
របាយការណ៍របស់អគ្គស្នងការនគរបាលជាតិនៅថ្ងៃព្រហស្បតិ៍ទី១៨មករានេះបានបង្ហាញថាករណីគ្រោះថ្នាក់ចរាចរណ៍នៅពេញមួយឆ្នាំ២០២៣មានចំនួនសរុប ៣៣១៧ករណី កើនឡើង១១ភាគរយធៀបនឹងឆ្នាំ២០២២ដែលធ្លាប់មានត្រឹម ២៩៧៦ករណី។ យ៉ាងណាចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ធ្លាក់ចុះមកត្រឹម១៥៩០នាក់ពោលគឺថយចុះ៧ភាគរយពីចំនួន១៧០៩នាក់កាលពីឆ្នាំ២០២២។

របាយការណ៍ដដែលបានបន្ថែមទៀតថា ក្រៅពីចំនួនអ្នកស្លាប់ អ្នករងរបួសសរុបមានចំនួន ៤៥១៥នាក់កើនឡើង១២ភាគរយពីចំនួន៤០២៦នាក់កាលពីឆ្នាំមុន។ របាយការណ៍ប្រចាំឆ្នាំគូសបញ្ជាក់ថា មាន៤០ភាគរយនៃគ្រោះថ្នាក់ចរាចរណ៍គឺបណ្តាលមកពីការបើកបរហួសល្បឿនកំណត់ ២២ភាគរយមិនគោរពច្បាប់ចរាចរណ៍ ៩ភាគរយដោយមិនគោរពសិទ្ធិ ៩ភាគរយបត់មិនប្រយ័ត្ន ៧ភាគរយជែងមិនប្រយ័ត្ន ១២ភាគរយបណ្តាលមកពីកត្តាយានយន្ត ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងការបើកបរងងុយដេក និងកត្តាផ្សេងៗទៀត។ បើគិតជាមធ្យម គ្រោះថ្នាក់ចរាចរណ៍បានឆក់យកជីវិតពលរដ្ឋ៤នាក់ និងរបួស១២នាក់ជារៀងរាល់ថ្ងៃ។

អ្វីដែលគួរកត់សម្គាល់នោះគឺនៅត្រង់ថា ក្នុងចំណោមអ្នកស្លាប់សរុប មាន៨០ភាគរយទៅហើយ គឺជាអ្នកបើកបរម៉ូតូ ហើយ៧៣ភាគរយមិនបានពាក់មួកសុវត្ថិភាព។ សូមជម្រាថប គ្រោះថ្នាក់ចរាចរណ៍ គឺជាមូលហេតុចម្បងនៃការស្លាប់និងរបួសនៅកម្ពុជា ដែលធ្វើឱ្យកម្ពុជាខាតបង់ប្រាក់ប្រមាណ ៤៦៦លានដុល្លារក្នុងមួយឆ្នាំ។ នេះបើយោងតាមរបាយការណ៍រួមគ្នាដោយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ឬហៅកាត់ថា UNDP នៅកម្ពុជា និងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក៕



