្ទកម្ពុជា ឈូងសមុទ្ទបេងហ្គាល និងសមុទ្ទអាន់ដាម៉ាន់។ កត្តាទាំងនេះហើយធ្វើឱ្យតំបន់មាត់សមុទ្ទ មានសីតុណ្ហភាពមធ្យមអប្បបរមា២៥អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៥អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ មានល្បឿន៧ម៉ែត្រក្នុងមួយវិនាទី បណ្ដាលឱ្យខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់លាយទ្បំ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី៤០ភាគរយ។ រលកសមុទ្ទមានកម្ពស់មធ្យមអប្បបរមា កន្លះម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ។

ចំណែក តំបន់វាលទំនាប សីតុណ្ហភាពមធ្យមអប្បបរមា២៥អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៥អង្សាសេ ខ្យល់បក់មកពីទិសនិរតី និងទិសពាយ័ព្យ មានល្បឿនមធ្យម៥ម៉ែត្រក្នុងមួយវិនាទី បង្កឱ្យរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ និងខេត្តកណ្តាល អាចមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី៣០ភាគរយ។ រីឯតំបន់ខ្ពង់រាប សីតុណ្ហភាពមធ្យមអប្បបរមា២៤អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៤អង្សាសេ មានខ្យល់បក់មកពីទិសនិរតី និងទិសបស្ចិម ល្បឿន៨ម៉ែត្រក្នុងមួយវិនាទី នាំឱ្យខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី៥០ភាគរយ។

ស្របពេលជាមួយគ្នានេះ ក្រសួងក៏បានចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ដោយចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០សីហា ទន្លេមេគង្គ-ក្រចេះ ទឹកមានកម្ពស់២០,៦៨ម៉ែត្រ, ទន្លេមេគង្គ-កំពង់ចាម ទឹកកើនពីកម្ពស់១២,៨២ ដល់១២,៨៤ម៉ែត្រ, ទន្លេបាសាក់-ចតុមុខ ទឹកកើនពីកម្ពស់៧,៨៦ដល់៧,៩២ម៉ែត្រ, ទន្លេមេគង្គ-អ្នកលឿង ទឹកកើនពីកម្ពស់៥,៣៧ដល់៥,៤២ម៉ែត្រ, ទន្លេបាសាក់-កោះខែល ទឹកមានកម្ពស់កើនដល់៦,៩៤ម៉ែត្រ, ទន្លេសាប-ព្រែកត្តាម ទឹកកើនពីកម្ពស់៦,៣៣ ដល់៦,៣៨ម៉ែត្រ។ហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ ជ្រាបជាព័ត៌មាន និងបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ជៀសវាងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុណាមួយប៉ះពាល់ដល់ជីវិត៕




