ខេត្តជាយដែនវៀតណាមដែលរកឃើញជនបរទេសជិត៩០ភាគរយធ្វើការដោយខុសច្បាប់កំពុងបើកវគ្គពង្រឹងការអនុវត្តច្បាប់
SBM News
28 កុម្ភៈ 2023 04:00 PM

ខេត្តស្វាយរៀង៖ ខេត្តស្វាយរៀងដែលត្រូវបានរកឃើញថាជនបរទេសជិត៩០ភាគរយ គ្មានបណ្ណការងារស្របច្បាប់លួចធ្វើការនៅកាស៊ីណូក្រុងបាវិត កាលពីពេលកន្លងទៅ ពេលនេះអាជ្ញាធរខេត្តមួយនេះ បានបើកវគ្គផ្សព្វផ្សាយស្ដីពីការងារគ្រប់គ្រងហត្ថពលកម្មបរទេសការអនុវត្តច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីអន្តោប្រវេសន៍ ជូនសហគ្រាស ឬគ្រឹះស្ថាននានាក្នុងខេត្ត។

រូបភាពពីក្រសួងព័ត៌មាន
រូបភាពពីក្រសួងព័ត៌មាន

វគ្គផ្សព្វផ្សាយដែលមានឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងតំណាង ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្ត ជាអធិបតី និងដែលបានប្រព្រឹត្តទៅនៅតំបន់សេដ្ឋកិច្ចពិសេសហ្គីហ្គារីសត ស្ថិតក្នុងស្រុកស្វាយទាប នៅព្រឹកថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៣នេះ ត្រូវបានអះអាងថា ធ្វើឡើងដើម្បីពង្រឹងការគ្រប់គ្រងជនបរទេសដែលមកប្រកបរបរ និងបម្រើការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសខេត្តស្វាយរៀង ឱ្យមានប្រសិទ្ធភាពខ្ពស់។

បើតាម លោក អ៊ូ សាខឿន ប្រធានមន្ទីរការងារបណ្តុះបណ្តាលនិងវិជ្ជាជីវ:ខេត្ត អះអាងថា ការបើកវគ្គផ្សព្វផ្សាយនាពេលនេះ មានគោលបំណងបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម និងអាជីវកម្មផ្លូវភេទ បទល្មើសពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់ ការឆបោកតាមប្រព័ន្ធអណឡាញ បទល្មើសគ្រឿងញៀន បទល្មើសសំអាតប្រាក់ ឫបទល្មើសផ្សងៗទៀតសំដៅចូលរួមចំណែកថែរក្សា សន្តិសុខ សណ្តាប់សង្គម។

កន្លងទៅ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង បានសម្រេចផាកពិន័យចំពោះសហគ្រាស ដែលមិនព្រមអនុវត្តតាមច្បាប់ស្តីពីការងារចំនួន០៣សហគ្រាស ដោយប្រមូលបានថវិកាសរុបចំនួន ៣២ ៧៦០ ០០០រៀល (សាមសិបពីលាន ប្រាំពីរហុកពាន់រៀលគត់)។

សូមបញ្ជាក់ថា កាលពីខែមករា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ ប្រកាសថាបានរកឃើញជនបរទេសជាង ៣ ៨០០នាក់ ធ្វើការនៅកាស៊ីណូក្នុងខេត្តស្វាយរៀង ក្នុងនោះ មានតែ៤៧០នាក់ប៉ុណ្ណោះ ដែលមានបណ្ណការងារ និងសៀវភៅការងារត្រឹមត្រូវស្របច្បាប់ ពោលជនបរទេសជិត៩០ភាគរយ គ្មានបណ្ណការងារស្របច្បាប់លួចធ្វើការនៅកាស៊ីណូក្រុងបាវិត។

ច្រកចូលបណ្តុំអគារពាណិជ្ជកម្មដែលមានបង្កប់កាស៊ីណូអនឡាញខុសច្បាប់ ជាប់ច្រកចូលកាស៊ីណូក្រោន ដែលមានដាក់បារ៉ាសហាមឃាត់ (ក្រុងបាវិត)
ច្រកចូលបណ្តុំអគារពាណិជ្ជកម្មដែលមានបង្កប់កាស៊ីណូអនឡាញខុសច្បាប់ ជាប់ច្រកចូលកាស៊ីណូក្រោន ដែលមានដាក់បារ៉ាសហាមឃាត់ (ក្រុងបាវិត)

ទាក់ទិននឹងហត្ថពលករបរទេសខុសច្បាប់នេះផងដែរ កន្លងទៅសមត្ថកិច្ចកម្ពុជាបានរកឃើញពួកគេត្រូវបានមេខ្យល់ មេខ្លោងនៅក្រៅប្រទេសបោកបញ្ឆោតតាមប្រព័ន្ធអនឡាញឱ្យចូលមកធ្វើការខុសច្បាប់នៅតាមទីតាំងល្បែងភ្នាល់អនឡាញខុសច្បាប់នានា រួមទាំងកាស៊ីណូនៅក្រុងបាវិត ខេត្តស្វាយរៀងផងដែរ រហូតដល់សម្ដេចក្រឡាហោម ស ខេង លើកឡើងថា សម្តេចលេចឮព័ត៌មានថា កម្ពុជាជាឋានសួគ៌នៃពួកឧក្រិដ្ឋជនជួញដូរមនុស្ស រំលោភ ធ្វើទារុណកម្ម ពិសេស គឺពាក់ព័ន្ធនឹងល្បែងអនឡាញ ខណៈរដ្ឋាភិបាលអាម៉េរិកបានដាក់កម្ពុជា ក្នុងចំណាត់ថ្នាក់លេខ៣ ដែលថារាជរដ្ឋាភិបាលកម្ពុជាគ្មានឆន្ទៈក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត