លោកជំទាវ ជូ ប៊ុនអេង៖ ទោះបីឆ្នាំ២០២១មានជំងឺកូវីដ-១៩ រាតត្បាត តែអាជ្ញាធរបង្រ្កាបបទល្មើសជួញដូរមនុស្សបានច្រើនជាងរាល់ៗឆ្នាំ
SoKeng
12 សីហា 2022 03:00 PM

(រាជធានីភ្នំពេញ)៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ​ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី «ស្ថានភាពនៃការជួញដូរមនុស្សនៅកម្ពុជា» នាព្រឹកថ្ងៃទី១២ ខែសីហាថា ក្នុងឆ្នាំ២០២១ គឺជាឆ្នាំដែលអាជ្ញាធរ បានបង្រ្កាប​បទល្មើសនៃការជួញដូរមនុស្សបានច្រើនជាងឆ្នាំមុនៗទៅទៀត ទោះបីកាលនោះ កម្ពុជាមានការរាតត្បាតនៃជំងឺកូវីដ-១៩ ខ្លាំងក្ដី​...។

«ឆ្នាំ២០២១ គឺជាឆ្នាំដែលបង្រ្កាបបានច្រើនជាងឆ្នាំណាៗទាំងអស់ ថ្វីដ្បិតកំពុងតែប្រឈមការរាតត្បាតនៃជំងឺកូវីដ-១៩ ការបង្រ្កាបបទល្មើសការជួញដូរមនុស្សនៅឆ្នាំនោះ គឺជាការបង្គ្រាបបង្ការទប់ស្កាត់[..] យើងចាប់ផ្តើមធ្វើការទប់ស្កាត់នូវការឆ្លងដែនខុសច្បាប់ ដោយសារយើងយល់ថា ការដែលគេបិទប្រទេសគ្រប់កន្លែងនេះ តើគេចេញទៅធ្វើអី[..] វាមានតែជនល្មើសដែលធ្វើការខុសច្បាប់...» នេះជាការលើកឡើងរបស់លោកជំទាវ ជូ ប៊ុនអេង ដោយអះអាងថា នៅក្នុងឆ្នាំ២០២១ អាជ្ញាធរបង្រ្កាបបទល្មើសជួញដូរមនុស្សបានចំនួន​៣៥៩ករណី ពោលគឺកើនឡើងមួយទ្វេជាពីរ ខណៈក្នុងឆ្នាំ២០១៩បង្រ្កាបបានតែ១៥៥ករណីប៉ុណ្ណោះ។

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ​
លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ​

បើតាមលោកជំទាវរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងឆ្នាំ២០២១ អាជ្ញាធរសង្រ្គោះជនរងគ្រោះបានចំនួន​១៥៧៧នាក់ មានការកើនឡើងបើធៀបនឹងឆ្នាំ២០១៩ សង្គ្រោះជនរងគ្រោះបានចំនួន៤៦៧នាក់។ ជាមួយគ្នានេះ អាជ្ញាធរបានឃាត់ខ្លួនជនល្មើស​ និងបានបញ្ជូនសំណុំរឿងទៅតុលាការចំនួន៥៣៨ករណី​ បើធៀបនឹងឆ្នាំ២០១៩ មានចំនួន១៩៣ករណី។ លោកជំទាវ ជូ ប៊ុនអេង បានរៀបរាប់ដូច្នេះថា៖ «យើងសប្បាយចិត្តណាស់ និងមានមោទកភាព ថា​នៅក្នុងឆ្នាំ២០២១ និងដើមឆ្នាំ២០២២ យើងពិតជាទទួលបាននូវការវាយតម្លៃដ៏ល្អមួយ ពីព្រោះយើងប្រឹងប្រែង ហើយអនុសាសន៍ទាំងឡាយ ដែលសហរដ្ឋអាម៉េរិកវាយតម្លៃ គឺយើងដាក់ចូលក្នុងផែនការជាតិ[..] ដែលយើងឆ្លើយតប និងប្រឹងប្រែងធ្វើ..»

លោកជំទាវ ជូ ប៊ុនអេង អះអាងថា កម្ពុជាកំពុងតែរៀបចំនូវផែនការប្រតិបត្តិការពិសេស សម្រាប់ការស្រាវជ្រាវរកនូវទីតាំង ដែលបង្កប់នូវបទល្មើសជួញដូរមនុស្ស ដែលមាននៅលើទឹកដីកម្ពុជា។ «តែសុំទោសពេលដែលយើងប្រតិបត្តិការ មិនមែនជាពេលវេលាដែលត្រូវចង្អុលបង្ហាញថា កន្លែងនេះមានជនល្មើស កន្លែងនេះ មានបទល្មើសទេ ពីព្រោះយើងមានពេលខ្លះគេហៅថា វិធីសាស្រ្ដ ឬក៏នីតិវិធីនៅក្នុងការបង្រ្កាប យើងអត់វៃស្មៅបង្អើលពស់ទេ ប៉ុន្តែយើងចាំមើល..។  យើងគ្រាន់តែប្រាប់ថា យើងមានកិច្ចប្រតិបត្តិការទូទាំងប្រទេស» នេះជាការលើកឡើងរបស់លោកជំទាវ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

លោកជំទាវ ជូ ប៊ុនអេង​ បានបង្ហាញភាពតក់ស្លុតចំពោះអាម៉េរិក ដែលបានវាយតម្លៃកម្ពុជា ថាជាប្រទេសមានចំណាត់ថ្នាក់លេខ៣ ជាប្រទេសដែលមានការជួញដូរមនុស្ស ទាំងដែលកម្ពុជាកំពុងតែខិតខំសហការជាមួយនឹងប្រទេសជិតខាង ក្នុងការប្រឹងប្រែងបង្រ្កាប និងទប់ស្កាត់ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត