សង្គមស៊ីវិលគាំទ្រការកាត់បន្ថយផ្ទាំងប៉ាណូផ្សាយភេសជ្ជៈផ្អែម ខណៈមហាជនយល់ថា អាជ្ញាធរគួរហាមបណ្តាស្ថានីយទូរទស្សន៍ និងកំហិតលើវីដេអូប្រម៉ូដក្នុងបណ្តាញសង្គម ទើបជាគោលដៅចម្បង
S
Soriya Sou
2 ឆ្នាំមុន

រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកទឹកចិត្តដល់រដ្ឋបាលរាជធានី-ខេត្ត ធ្វើផែនការគ្រប់គ្រងតម្រាយផ្លូវ និងពិចារណាកាត់បន្ថយ ព្រមទាំងកំណត់ទីតាំងឱ្យបានជាក់លាក់ថា កន្លែងណាមិនគួរដាក់ប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ជាពិសេសភេសជ្ជៈផ្អែម ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សុខភាពសាធារណៈ...។

លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ 
លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ 

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តមណ្ឌលគិរីនាពេលថ្មីៗនេះ លោកឧបនាយករដ្ឋមន្រ្តី ស សុខា ចាត់ទុកចំណូលបានពីការផ្សព្វផ្សាយពាណិជ្ជកម្មលើផលិតផលទាំងនេះ ជាចំណូលក្ដៅក្រហាយ មិនគួរយកមកឱបនឹងខ្លួនទេ។ តែយ៉ាងណា លោកក៏អរគុណចំពោះអភិបាលរាជធានី-ខេត្តមួយចំនួន ដែលមានឆន្ទៈខ្ពស់ ជាពិសេសក្នុងការសម្អាតប៉ាណូផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានបង្ហាញការគាំទ្រចំពោះការលើកឡើងរបស់ លោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។​ គាំទ្រ ដោយសារចំណូលពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងភេសជ្ជៈផ្អែម ពិតជាមិនអាចដោះស្រាយបញ្ហាសង្គមបានទេ ផ្ទុយទៅវិញវាបានផ្ដល់វិបត្តិសង្គមកាន់តែធ្ងន់ធ្ងរ

លោកបន្ថែមដូច្នេះថា៖«បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បញ្ហាជំងឺមិនឆ្លងនិងបញ្ហាផ្សេងទៀត ដែលជាប់ពាក់ព័ន្ធជាមួយគ្រឿងស្រវឹង និងភេសជ្ជៈផ្អែមខ្លាំង ជាការប្រឈមមុខខ្ពស់សម្រាប់ប្រទេសកម្ពុជា ដែលទើបងើបពីវិបត្តិ ហើយបើយើងមិនបានត្រៀមលក្ខណៈដើម្បីដោះស្រាយនឹងវិបត្តិនេះទេ កម្ពុជានឹងមានប្រជាពលរដ្ឋដែលមានសុខភាពមិនល្អច្រើន ហើយអាចប៉ះពាល់ដល់ការរីកចម្រើនការអភិវឌ្ឍជាតិ»។ ដូចគ្នាដែរ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ ក៏បានបង្ហាញការគាំទ្រ ហើយបើថ្នាក់ដឹកនាំរាជធានី-ខេត្តអនុវត្តបាន លោកជឿជាក់ថា ការងារនេះនឹងសម្រេចបានដោយរលូន។ ផ្ទុយទៅវិញ បើអនុវត្តមិនបាន ដោយនៅគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន តាមរយៈចំណូលមួយចំនួនតូច ដើម្បីគ្រប់គ្រងសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងមូលដ្ឋាន នោះការងារនេះមិនអាចជោគជ័យបានទេ។

លោកបន្ថែមដូច្នេះទៀតថា «ប៉ុន្តែបើមានការតាំងចិត្ត និង​​​ការសហការបានល្អ និងគិតគូរពីសុខភាពប្រជាពលរដ្ឋ និងយុវជនជំនាន់ក្រោយ ខ្ញុំគិតថាគួរលះបង់កញ្ចប់ថវិកាដែលផ្ដល់តាមរយៈការផ្សព្វផ្សាយផ្ទាំងប៉ាណូគ្រឿងស្រវឹង និងភេសជ្ជៈផ្អែម នៅតាមដងផ្លូវ និងទីប្រជុំជន នៅតាមបណ្ដារាជធានីខេត្តទាំងអស់»។ តើរាជរដ្ឋាភិបាល និងមន្រ្តីពាក់ព័ន្ធ គួរបន្តដាក់ចេញវិធានការបែបណាដើម្បីឱ្យការងារនេះមានប្រសិទ្ធភាព? លោក យង់ គិមអេង អះអាងថា អាជ្ញាធរខេត្ត ត្រូវគិតគូរជាសំខាន់ពីសុខភាពសាធារណៈ និងគ្រោះថ្នាក់ដែលកំពុងកើតមាននៅប្រទេសកម្ពុជា ហើយអនុវត្តតាមអនុសាសន៍របស់ថ្នាក់ដឹកនាំ។ មួយវិញទៀត ក៏ត្រូវមានការតានដានត្រួតពិនិត្យបន្ថែមពីថ្នាក់លើផងដែរ ហើយរាជរដ្ឋាភិបាលគួរមានវិធានការចម្បងមួយចំនួនដូចជា បង្កើតគណៈកម្មការត្រួតពិនិត្យ ជាដើម បើនៅមិនទាន់អនុវត្តគួរមានការសួរនាំ ហេតុអ្វីបានជាមិនអាចដោះផ្ទាំងប៉ាណូទាំងនោះបាន។ លោកថា ការតាមដានត្រួតពិនិត្យជារឿងសំខាន់ ព្រោះបើគ្មានការតាមដានទេ ការងារនេះមិនអាចទទួលបានជោគជ័យទេ

លោក សេក សុជាតិ បានលើកឡើងដែរថា រដ្ឋាភិបាលគួរមានគោលនយោបាយពាក់ព័ន្ធនឹងបញ្ហានេះឱ្យបានច្បាស់លាស់ ហើយផ្សព្វផ្សាយជាសាធារណៈ។ បន្ថែមលើនេះ គឺពង្រឹង និងប្រញាប់ចេញនូវច្បាប់ទាក់ទងនឹងការគ្រប់គ្រងគ្រឿងស្រវឹង និងភេសជ្ជៈប៉ូវកម្លាំង ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព ដើម្បីឱ្យភាគីពាក់ព័ន្ធទាំងអស់អាចមើលឃើញ ហើយដឹងថា ចំណុចណាដែលគួរកែប្រែ និងចំណុចណាដែលត្រូវការពារ។ លោកថា «ពេលមន្រ្តីរាជធានី-ខេត្តមិនអនុវត្តតាម អ៊ីចឹង..យើងមានច្បាប់ជាគោលដែលអាចដាក់បន្ទុកទៅលើពួកគាត់បាន ដូច្នេះ គោលនយោបាយ និងការពន្លឿនចេញច្បាប់គ្រប់គ្រងគ្រឿងស្រវឹង គឺជារឿងចាំបាច់ ហើយខ្ញុំគិតថា យើងគួរតែធ្វើការចាប់ផ្ដើមឱ្យបានលឿនបំផុតតាមដែលអាចធ្វើបាន»

គួរជម្រាបថា គ្រឿងស្រវឹងនៅតែជាកត្តាចម្បងមួយ ដែលនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង រហូតរាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវវិធានការមួយចំនួន មានទាំងការបន្ថែមកម្លាំងសមត្ថកិច្ចត្រួតពិនិត្យជាតិស្រវឹងនៅពេលយប់ អនុវត្តការបាញ់ល្បឿននៅតាមដងផ្លូវដែលប្រឈមមួយចំនួន និងការសម្រេចឱ្យមានការដាក់របាំងបែងចែកទ្រូងផ្លូវបន្ថែម។ល។ ចំពោះភេសជ្ជៈផ្អែមក៏ដូចគ្នា វាបានបង្កផលប៉ះពាល់ខ្លាំងដល់សុខភាពមនុស្សគ្រប់វ័យ ជាពិសេសកុមារ ខណៈថ្មីៗនេះក៏មានអ្នកដែលបានចេញមកចែករំលែកពីស្ថានភាពជំងឺរបស់ខ្លួន តាមរយៈបណ្ដាញសង្គម ជាហូរហែ និងបានអះអាងថា បណ្ដាលមកពីទទួលទានភេសជ្ជៈផ្អែមច្រើនពេក ហើយការផ្អាកផ្សព្វផ្សាយឃោសនាលើផ្ទាំងប៉ាណូ ហាក់មិនសូវចំគោលដៅទេ ព្រោះមនុស្សភាគច្រើនផ្តោតលើបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយជាវីដេអូប្រម៉ូដផលិតផលទាំងនោះប៉ុណ្ណោះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត