សូមប្រុងប្រយ័ត្ន..! ទឹកទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និងទន្លេបាសាក់-កោះខែល នឹងឡើងដល់កម្ពស់ប្រុងប្រយ័ត្ន
អុន សម្ផស្ស
24 Sep 2024 02:04 AM

រាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃអង្គារនេះ កម្ពស់ទឹកទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ នៅតែបន្តហក់ឡើងជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ ខណៈទន្លេមេគង្គមួយ ចំនួនទឹកបានហក់ឡើងកៀកកម្រិតប្រុងប្រយ័ត្នហើយ ដ្បិតអាជ្ញាធរកម្ពុជា នៅតែបន្តអំពាវនាវដល់ពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់…។

បើតាម ក្រសួងធនធានទឹក និងឧតុនិយម ព្យាករនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ បង្ហាញថា«ទឹកទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និងទន្លេបាសាក់-កោះខែល អាចនឹងឡើងដល់កម្ពស់ប្រុងប្រយ័ត្ន អាស្រ័យហេតុនេះ សូមក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ និងទន្លេបាសាក់ ជ្រាបជាព័ត៌មាន និងបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ»

ក្រសួងបញ្ជាក់ថា ជាក់ស្តែង ទន្លេមេគង្គស្ទឹងត្រែង ទឹកមានកម្ពស់១០,៤៤កើនឡើង០,៤៤ម៉ែត្រ បើធៀបថ្ងៃម្សិលមិញ ខណៈកម្រិតទឹកប្រកាសប្រុងប្រយ័ត្នកម្ពស់១០,៧០ម៉ែត្រទន្លេមេគង្គក្រចេះ ទឹកមានកម្ពស់២១,៦៥ម៉ែត្រ បន្តកើនឡើង០,២២ម៉ែត្រ កៀកកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន២២,០០ម៉ែត្រ។ ទន្លេមេគង្គកំពង់ចាម ទឹកមានកម្ពស់១៣,៩០ម៉ែត្រ កើនឡើងរហូតដល់០,១៤ម៉ែត្រ លើកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន១៥,២០ម៉ែត្រ ទន្លេបាសាក់ចតុមុខ ទឹកមានកម្ពស់៨,៨៤ម៉ែត្រ កើនឡើង០,១៣ម៉ែត្រ បើធៀបថ្ងៃម្សិលមិញ លើកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន១០,៥០ម៉ែត្រ

រីឯទន្លេមេគង្គអ្នកលឿង ទឹកមានកម្ពស់៦,៣០ម៉ែត្រ កើនឡើង០,១០ម៉ែត្រ កម្រិតទឹកប្រកាសឱ្យប្រុងប្រយ័ត្នកម្ពស់៧,៥០ម៉ែត្រទន្លេបាសាក់កោះខែល ទឹកមានកម្ពស់៧,៥២ម៉ែត្រ កើនឡើង០,០៥ម៉ែត្រ កម្រិតទឹកប្រកាសឱ្យប្រុងប្រយ័ត្នកម្ពស់៧,៩០ម៉ែត្រ។ ទន្លេសាប ព្រែកត្តាម ទឹកមានកម្ពស់៧,៥២ម៉ែត្រ កើនឡើង០,១១ម៉ែត្រ ខណៈកម្រិតទឹកប្រកាសឱ្យប្រុងប្រយ័ត្នកម្ពស់៩,៥០ម៉ែត្រ។ ចំពោះបឹងទន្លេសាប កំពង់ហ្លួង ទឹកមានកម្ពស់៦,៨ម៉ែត្រ កើនឡើង០,០៩ម៉ែត្រ

ពាក់ព័ន្ធជាមួយស្ថានភាពទឹកកើនឡើងនេះ ក្រសួងជំនាញអះអាងថា ខ្យល់មូសុងនិរតី ដែលបក់លើសមុទ្ទអាន់ដាម៉ាន់ ឈូងសមុទ្ទថៃ សមុទ្ទចិនខាងត្បូង នៅបន្តមានឥទ្ធិពល ខណៈសម្ពាធទាបនៅបន្តគ្របដណ្ដប់លើភាគកណ្តាលនៃអាងទន្លេមេគង្គ និងលើកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦កញ្ញា តំបន់វាលទំនាប តំបន់ខ្ពង់រាបតំបន់មាត់សមុទ្ទ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី១៥ទៅ៥៥ភាគរយផងដែរ៕

Related articles
SBM News
Your Local Reliable News