
ភ្នំពេញ៖ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី ណែនាំដល់គណៈកម្មការអន្ដរក្រសួង ត្រូវជំរុញ និងត្រួតពិនិត្យការងារធ្វើអធិការកិច្ចហត្ថពលកម្មបរទេស គណៈបញ្ជាការដឹកនាំប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងក្រុមការងារបង្ក្រាបល្បែងស៊ីសង់ខុសច្បាប់ ត្រូវធ្វើឱ្យមានប្រសិទ្ធិភាព។

សម្តេចណែនាំបែបនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចរាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការបង្កើតគណៈកម្មការអន្ដរក្រសួង ជំរុញ និងត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេស នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្ដែងការកោតសរសើរចំពោះថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អាជ្ញាធរ កម្លាំងមានសមត្ថកិច្ចនានា និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត បានខិតខំប្រឹងប្រែងចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេសនាពេលកន្លងមក សំដៅពង្រឹងការអនុវត្តច្បាប់ការងារ នៅកម្ពុជា។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការអន្ដរក្រសួងជំរុញ និងត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេស បានថ្លែងប្ដេជ្ញាចិត្តបំពេញការងារធ្វើអធិការកិច្ចហត្ថពលកម្មបរទេសឱ្យមានប្រសិទ្ធិខ្ពស់។

សូមជម្រាបថា គណៈកម្មការអន្ដរក្រសួងជំរុញ និងត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេសដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អមដោយអនុប្រធាន៦រូប និងសមាជិក១៤រូប។ គណៈកម្មការអន្តរក្រសួងនេះ បង្កើតឡើងក្នុងគោលបំណងដើម្បីដឹកនាំពង្រឹងការងារអធិការកិច្ចហត្ថពលកម្មបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងដើម្បីជំរុញការងារអធិការកិច្ចហត្ថពលកម្មបរទេស និងផ្សព្វផ្សាយគោលការណ៍ វិធានការពាក់ព័ន្ធនៅតាមសហគ្រាស គ្រឹះស្ថាន កាស៊ីណូ ក្លឹបកម្សាន្តនានា។

នៅក្នុងច្បាប់ស្តីពីការងារ និង ការប្រើប្រាស់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ “កូតា” គឺជាលិខិតអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេស។ ហើយកូតា ក៏ជាឯកសារចាំបាច់សម្រាប់ស្នើសុំប័ណ្ណការងារជូនបុគ្គលិកបរទេស។ មានម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន មួយចំនួនបានមើលរំលងភារកិច្ចមួយនេះ។ យោងតាមសេចក្តីប្រកាសលេខ ១៩៦ ក.ប/ប្រ.ក របស់ក្រសួងការងារ គ្រប់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ដែលមានបំណង និងកំពុងប្រើប្រាស់ហត្ថពលកម្មបរទេស មានកាតព្វកិច្ចដាក់សំណើសុំការអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេស (កូតា) ទៅកាន់ក្រសួង។ ការដាក់សំណើសុំការអនុញ្ញាតកូតាត្រូវធ្វើឡើងជារៀងរាល់ឆ្នាំពីខែកញ្ញាដល់ខែវិចិ្ឆកា។ ចំពោះការខកខានមិនបានស្នើសុំការអនុញ្ញាតនិងប្រើប្រាស់ហត្ថពលកម្មបរទេស(កូតា)ក្រសួងនឹងចាត់វិធានការផាកពិន័យតាមទោសប្បញ្ញត្តិ ក្នុងជំពូកទី១៦នៃច្បាប់ស្ដីពីការងារ៕


