
ក្រុងស្វាយរៀង៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសមួយចំនួននៅខេត្តស្វាយរៀង ដើម្បីក្តាប់យកព័ត៌មានវឌ្ឍនភាព និងបញ្ហាប្រឈមផ្សេងៗរបស់វិស័យឯកជន...។

ក្នុងពេលចុះពិនិត្យជាក់ស្តែង លោក ជា វុទ្ធី មើលឃើញតំបន់សេដ្ឋកិច្ចពិសេសទាំង១៣ ដែលកំពុងដំណើរការនៅខេត្តស្វាយរៀង បាននិងកំពុងអភិវឌ្ឍ និងបន្តរីកចម្រើនគួរជាទីកត់សម្គាល់ ជាពិសេស បានដើតួនាទីជាក្បាលម៉ាស៊ីន ក្នុងការស្រូបយកវិនិយោគដ៏មានប្រសិទ្ធភាព និងបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជា។ លោកបានគូសបញ្ជាក់ទៀតថា តំបន់សេដ្ឋកិច្ចពិសេសមួយចំនួនក៏កំពុងមមាញឹកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការសាងសង់រោងចក្រ ដែលនឹងចាប់ផ្តើមដំណើររការនៅពេលឆាប់ៗខាងមុខ ដោយមានតម្រូវការកម្មករនិយោជិតរាប់ពាន់កន្លែង ជាឱកាសជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសចំពោះបងប្អូនដែលទើបវិលត្រឡប់មកពីប្រទេសថៃ។

ទន្ទឹមគ្នា តំបន់សេដ្ឋកិច្ចពិសេសថ្មីៗមួយចំនួន ដូចជា៖ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ហ័រស៊ាង អ៊ិនធើណេសិនណល់ មានសហគ្រាសវិនិយោគខ្លះ កំពុងផលិតនូវផលិតផលពាក់កណ្តាលសម្រេច និងនាំចេញទៅប្រទេសចិនវិញ ដើម្បីផលិតជាផលិតផលសម្រេច។ នេះក៏ជាសញ្ញាណថ្មីមួយបន្ថែមទៀតសម្រាប់វិស័យឧស្សាហកម្មនៅកម្ពុជា។ បើតាមលោក ជា វុទ្ធី សមិទ្ធផលដែលក្រុមហ៊ុនអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសសម្រេចបាននេះ បានបញ្ជាក់ឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ជាពិសេស ឆន្ទៈខ្ពស់ និងទំនុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា៕




