ក្រសួងមហាផ្ទៃរកឃើញជនបរទេសជិត៩០ភាគរយគ្មានបណ្ណការងារស្របច្បាប់ លួចធ្វើការនៅកាស៊ីណូក្រុងបាវិត
K
Kimhuoy Klaing
20 មករា 2023 03:00 PM

រាជធានីភ្នំពេញ៖ ក្រសួងមហាផ្ទៃបានសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេសក្នុងកាស៊ីណូ ដែលទទួលបានអាជ្ញាបណ្ណប្រកបអាជីវកម្មស្របច្បាប់មួយនៅក្រុងបាវិត ខេត្តស្វាយរៀង ហើយបានរកឃើញជនបរទេសដែលធ្វើការ នៅកាស៊ីណូនោះជាង ៣ ៨០០នាក់ ក្នុងនោះមានតែ ៤៧០នាក់ប៉ុណ្ណោះ ដែលមានបណ្ណការងារ និងសៀវភៅការងារត្រឹមត្រូវស្របច្បាប់។

សម្ដេចក្រឡាហោម ស ខេង
សម្ដេចក្រឡាហោម ស ខេង

នេះបើតាមការបញ្ជាក់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ក្នុងពិធីផ្សព្វផ្សាយការងារគ្រប់គ្រងហត្ថពលកម្មបរទេសនៅកម្ពុជា ប្រារព្ធនៅសណ្ឋាគារសុខាភ្នំពេញ។

ផ្អែកលើសភាពការណ៍នេះ សម្តេចបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកែសម្រួលសមាសភាពគណៈកម្មការអន្តរក្រសួងជំរុញ និងត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេស ដោយប្រគល់ភារកិច្ចជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើជាប្រធានគណៈកម្មការ សំដៅពង្រីកវិសាលភាពការងារនេះនៅទូទាំងប្រទេស ដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពង្រឹង និងលើកកម្ពស់ការទទួលខុសត្រូវក្នុងការបំពេញការងាររួមគ្នារបស់ក្រសួងស្ថាប័ន អាជ្ញាធរពាក់ព័ន្ធក្នុងការគ្រប់គ្រងហត្ថពលកម្មបរទេសឱ្យត្រឹមត្រូវតាមច្បាប់។

រូបតំណាង
រូបតំណាង

សម្ដេចក្រឡាហោម បានសង្កត់ធ្ងន់ថា ដោយសភាពការណ៍វិវត្តប្រែប្រួលទាំងនេះ ទាមទារឱ្យមានការពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ទាំងស្ថាប័នរដ្ឋ វិស័យឯកជន សង្គមស៊ីវិល អង្គការអន្តរជាតិ និងប្រទេសនានា ដើម្បីសហការគ្នាឱ្យបានជិតស្និទ្ធក្នុងការបង្ការទប់ស្កាត់សកម្មភាពល្មើសច្បាប់ទាំងនេះ និងសហការជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីជំរុញកំណើនសេដ្ឋកិច្ច សំដៅរក្សា និងបង្កើតឱកាសការងារ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនៅតាមប្រទេសនីមួយៗ ដើម្បីរួមគ្នាជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ និងសកលលោក។

ស្របជាមួយគ្នានេះ រាជរដ្ឋាភិបាលបានសម្រេចរៀបចំនូវយន្តការ ២ទៀត ដើម្បីជួយគាំទ្រដល់ប្រតិបត្តិការស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ដោយបានបង្កើតនូវក្រុមការងារបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស។

ការបង្កើតយន្តការទាំងពីរនេះ ត្រូវបានសម្ដេច ស ខេង អះអាងថា ដោយសារឆ្លងតាមប្រតិបត្តិការ ស្រាវជ្រាវបង្ក្រាបបទល្មើសជួញដូរមនុស្ស កងកម្លាំងមានសមត្ថកិច្ចកម្ពុជាបានរកឃើញជនបរទេសមួយចំនួន ត្រូវបានមេខ្យល់ មេខ្លោងនៅក្រៅប្រទេសបោកបញ្ឆោតតាមប្រព័ន្ធអនឡាញឱ្យចូលមកធ្វើការខុសច្បាប់នៅតាមទីតាំងល្បែងភ្នាល់អនឡាញខុសច្បាប់នានា ដែលភាគច្រើននៅខេត្តព្រះសីហនុ និងដោយពិនិត្យឃើញភាពស្មុគស្មាញ នៃល្បែងភ្នាល់អនឡាញខុសច្បាប់ និងការប្រើប្រាស់ពលកម្មបររទេសមិនស្របច្បាប់នៅតាមទីតាំងនានា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត