
រាជធានីភ្នំពេញ៖ បញ្ហាប្រឈមមួយចំនួន ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចួបប្រទះ គឺកាស៊ីណូ ក្លឹបកម្សាន្ត និងជនបរទេសមួយចំនួន នៅតែបន្តលាក់បាំងហត្ថពលករបរទេស ដោយពួកគេព្យាយាមលាក់បាំង។ នេះជាការលើកឡើងរបស់ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងក្នុងពិធីផ្សព្វផ្សាយការងារគ្រប់គ្រងហត្ថពលកម្មបរទេសនៅកម្ពុជា នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣...។

រដ្ឋមន្រ្តីក្រសួងការងារ បានគូសបញ្ជាក់ថា ការលួចឆ្លងដែនរបស់ជនបរទេសខុសច្បាប់ តាមមេខ្យល់ ល្បែងអនឡាញ ការប្រកាសផ្សព្វផ្សាយការងារបោកប្រាស់ និងចំណុចខ្សោយនៃកិច្ចសហការរវាងអាជ្ញាធរ និងស្ថាប័ន ក៏ជាបញ្ហាប្រឈមដែលអាជ្ញាធរកំពុងចួបប្រទះផងដែរ។ ក្នុងការធ្វើអធិការកិច្ចហត្ថពលកម្មបរទេសក្នុងកាស៊ីណូដែលទទួលបានអាជ្ញាបណ្ណប្រកបអាជីវកម្មស្របច្បាប់មួយនៅក្រុងបាវិត ខេត្តស្វាយរៀង អជ្ញាធរបានរកឃើញជនបរទេស ដែលធ្វើការនៅកាស៊ីណូនេះជាង៣៨០០នាក់ ក្នុងនោះមានតែ៤៧០នាក់ប៉ុណ្ណោះ ដែលមានបណ្ណការងារ និងសៀវភៅការងារត្រឹមត្រូវស្របច្បាប់។

រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញអធិការកិច្ចតាមសហគ្រាស គ្រឹះស្ថានកាស៊ីណូ ក្លឹបកម្សាន្ត សំដៅប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទជាដើម។ ទន្ទឹមនឹងនេះ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី កាលពីខែធ្នូ ឆ្នាំ២០២២ កន្លងទៅ បានណែនាំដល់គណៈកម្មការអន្ដរក្រសួង ត្រូវជំរុញ និងត្រួតពិនិត្យការងារធ្វើអធិការកិច្ចហត្ថពលកម្មបរទេស គណៈបញ្ជាការដឹកនាំប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងក្រុមការងារបង្ក្រាបល្បែងស៊ីសង់ខុសច្បាប់ ត្រូវធ្វើឱ្យមានប្រសិទ្ធភាព សំដៅពង្រឹងការអនុវត្តច្បាប់ការងារ នៅកម្ពុជា។
ពេលនោះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការអន្ដរក្រសួងជំរុញ និងត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេស បានថ្លែងប្ដេជ្ញាចិត្តបំពេញការងារធ្វើអធិការកិច្ចហត្ថពលកម្មបរទេសឱ្យមានប្រសិទ្ធិខ្ពស់។ ក្នុងពិធីផ្សព្វផ្សាយការងារគ្រប់គ្រងហត្ថពលកម្មបរទេសនៅកម្ពុជា សម្ដេចក្រឡាហោម បានអំពាវឱ្យបណ្តាប្រទេសនានា រួមគ្នាស្រាវជ្រាវបង្ក្រាបបណ្តាញមេខ្យល់ ដែលប្រព្រឹត្តបទល្មើស សំដៅកាត់ផ្ដាច់អំពើជួញដូរមនុស្សគ្រប់ទម្រង់។

សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា ក្នុងឆ្នាំ២០២២ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចកំពុងជាប់ដៃប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងដោះស្រាយវិបត្តិដែលបណ្តាលមកពីទឹកជំនន់ ទឹកភ្លៀងពេលកន្លងមក ប៉ុន្ដែពួកឧក្រិដ្ឋជនបានឆ្លៀតឱកាសប្រព្រឹត្តបទល្មើស បោកតាមប្រព័ន្ធអនឡាញ ដើម្បីទាក់ទាញជនបរទេសឱ្យប្រព្រឹត្តបទល្មើសខុសច្បាប់ និងទាក់ទាញពលករបរទេសឱ្យចូលមកធ្វើការនៅកម្ពុជា ក្រោមរូបភាពផ្តល់កម្លាំងពលកម្មក្នុងតម្លៃខ្ពស់ជាដើម។

កន្លងទៅ អាជ្ញាធរកម្ពុជា បានបិទក្រុមហ៊ុនដែលប្រព្រឹត្តល្មើស ចំនួន៥ ព្រមទាំងផ្អាកអាជីវកម្មចំនួន៤ក្រុមហ៊ុន។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីអាជ្ញាធរទទួលបានពាក្យបណ្តឹងចំនួន៧០៧ករណី នៃការជួញដូរមនុស្ស ជួញដូរពលរកម្មមនុស្ស និងពលកម្មផ្លូវភេទ ដែលរបាយការណ៍នេះ គិតត្រឹមខែមករា ឆ្នាំ២០២៣។ អាជ្ញាធរកម្ពុជា បានឆែកឆេរកឃើញចំនួន៤៤៥ករណី មានជនបរទេសចំនួន១០៣៥នាក់ ឃាត់ខ្លួនជនសង្ស័យចំនួន ១២០នាក់ នៃ៤សញ្ជាតិ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់៕


