
ក្រុងស្វាយរៀង៖ ដោយសម្លឹងឃើញសក្ដានុពល ការលើកទឹកចិត្តជាច្រើនពីរាជរដ្ឋាភិបាល ក្រុមហ៊ុនធំៗចំនួន២នៅប្រទេសចិន បានសម្រេចចិត្តបណ្ដាក់ទុនវិនិយោគ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស«ឈីលូ» ខេត្តស្វាយរៀង នាពេលឆាប់ៗខាងមុខនេះ…។

ក្រុមហ៊ុនចិនទាំង២ រួមមាន៖ ១.ក្រុមហ៊ុន Shanghai Qixiang New Materials Technology Co.,Ltd. និង២.ក្រុមហ៊ុន Runze Packaging Materials Co,.Ltd.។ ក្រុមហ៊ុនទាំង២ បានសម្រេចចិត្តចុះហត្ថលេខាលើកិច្ចព្រមព្រៀងបោះទុនវិនិយោគ ក្នុងតំបន់សេដ្ឋកិច្ចពិសេស«ឈីលូ» ខេត្តស្វាយរៀង កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសដំណើរទស្សនកិច្ចការងាររបស់លោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នៅខេត្តសានទុង និងនៅក្រុង ហ្ស៊ីបូ Zibo នៃសាធាររដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៥-២៧ ខែឧសភា។

ក្នុងកិច្ចប្រជុំសំខាន់ៗជាមួយថ្នាក់ដឹកនាំខេត្ត-ក្រុងសម្ព័ន្ធមិត្តនៅទីក្រុងជីណាន ខេត្តសានទុង និងជាមួយក្រុមអ្នកវិនិយោគចិន លោក ប៉េង ពោធិ៍សា បានធ្វើបទបង្ហាញ ស្តីពីសក្តានុពលរបស់ខេត្តស្វាយរៀង ដើម្បីទាក់ទាញឱ្យមានការវិនិយោគ។ លោកបានប្រកាសស្វាគមន៍ ចំពោះក្រុមហ៊ុនចំនួន២ ដែលបានប្តេជ្ញាចិត្តក្នុងការដាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ នាពេលឆាប់ៗខាងមុខ ស្តែងឱ្យឃើញកាន់តែច្បាស់ នូវការជឿជាក់ពីសំណាក់ក្រុមអ្នកវិនិយោគមកលើរាជរដ្ឋបាលកម្ពុជា ដែលជាការបោះជំហានទៅមុខក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍឧស្សាហកម្មនៅក្នុងខេត្ត៕





