
ខេត្តស្វាយរៀង៖ កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបានចុះបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់សារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធគ្មានលិខិតអនុញ្ញាត ឃាត់ខ្លួនបានជនសង្ស័យជាជនជាតិចិនតៃវ៉ាន់ចំនួន០៥នាក់ ព្រមទាំងដកហូតបានគ្រឿងញៀន ២២៨៤,០៧ ក្រាម និងអាវុធ០៣ដើម នៅក្រុងបាវិត ខេត្តស្វាយរៀង ។

អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងកាលថ្ងៃទី១១ម្សិលមិញថា កាលពីថ្ងៃទី០៥និងទី០៦ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញផែននគរបាលប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាប ករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធ គ្រាប់រំសេវដោយគ្មានការអនុញ្ញត នៅចំណុចអាគារជួលស្នាក់នៅស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ឃាត់ខ្លួនបានជនសង្ស័យសរុបចំនួន០៥នាក់ ជាជនជាតិចិនតៃវ៉ាន់ និងដកហូតបានវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទកេតាមីន ចំនួន១៥កញ្ចប់ ទម្ងន់ ២២៤៥,០៦ ក្រាម ថ្នាំញៀនគ្រាប់ប្រភេទអុិចស្តាសុី ទម្ងន់ ៣៩,០១ ក្រាម ជញ្ជីងថ្លឹងថ្នាំញៀន ០៤ គ្រឿង អាវុធវែង០១ដើមគ្រាប់៩៥គ្រាប់បង់០២ អាវុធខ្លី០២ដើមគ្រាប់៨៣៣គ្រាប់បង់០៥ បំពង់ផ្ទប់សម្លេង០២ដើម ទូរសព្ទដៃ៣១គ្រឿង ឡេបថប ០១គ្រឿង លិខិតឆ្លងដែន១៩ក្បាល ប្រាក់ដុល្លារ ២០០០ដុល្លារ រថយន្ត០២គ្រឿង និងសម្ភារមួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់៕






