
ខេត្តបាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា លេចឮព័ត៌មានថា នៅកម្ពុជាជាកន្លែងធ្វើទារុណកម្ម ជាឋានសួគ៌នៃពួកឧក្រិដ្ឋជនជួញដូរមនុស្ស រំលោភ ធ្វើទារុណកម្ម ពិសេស គឺពាក់ព័ន្ធនឹងល្បែងអនឡាញ ហើយសម្ដេចទទួលបណ្ដឹងជិត៦០០ ពីប្រជាពលរដ្ឋតាមរយៈគណនី Facebook របស់សម្ដេចផ្ទាល់ និងផេកអគ្គស្នងការ...។

ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៥ ខេត្តបាត់ដំបង កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា សម្តេចបើកចំហគណនី ហ្វេសប៊ុក របស់សម្តេច ទទួលការរាយការណ៍ពីសំណាក់ជនរងគ្រោះ។ អ្វីដែលសម្តេចបានទទួលព័ត៌មាននោះ គឺថា មានជនរងគ្រោះមួយចំនួន ត្រូវបានគេបង្ខាំងនៅកន្លែងធ្វើការដោយឱ្យនៅតែក្នុងបន្ទប់, ខ្លះទៀតត្រូវបានគេវាយដំ, ខ្លះត្រូវបានបង្ខំឱ្យធ្វើការលើសម៉ោង, ខណៈមួយចំនួនទៀត ត្រូវគេឆបោកតាមរូបភាពកិច្ចសន្យាភូតកុហកថានឹងផ្តល់ប្រាក់ខែខ្ពស់ជាដើម។

លើសពីនេះ សម្ដេចក្រឡាហោម ទទួលដំណឹងថា ហត្ថពលករបរទេសចូលមកធ្វើការនៅប្រទេសកម្ពុជា ប្រមាណ ៨០ភាគរយ បានចូលមកដោយខុសច្បាប់ទៀតផង។ ការចូលមករបស់ហត្ថពលករបរទេសខុសច្បាប់ហើយ ថៅកែដែលទទួលពួកគេឱ្យធ្វើការ ក៏រំលោភច្បាប់ផងដែរ។ សម្តេចបន្តថា បរទេសមួយចំនួនបានប្រើប្រាស់វីសាទេសចរណ៍ចូលមកប្រទេសកម្ពុជា ហើយចូលមកធ្វើការជាហត្ថពលករដោយគ្មានបណ្ណការងារពីក្រសួងការងារ ខណៈពលករបរទេសខ្លះមានតែវីសារការងារ ប៉ុន្តែគ្មានបណ្ណការងារពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលករណីនេះ គឺពលករ និងថៅកែ សុទ្ធតែខុសនឹងច្បាប់។

ចំពោះមុខបញ្ហានេះ សម្ដេចក្រឡាហោម ស ខេង ថានឹងស្រាវជ្រាវបន្ថែមទៀតទាក់ទិននឹងអំពើបញ្ហាជួញដូរមនុស្សនេះ ដោយសម្តេចនឹងពិភាក្សាជាមួយ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម អ៊ិត សំហេង ដើម្បីបង្កើនប្រាក់ផាកពិន័យចំពោះអំពើល្មើស ខណៈសម្តេចយល់ថា ប្រសិនបើការផាកពិន័យតិចតួចពេក គឺជនប្រព្រឹត្តល្មើស (ហត្ថពលករបរទេស រួមទាំងថៅកែរបស់ពួកគេ) នឹងមិនរាងចាលនោះឡើយ។ ជុំវិញករណីបង្ខាំងមនុស្សដោយខុសច្បាប់ កន្លងទៅមានសេចក្តីរាយការណ៍ពីខេត្តព្រះសីហនុ ថាបុគ្គលិកមិនត្រូវបានឱ្យចេញក្រៅពីអគារធ្វើការ និងអគារស្នាក់នៅឡើយ បើទោះជាពួកគេចប់ម៉ោងការងារ ឬដល់ថ្ងៃឈប់សម្រាកស្របតាមច្បាប់ក៏ដោយ, បុគ្គលិកជាច្រើនត្រូវបានគេដកហូតឯកសារសំខាន់ៗ រួមមានលិខិតធ្វើដំណើរ ជាដើម។

កាលពីខែសីហាកន្លងទៅ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត ក៏បានចេញបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធខិតខំបង្រ្កាប និងទប់ស្កាត់ករណីជួញដូរមនុស្ស និងការបង្ខាំងមនុស្សនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ គឺត្រូវបិទអាជីវកម្មជាទាំងហ្លាយណាដែលពាក់ព័ន្ធការជួញដូរមនុស្ស និងនាំយកជនល្មើស និងម្ចាស់ទីតាំងដែលចូលរួមសមគំនិត មកផ្តន្ទាទោសតាមច្បាប់ឱ្យបានធ្ងន់ធ្ងរដោយគ្មានការលើកលែង។ កាលពីខែកក្កដាកន្លងទៅនោះផងដែរ រដ្ឋាភិបាលអាមេរិកបានដាក់កម្ពុជា ក្នុងចំណាត់ថ្នាក់លេខ៣ ដែលថារាជរដ្ឋាភិបាលកម្ពុជាគ្មានឆន្ទៈក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ ប៉ុន្តែសម្ដេចក្រឡាហោម ស ខេង បានឆ្លើយតបថា កម្ពុជានឹងមិនដកថយឡើយ ផ្ទុយទៅវិញគឺនឹងខិតខំរកឱ្យឃើញចំណុចខ្សោយ ដើម្បីដោះស្រាយបញ្ហានេះ។ គិតត្រឹមថ្ងៃ២៧កញ្ញា កន្លងទៅ គណៈកម្មការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស បានរកឃើញការជួញដូរមនុស្ស៣៦៨ករណី ក្នុងនោះខេត្តព្រះសីហនុ មានច្រើនជាងគេ កើតឡើងចំនួន២៤៧ករណី ពាក់ព័ន្ធមនុស្ស៥៨៦នាក់ ភាគច្រើនក្នុងវិស័យកាសុីណូ៕


