
រាជធានីភ្នំពេញ៖ សង្គមស៊ីវិលមួយចំនួនចង់ឱ្យរាជរដ្ឋាភិបាលកម្ពុជាដំឡើងពន្ធស្រា ក្រោយសង្កេតឃើញមួយរយៈចុងក្រោយនេះមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងផ្ទួនៗសម្លាប់ជីវិតពលរដ្ឋជាបន្តបន្ទាប់។ ការបង្ហាញពីគោលគំនិតរបស់សង្គមស៊ីវិលនាពេលនេះ កើតឡើងក្រោយករណីគ្រោះថ្នាក់ចរាចរណ៍បុករះមួយបានឆក់យកជីវិតមនុស្ស៤នាក់ ស្លាប់យ៉ាងអណោចអធម៌នៅក្រោមស្ពានអាកាសឫស្សីកែវ កាលពីពេលថ្មីកន្លងទៅ ដែលបង្កឡើងដោយន្ត្រីគយម្នាក់បើកបរក្នុងស្ថានភាពស្រវឹង។

ជាការកត់សម្គាល់គេសង្កេតឃើញអ្នកលេងបណ្តាញសង្គមជាច្រើនមួយរយៈចុងក្រោយនេះបានបញ្ចេញមតិព្រោងព្រាត ស្នើឱ្យបញ្ឈប់ការផ្សព្វផ្សាយដែលជំរុញឱ្យមានការទទួលទានគ្រឿងស្រវឹង និងឈានដល់ការបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍សម្លាប់ជីវិតពលរដ្ឋ។ ទន្ទឹមនឹងការលើកឡើងរបស់មហាជននេះ លោកវជ្ជកបណ្ឌិត មុំ គង់ ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) បានលើកឡើងថា ជាវិធានការដែលគួរអនុវត្តដើម្បីកាត់បន្ថយហានិភ័យដែលបង្កដោយគ្រឿងស្រវឹងនេះមានជាកញ្ចប់រួមមាន៖ ការដំឡើងពន្ធគ្រឿងស្រវឹង កាត់បន្ថយការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងធ្វើយ៉ាងណាកុំឱ្យគ្រឿងស្រវឹងងាយរកទិញបាន។ លោកវជ្ជកបណ្ឌិត មុំ គង់ សង្កត់ធ្ងន់ថា៖«ចំពោះវិធានការដំឡើងពន្ធគឺនៅពេលណាដែលពន្ធថ្លៃតម្លៃគ្រឿងស្រវឹងក៏ឡើងទៅតាមនោះដែរ អ៊ីចឹងហើយអ្នកដែលសេពក៏សេពតិចជាងមុន»។

ជាមួយគ្នានោះ លោក យង់ គិមអេង នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាពបានលើកឡើងថា គ្រឿងស្រវឹងគឺបង្កមហន្តរាយយ៉ាងខ្លាំងខ្លា។ ជាមួយគ្នានោះលោកសង្កេតឃើញថា អត្រាអ្នកបើកបរដោយគ្រឿងស្រវឹងក៏មានច្រើន ដោយវិធានការនៃការអនុវត្តរឹតបន្តឹងទៅលើអ្នកដែលបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង គឺនៅមិនទាន់មានប្រសិទ្ធភាពនៅឡើយ មិនទាន់ឃើញមានការធ្វើឱ្យបានជាក់លាក់ជាប់លាប់នៅឡើយ។
លោក យង់ គិមអេង៖«ហេតុនេះរាជរដ្ឋាភិបាលគួរពិនិត្យមើលទៅលើពន្ធនៃគ្រឿងស្រវឹង ដោយយើងឃើញថាពន្ធនៃគ្រឿងស្រវឹងគឺមានកម្រិតទាបបើប្រៀបធៀបទៅនឹងបណ្តាលប្រទេសជិតខាង ដោយកម្ពុជាមានតែចន្លោះ៣០ ទៅ៣៥ភាគរយ ពន្ធនៃគ្រឿងស្រវឹងដែលធ្វើឱ្យពួកឧស្សាហករគ្រឿងស្រវឹងនាំគ្នាបុកចូលស្រុកខ្មែរដើម្បីមកលក់គ្រឿងស្រវឹង។ [...]ម៉្យាងវិញទៀតកម្ពុជា មិនទាន់មានច្បាប់ស្ដីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹង»។ ទន្ទឹមគ្នានោះលោកថា ការបែងចែកបែបនេះបើតាមអង្គការសុខភាពពិភពលោក បញ្ជាក់ថាមិនសូវមានប្រសិទ្ធភាពនោះទេ ផ្ទុយទៅវិញគឺត្រូវយកពន្ធដូចគ្នាទោះបីជាភេសជ្ជៈណាក៏ដោយឱ្យតែមានជាតិគ្រឿងស្រវឹង គឺគេមិនកំណត់ថាប៉ុណ្ណានោះទេ ឱ្យតែមាននៅក្នុងភេសជ្ជគឺត្រូវតែយកពន្ធដូចគ្នា។ ធ្វើដូច្នេះទើបអាចកាត់បន្ថយគ្រោះថ្នាក់បង្កដោយគ្រឿងស្រវឹងបាន។

ការទទួលទានគ្រឿងស្រវឹងបង្កហានិភ័យជាច្រើន ឧទាហរណ៍ដូចជា លើករណីគ្រោះថ្នាក់ចរាចេណ៍ ដែលអ្នកសេពគ្រឿងស្រវឹងផ្ទាល់ មិនត្រឹមតែអាចមានបង្កគ្រោះថ្នាក់ចំពោះខ្លួនទេ ថែមទាំងអាចបង្កគ្រោះថ្នាក់ចំពោះអ្នកដទៃថែមទៀត។ ជាក់ស្តែងដូចជាករណីថ្មីៗនេះដែលបានឆកយកជីវិតមនុស្សម្តងរហូតដល់ទៅ៤នាក់។ លោកបន្ថែមថា មិនតែប៉ុណ្ណោះក៏មានផលប៉ះពាល់ផ្សេងទៀតដែលបង្កពីការសេពគ្រឿងស្រវឹងនេះដែរដូចជាកើតមានអំពើហិង្សាក្នុងគ្រួសារ និងទៅលើអ្នកដទៃ ដោយឡែកមួយផ្នែកទៀតក៏អាចប៉ះពាល់ដល់ខ្លួនឯង ដូចជាប្រឈមនឹងជំងឺជាង ២០០មុខ ដែលធ្វើខាតបង់ថវិការ។ល។

យ៉ាងណា អំឡុងពេលចូលរួមពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ របស់ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៣ ខែមករាឆ្នាំ២០២៤ សម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ប្រាប់ទៅឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការនគរបាលជាតិ ឱ្យចាប់ផ្តើមពង្រឹងច្បាប់ និងត្រួតពិនិត្យសារធាតុអាល់កុលឡើងវិញទៅលើអ្នកបើកបរ។ សម្តេចធីបតីបន្ថែមថា រឿងដែលគួរឱ្យសោកស្ដាយនោះគឺការបាត់បង់ធនធានមនុស្សដ៏កម្ររបស់កម្ពុជា ដោយកាលពីពេលថ្មីៗគឺមានករណីអ្នកស្លាប់ដោយគ្រោះថ្នាក់់ចរាចរណ៍កើតឡើងផ្ទួនៗគ្នា ក្នុងនោះសម្តេចបញ្ជាក់ថាពួកគេជាសិស្សនិស្សិតដែលមានចំណេះដឹង និងសុទ្ធតែជាអ្នកដែលខិតខំប្រឹកប្រែងរៀនសូត្រ ជាធនធានកម្ររបស់កម្ពុជា ប៉ុន្តែពួកគេបែរជាត្រូវស្លាប់ដោយសារអ្នកបើកបរក្នុងស្ថានភាពស្រវឹងទៅវិញ។ សម្តេចធីបតី ហ៊ុន ម៉ាណែត មានប្រសាសន៍សង្កត់ធ្ងន់ថា៖ «គ្រោះថ្នាក់់ធំរបស់យើងឥឡូវគឺរឿងគ្រោះថ្នាក់ចរាចរណ៍នឹងឯង ស្លាប់ច្រើនជាងគ្រាប់បែក គ្រាប់ម៉ីនទាំងអស់»។

គួរជម្រាបថា បើតាមរបាយការណ៍ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានមនុស្ស៤នាក់ស្លាប់នៅកន្លែងកើតហេតុក្នុងនោះមានស្រី៣នាក់ ដែលម្នាក់ក្នុងចំណោមនោះជាសិស្សពូកែ និងកំពុងបន្តការសិក្សានៅឧត្តមសិក្សានៅឡើយ។ រីឯអ្នករងរបួសធ្ងន់ចំនួន៤នាក់ត្រូវបានបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ បច្ចុប្បន្នអ្នកបើកបររថយន្តត្រូវបានបញ្ជូនមកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធី។ គួរបញ្ជាក់ថាក្នុងឆ្នាំ២០២៣មានករណីគ្រោះថ្នាក់់ចរាចរណ៍កើនឡើង១១ភាគរយសរុបជាង៣៣០០ករណី និងបានឆក់យកជីវិតពលរដ្ឋខ្មែរជាង១៥០០នាក់ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣៕



