
រាជធានីភ្នំពេញ៖ ភេសជ្ជៈផ្អែម ឬភេសជ្ជៈប៉ូវកម្លាំង នៅតែបន្តមានឥទ្ធិពលលើមនុស្សស្ទើគ្រប់វ័យ ជាពិសេសកុមារ ខណៈបច្ចុប្បន្នកុមារជាច្រើនដែលឈឺនៅមន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានគេដឹងថា បណ្ដាលមកពីទទួលទានភេសជ្ជៈផ្អែម។ ព្រោះតែបារម្ភពីសុខភាពក្មេងតូចៗ ទើបបានជាកន្លងមក ក្រសួង-ស្ថាប័នពាក់ព័ន្ធ ធ្លាប់បានចេញវិធានការឱ្យទប់ស្កាត់ការលក់ភេសជ្ជៈទាំងនោះតាមសាលារៀន ប៉ុន្តែមិនសូវមានប្រសិទ្ធភាព ពោលគឺនៅតែមានលក់ស្អេកស្កះដដែល។ មន្រ្តីសង្គមស៊ីវិល ផ្តល់វិធីមួយថ្មីថា ដើម្បីអាចចាប់បានសាលាដែលបណ្តោយឱ្យមានលក់ភេសជ្ជៈដល់សិស្សតូចៗ លុះត្រាក្រសួងអប់រំចាត់មន្រ្តីឱ្យលួចចុះទៅលបមើល គឺមិនមែនប្រាប់ទៅខាងសាលាឱ្យដឹងជាមុននោះទេ។

ក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងអប់រំ កាលពីល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបង្ហាញក្ដីបារម្ភជាថ្មី ហើយជាក្តីបារម្ភខ្លាំងជាងមុនទៅទៀត ថែមទាំងបានប្រកាសអាសន្នចំពោះការទទួលទានភេសជ្ជៈផ្អែមរបស់កុមារតូចៗនៅកម្ពុជា។ ចំពោះមុខបញ្ហានេះ សម្ដេចបានស្នើជាថ្មីឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវតែគិតគូរលើបញ្ហានេះ និងត្រូវតែរួមគ្នាទប់ស្កាត់ឱ្យបាន។ ប្រមុខរាជរដ្ឋាភិបាល បានលើកជាឧទាហរណ៍ជាក់ស្តែងថា ក្មេងៗជាច្រើននៅមន្ទីរពេទ្យគន្ធបុប្ផា មានជំងឺដោយសារទទួលទានភេសជ្ជៈផ្អែម និងភេសជ្ជៈប៉ូវកម្លាំង។
ថ្លែងប្រាប់ SBM News នៅថ្ងៃទី២៨កុម្ភៈនេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ បានបង្ហាញការគាំទ្រ ការប្រកាសអាសន្នរបស់សម្តេចនាយករដ្ឋមន្រ្តី ចំពោះការទទួលទានភេសជ្ជៈផ្អែមរបស់កុមារតូចៗ។ គាំទ្រ ក៏ព្រោះលោក យល់ថា ភេសជ្ជៈផ្អែមពិតជាបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពកុមារ និងមនុស្សទូទៅ ខណៈលោកមើលឃើញថា ការមិនត្រួតពិនិត្យឱ្យបានច្បាស់លាស់ និងការធ្វេសប្រហែសពាក់ព័ន្ធនឹងការអនុវត្តរបស់សាលារៀនមួយចំនួនទាំងរដ្ឋ និងឯកជន ដែលនៅតែបន្តអនុញ្ញាតឱ្យមានការលក់ដូរ និងចែកចាយភេសជ្ជៈផ្អែមយ៉ាងអនាធិបតេយ្យនេះ នឹងធ្វើឱ្យជះឥទ្ធិពលដល់កុមារ និងសង្គមនៅពេលអនាគត។

ដូចគ្នាដែរ លោក យង់ គិមអេង នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានយល់ស្របនឹងការលើកឡើងរបស់សម្ដេចធិបតី។ លោកលើកឡើងថា ផលប៉ះពាល់ដែលបណ្ដាលមកពីភេសជ្ជៈផ្អែមពិតជាឈានដល់កម្រិតប្រកាសអាសន្នពិតមែន ព្រោះបច្ចុប្បន្ន មានកុមារជាច្រើនបានប្រឈមមុខនឹងជំងឺទឹកនោមផ្អែម និងលាងឈាមជាហូរហែទាំងវ័យក្មេង។ បើក្រឡេកមើលទៅតាមសាលារៀនជាច្រើននៅប្រទេសកម្ពុជាវិញ ជាពិសេសសាលានៅតាមតំបន់ឆ្ងាយៗ នៅតែមានការបន្តលក់ចែកចាយភេសជ្ជៈផ្អែម ខណៈវិធានការដែលត្រូវបានដាក់ចេញពីក្រសួងអប់រំ ក៏ហាក់មិនទាន់មានប្រសិទ្ធភាពខ្ពស់ឡើយ។
ដូច្នេះដើម្បីទប់ស្កាត់ហានិភ័យសុខភាពកុមារពីភេសជ្ជៈផ្អែម ក្រៅពីការដាក់ចេញវិធានការដូចកន្លងមក លោក យង់ គិមអេង នឹកឃើញវិធីថា ក្រសួងអប់រំគួរមានវិធានការចុះត្រួតពិនិត្យតាមសាលារៀនដោយមិនឱ្យដឹងខ្លួនមុន។ លោកបញ្ជាក់ពីវិធីនេះដូច្នេះថា៖«ក្រសួងអប់រំគួរតែមានវិធានការក្នុងការចុះត្រួតពិនិត្យមិនឱ្យដឹងខ្លួនមុន ពិនិត្យមើលកន្លែងលក់ដូរតាមសាលាទាំងអស់។ ខ្ញុំបានទៅ[ផ្ទាល់]កន្លងមក យើងឃើញមានសាលាបឋឋមសិក្សាខ្លះនៅឆ្ងាយពីទីក្រុង នៅតែមានលក់[ភេសជ្ជៈផ្អែម]»។
ម្យ៉ាងទៀត លោកថែមទាំងចង់ឱ្យក្រសួងអប់រំ បង្កើតលេខទូរសព្ទបន្ទាន់ (ឬHot Line) ដើម្បីឱ្យអ្នកដែលឃើញមានភេសជ្ជៈផ្អែមលក់នៅតាមសាលារៀនអាចរាយការណ៍ភ្លាមៗ ហើយក្រសួងក៏អាចចាត់វិធានការបានទាន់ពេល ដើម្បីធានាថាភេសជ្ជៈផ្អែមនឹងមិនមានលក់នៅសាលារៀន ដែលធ្វើឱ្យសិស្សងាយនឹងរកទិញបាន។ មន្រ្តីសង្គមស៊ីវិលរូបនេះ ចង់ឃើញយុវជនជំនាន់ក្រោយ ក្លាយជាទំពាំងស្នងឫស្សីដែលមានសុខភាពមាំទាំទៅថ្ងៃអនាគត ដោយមិនចង់ឃើញពួកគេក្លាយជាទំពាំងដែលពោរពេញដោយជំងឺនោះទេ។
ជុំវិញបញ្ហាខាងលើនេះ SMB News បានផ្ញើសារតាមបណ្តាញតេឡេក្រាមទៅកាន់លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ តែលោកស្រីមិនទាន់ឆ្លើយតប។ SMB News ក៏បានហៅទូរសព្ទទៅសួរលោក កុយ វ៉ាន់នី អ្នកនាំពាក្យក្រសួងសុខាភិបាលដែរ តែលោកពុំបានលើកនោះទេ។

តើភេសជ្ជៈផ្អែម ផ្ដល់គុណវិបត្តិអ្វីខ្លះដល់សុខភាពកុមារ និងមនុស្សទូទៅ? លោកវេជ្ជបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានវេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ក្នុងកិច្ចសម្ភាសជាមួយ SBM News ថា ភេសជ្ជៈផ្អែមបានបង្កគុណវិបត្តិច្រើនណាស់ដល់សុខភាពមនុស្សទូទៅ ជាពិសេសកុមារ ដូចជាធ្វើឱ្យពុកធ្មេញ កើតជំងឺទឹកនោមផ្អែម ក្រពះពោះវៀន លើសឈាមមុនអាយុ ខូចតម្រងនោម ខូចលំពែង ជំងឺមហារីក ជំងឺធាត់ និងជំងឺជាច្រើនទៀត។ លោកក៏មើលឃើញមិនខុសពីប្រមុខរាជរដ្ឋាភិបាលដែរថា បច្ចុប្បន្នការទទួលទានភេសជ្ជៈផ្អែមរបស់កុមារ ពិតជាឈានដល់កម្រិតប្រកាសអាសន្ន។ លោកវេជ្ជបណ្ឌិតបញ្ជាក់បន្ថែមដូច្នេះថា«ខ្ញុំមើលឃើញបច្ចុប្បន្ន និន្នាការផលិតក្នុងស្រុកច្រើន ហើយការនាំចូលក៏ច្រើន ដោយក្រៅពីការលក់ចែកចាយ ក៏មានការឃោសនាដែលបន្ថែមនូវការចាប់រង្វាន់ ឬបន្ថែមនូវការឃោសនាពីផលប្រយោជន៍នៃភេសជ្ជៈទាំងនោះ ដែលប្រាសចាកពីការពិត! ដូចសម្ដេចមានប្រសាសន៍ វាជាការប្រកាសអាសន្នមួយសម្រាប់គ្រប់ស្ថាប័នទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន គ្រប់ដៃគូទាំងអស់ និងឪពុកម្ដាយត្រូវត្រួតពិនិត្យដើម្បីសុខភាពកុមារ និងយុវជនយើងទៅថ្ងៃខាងមុខ ដែលត្រូវធ្វើជាកម្លាំងរបស់ប្រទេសជាតិ ហើយបើកម្លាំងយើងសុទ្ធតែមានជំងឺ នោះហើយជាបញ្ហាប្រឈមខ្លាំង»។

មួយវិញទៀត ដើម្បីឱ្យកុមារចៀសផុតពីហានិភ័យសុខភាពទាំងវ័យក្មេង លោកវេជ្ជបណ្ឌិត នុតសម្បត្តិ យល់ថា ការអប់រំគឺជារឿងសំខាន់ ខណៈការអប់រំនេះមាន៣ដំណាក់កាលសំខាន់ៗ ១. ការអប់រំក្នុងសង្គម (ពាក់ព័ន្ធជាមួយក្រសួងអប់រំ និងក្រសួងសុខាភិបាល) ២.អប់រំក្នុងសាលារៀន (ពាក់ព័ន្ធជាមួយលោកគ្រូ អ្នកគ្រូ) ៣. ការអប់រំនៅក្នុងសង្គមគ្រួសារ (ពាក់ព័ន្ធជាមួយមាតាបិតា)។ លោកបន្តថា ការចូលរួមរបស់បុគ្គលម្នាក់ៗដូចជា គ្រួសារ សាលារៀន និងសង្គមទាំងមូលនេះហើយដែលអាចរួមចំណែកការពារ និងកាត់បន្ថយជំងឺមិនឆ្លងចំពោះកុមារ ប៉ុន្តែបើមិនចូលរួមពីពេលឥលូវនេះទេ វាអាចនឹងហួសពេលសម្រាប់៥ទៅ១០ឆ្នាំខាងមុខទៀត។
ពេលកុមារមានបញ្ហាសុខភាពទាំងវ័យក្មេង តើនឹងធ្វើឱ្យកម្ពុជាខាតបង់អ្វីខ្លះ? លោក សេក សុជាតិ អះអាងថា ប្រទេសកម្ពុជានឹងបាត់បង់ធនធានមនុស្សជំនាន់ថ្មី ហើយធ្វើឱ្យធនធានមនុស្សចុះខ្សោយ។ បើកាលណាធនធានមនុស្សកាន់តែចុះខ្សោយ នោះនឹងធ្វើឱ្យការប្រឈមរបស់សង្គមទៅថ្ងៃខាងមុខក៏មានកាន់តែច្រើនដូចគ្នាដែរ។ ដូច្នេះ លោកចាត់ទុកបញ្ហានេះ ជាហានិភ័យមួយធ្ងន់ធ្ងរ បើថ្នាក់ដឹកនាំ ឬអាជ្ញាធរមិនយកចិត្តទុកដាក់ និងលុបបំបាត់ការលក់ភេសជ្ជៈផ្អែមលើសស្តង់ដាកំណត់។ យ៉ាងណា ដើម្បីឱ្យការងារនេះត្រូវបានអនុវត្តដោយមានប្រសិទ្ធភាព លោក សេក សុជាតិ យល់ឃើញថា រាជរដ្ឋាភិបាលគួរដាក់ចេញគោលនយោបាយត្រួតពិនិត្យគុណភាព និងកំណត់ស្តង់ដាសម្រាប់ភេសជ្ជៈផ្អែមដែលចែកចាយនៅប្រទេសកម្ពុជា ជាពិសេសការលក់ឱ្យកុមារតែម្ដង។ រាល់ស្ថាប័ន ឬបុគ្គលណាដែលមិនគោរពតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល គួរមានការដាក់ពិន័យធ្ងន់ធ្ងរ ដើម្បីព្រមានកុំឱ្យពួកគាត់ប្រើប្រាស់វិធីសាស្រ្តកេងផលប្រយោជន៍ពីសាធារណជន និងកុមារ ក្រោមរូបភាពបំផ្លាញសុខភាពគេដើម្បីតែប្រយោជន៍ខ្លួនឯង។ លោកបន្ថែមថា បើសិននៅតែគ្មានការកំណត់ស្តង់ដាណាមួយច្បាស់លាស់ ហើយបើនៅតែការអនុវត្តធូរលុង និងមិនយកចិត្តទុកដាក់ដូចពេលបច្ចុប្បន្ននេះ វានឹងនៅតែជាបញ្ហាប្រឈម ហើយគ្មានលទ្ធផលណាមួយដែលអាចកែប្រែការពិតបាននោះទេ។

ត្រង់ចំណុចនេះ លោក យង់ គិងអេង អះអាងដែរថា កុមារដែលមានបញ្ហាសុខភាពទាំងវ័យក្មេង ដូចជាកើតជំងឺទឹកនោមផ្អែមជាដើម នឹងធ្វើឱ្យកម្ពុជាខាតបង់ធនធាន ហើយធ្វើឱ្យរាជរដ្ឋាភិបាលអាចចំណាយច្រើនទៅលើការដោះស្រាយបញ្ហាសុខភាព ហើយមាតាបិតាក៏ចំណាយច្រើនដូចគ្នាដែរ។ លោកគិតថា ការទប់ស្កាត់បញ្ហាភេសជ្ជៈផ្អែម ត្រូវធ្វើឱ្យមានប្រសិទ្ធភាពឱ្យខាងតែបាន ព្រោះបើធ្វើមិនបាន វានឹងធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតកុមារកាន់តែច្រើន និងអាចប៉ះពាល់កាន់តែធំដល់ការអភិវឌ្ឍជាតិទៅថ្ងៃអនាគត។

គួរជម្រាបថា មិនមែនជាលើកទី១ទេដែលប្រមុខរាជរដ្ឋាភិបាលបានបង្ហាញក្ដីបារម្ភចំពោះបញ្ហាសុខភាពរបស់កុមារ ដែលបណ្ដាលមកពីការទទួលទានភេសជ្ជៈផ្អែម។ ជុំវិញក្ដីបារម្ភនេះ ប្រមុខរាជរដ្ឋាភិបាលក៏ធ្លាប់ណែនាំរួចមកហើយ ឱ្យស្ថាប័នពាក់ព័ន្ធដាក់ចេញវិធានការការពារជាបន្តបន្ទាប់ផងដែរដើម្បីទប់ស្កាត់។ ក្រោយការណែនាំនេះ កន្លងមកគេឃើញក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាក់ស្ដែងក្រសួងសុខាភិបាល និងក្រសួងអប់រំជាដើម បានចេញសេចក្ដីណែនាំ ក៏ដូចដាក់ចេញវិធានការជារឿយៗ មានទាំងសារអប់រំពីសុខភាពដែរនៅតាមសាលារៀន បណ្ដាញសង្គម ទូរទស្សន៍ជាដើម ប៉ុន្តែត្រូវបានគេមើលឃើញថា វិធានការនេះហាក់មិនទាន់មានប្រសិទ្ធភាពច្រើននៅឡើយ ពោលគឺចំនួនកុមារមានបញ្ហាសុខភាពដោយសារការទទួលទានភេសជ្ជៈផ្អែមនៅតែបន្តមានច្រើន៕



