អាជ្ញាធរកម្ពុជាទុកពេលបីខែឱ្យក្រុមហ៊ុនឯកជនរាយការណ៍ពាក់ព័ន្ធនឹងហត្ថពលករបរទេសមុនពេលអាជ្ញាធរចុះអនុវត្តច្បាប់
SBM News
24 មីនា 2023 07:00 AM

ភ្នំពេញ៖ អាជ្ញាធរកម្ពុជាទុកពេលបីខែឱ្យក្រុមហ៊ុនឯកជនដែលពាក់ព័ន្ធនឹងហត្ថពលករបរទេសធ្វើស្វ័យរបាយការណ៍បញ្ជូនមកអាជ្ញាធរ មុនពេលអាជ្ញាធរចុះអនុវត្តច្បាប់។ នេះបើតាមការលើកឡើងរបស់ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

នៅមុខបណ្តាអង្គទូតនានាប្រចាំកម្ពុជា មន្ត្រីថ្នាក់ជាតិ និងមន្ត្រីថ្នាក់ក្រោមជាតិមកពីគ្រប់បណ្តាខេត្ត ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ រដ្ឋមន្ត្រីមហាផ្ទៃ ដែលធ្លាប់បានអំពាវឱ្យបណ្តាប្រទេសនានា រួមគ្នាស្រាវជ្រាវបង្ក្រាបបណ្តាញមេខ្យល់ដែលប្រព្រឹត្តបទល្មើសបានគូសបញ្ជាក់ថា ករណីក្រុមហ៊ុនឯកជនមិនព្រមរាយការណ៍ ហើយសមត្ថកិច្ចមានព័ត៌មានពាក់ព័ន្ធនឹងបញ្ហាហត្ថពលករបរទេសខុសច្បាប់ នោះសមត្ថកិច្ចមានលទ្ធភាពគ្រប់គ្រាន់តាមផ្លូវច្បាប់ក្នុងការចុះត្រួតពិនិត្យ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីមហាផ្ទៃ អំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ វិស័យឯកជន រួមទាំងពលរដ្ឋទូទៅ ឱ្យចូលរួមប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស យ៉ាងហោចណាស់ផ្តល់ព័ត៌មានមកកាន់សមត្ថកិច្ច។ ទន្ទឹមនឹងនេះ សម្តេច ស ខេង ណែនាំឱ្យសមត្ថកិច្ចទទួលព័ត៌មានទាំងនោះមកចាត់ចែង ហើយត្រូវតែការពារសុវត្ថិភាពអ្នកផ្តល់ព័ត៌មាន។ ព្រោះថាបើទទួលបានព័ត៌មានហើយប៉ុន្តែមិនចាត់ចែង និងមិនការពារសុវត្ថិភាពជូនអ្នករាយការណ៍ទេនោះ នឹងគ្មានអ្នកណាហ៊ានចូលរួមរាយការណ៍អំពីបញ្ហានេះឡើយ ខណៈសមត្ថកិច្ចពិតជាត្រូវការព័ត៌មានទាំងនេះ ដើម្បីអនុវត្តច្បាប់ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

សម្ដេច ស ខេង ដែលតែងប្រកាសបើកចំហគណនីហ្វេសប៊ុក ទទួលការរាយការណ៍ពីសំណាក់ជនរងគ្រោះ កាលពីឆ្នាំ២០២២ ធ្លាប់ទទួលបានព័ត៌មានថា នៅកម្ពុជាជាកន្លែងធ្វើទារុណកម្ម ជាឋានសួគ៌នៃពួកឧក្រិដ្ឋជនជួញដូរមនុស្ស រំលោភ ធ្វើទារុណកម្ម ពិសេស គឺពាក់ព័ន្ធនឹងល្បែងអនឡាញ ហើយសម្ដេចទទួលបណ្ដឹងជិត៦០០ ​ពីប្រជាពលរដ្ឋ តាមរយៈគណនីហ្វេសប៊ុករបស់សម្ដេចផ្ទាល់ និងផេកអគ្គស្នងការ ជនរងគ្រោះមួយចំនួន ត្រូវបានគេបង្ខាំងនៅកន្លែងធ្វើការដោយឱ្យនៅតែក្នុងបន្ទប់, ខ្លះទៀតត្រូវបានគេវាយដំ, ធ្វើការលើសម៉ោង, ត្រូវគេឆបោកតាមកិច្ចសន្យាភូតកុហកថានឹងផ្តល់ប្រាក់ខែខ្ពស់ជាដើម។ ខេត្តព្រះសីហនុ ត្រូវបានរកឃើញថា កើតឡើងច្រើនករណីជាងគេ ដែលភាគច្រើនក្នុងវិស័យកាស៊ីណូ។ ទន្ទឹមនឹងនេះ ខេត្តស្វាយរៀង ត្រូវបានរកឃើញជនបរទេសជិត ៩០ភាគរយ ធ្វើការដោយខុសច្បាប់។

ក្រោយពេលមានការរកឃើញ ហត្ថពលករបរទេសចូលមកធ្វើការក្នុងប្រទេសកម្ពុជា ប្រមាណ៨០ភាគរយ បានចូលមកដោយខុសច្បាប់ គ្មានបណ្ណការងារពីក្រសួងការងារ រដ្ឋមន្រ្តីក្រសួងការងារ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អាជ្ញាធរ កម្លាំងមានសមត្ថកិច្ចនានា ត្រូវបានរដ្ឋមន្ត្រីមហាផ្ទៃ ជំរុញឱ្យប្រឹងប្រែងចុះធ្វើអធិការកិច្ចហត្ថពលកម្មឱ្យមានប្រសិទ្ធភាព។ រដ្ឋមន្រ្តីក្រសួងការងារ លើកឡើងថា កាស៊ីណូ ក្លឹបកម្សាន្ត និងជនបរទេសមួយចំនួន នៅតែបន្តលាក់បាំងហត្ថពលករបរទេស ដែលនេះជាបញ្ហាប្រឈមដែលក្រសួងការងារបានចួប។ ប៉ុន្តែយ៉ាងណា រដ្ឋមន្រ្តីដដែលរូបនេះ ក៏បានប្ដេជ្ញាចិត្តបំពេញការងារធ្វើអធិការកិច្ចហត្ថពលកម្មបរទេសឱ្យមានប្រសិទ្ធិខ្ពស់ផងដែរ។

កន្លងទៅ អាជ្ញាធរកម្ពុជា បានបិទក្រុមហ៊ុនដែលប្រព្រឹត្តល្មើស ចំនួន៥ និងផ្អាកអាជីវកម្មចំនួន៤ក្រុមហ៊ុន ដែលក្នុងនោះ ជនសង្ស័យចំនួន ១២០នាក់ នៃ៤សញ្ជាតិ ត្រូវបានចាត់វិធានការច្បាប់ (គិតត្រឹមខែមករា ឆ្នាំ២០២៣)។ ចំណាត់ការនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលអាមេរិកបានដាក់កម្ពុជាជាប្រទេសគ្មានឆន្ទៈក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលក្រោយមក សម្ដេច ស ខេង បានឆ្លើយតបថា កម្ពុជានឹងមិនដកថយឡើយលើការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហើយមកទល់នឹងពេលនេះ រាជរដ្ឋាភិបាលកម្ពុជា នៅតែរក្សាឆន្ទៈនយោបាយក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះ។ សម្តេចក្រឡាហោម ស ខេង ប្រាប់បណ្តាទូតនានាថា សមត្ថកិច្ចកម្ពុជាបានបង្ក្រាបករណីជួញដូរមនុស្សបានជាច្រើន ប៉ុន្តែមន្ត្រីថ្នាក់ក្រោមជាតិមិនព្រមរាយការណ៍មកថ្នាក់ជាតិ៕

ឯកឧត្តម អ៊ិត សំហេង
ឯកឧត្តម អ៊ិត សំហេង
អគារខ្មៅ ឬជីងប៉ី៤ ដែលប្រជាពលរដ្ឋអះអាងថា មានបើកកាស៊ីណូអនឡាញខុសច្បាប់ (ឯកសារ ក្រុងព្រះសីហនុ)
អគារខ្មៅ ឬជីងប៉ី៤ ដែលប្រជាពលរដ្ឋអះអាងថា មានបើកកាស៊ីណូអនឡាញខុសច្បាប់ (ឯកសារ ក្រុងព្រះសីហនុ)
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត