បទល្មើសជួញដូរមនុស្សកើនឡើង គ.ជ.ប.ជ អំពាវនាវឱ្យសមត្ថកិច្ចចម្រុះបង្កើនប្រសិទ្ធភាពទប់ស្កាត់ កុំចាំបទល្មើសកើតទើបបង្ក្រាប
S
Soriya Sou
8 ម៉ោងមុន

រាជធានីភ្នំពេញ៖ គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានអំពាវនាវឱ្យសមត្ថកិច្ចចម្រុះ និងស្ថាប័នពាក់ព័ន្ធ ស្រាវជ្រាវរកគំនិតផ្តួចផ្តើម និងវិធីសាស្ដ្រដែលមានប្រសិទ្ធភាព ដើម្បីបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទឱ្យបានទាន់ពេលវេលា កុំរង់ចាំបទល្មើសកើតហើយទើបបង្ក្រាប…។

<br />

ការអំពាវនាវនេះ កើតឡើងបន្ទាប់ពីរយៈពេល៦ខែនៃឆ្នាំ២០២៦ អាជ្ញាធរកម្ពុជា បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ បានចំនួន១១២ករណី សង្គ្រោះជនរងគ្រោះចំនួន៥៨១នាក់ ដែលចំនួននេះ បានកើនឡើង១៣ករណី ស្មើ១៣,១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានឱ្យដឹងថា បទល្មើសជួញដូរមនុស្សលែងជាបទល្មើសប្រពៃណី និងដាច់ដោយឡែកទៀតហើយ ពោលគឺកាន់តែស្មុគស្មាញ និងប្រទាក់ក្រឡាកាន់តែស៊ីជម្រៅជាមួយបទល្មើសដទៃ ដែលឧក្រិដ្ឋជនកាន់តែមានជំនាញ និងកលល្បិចខ្ពស់ ហើយមានបណ្តាញកាន់តែទូលំទូលាយ គួបផ្សំនឹងការប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបដើម្បីឆបោក អូសទាញ ជនរងគ្រោះបានកាន់តែងាយស្រួល និងពិបាករកភស្តុតាងដាក់បន្ទុក ឬបង្ក្រាប។
 

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)។
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)។

ក្នុងន័យនេះ គ.ជ.ប.ជ សំណូមពរ និងទាមទារឱ្យអ្នកពាក់ព័ន្ធ ស្រាវជ្រាវរកគំនិតផ្តួចផ្តើម និងវិធីសាស្ដ្រដែលមានប្រសិទ្ធភាព បង្ការទប់ស្កាត់បទល្មើសទាំងនេះឱ្យបានទាន់ពេលវេលា និងមិនរង់ចាំបទល្មើសកើតហើយ ទើបបង្ក្រាបនោះទេ។ គ.ជ.ប.ជ ក៏ទាមទារឱ្យមានការបង្កើនសមត្ថភាព និងការគាំទ្រដល់មន្ត្រីដែលសកម្ម និងមានការទទួលខុសត្រូវ ព្រមទាំងដាក់ពិន័យចំពោះមន្ត្រីដែលនៅតែចូលរួមបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចគ្រប់ថ្នាក់ អាចបង្កភាពរងគ្រោះដល់ប្រជាជន និងប្រទេសជាតិ។ សំណូមពររបស់ គ.ជ.ប.ជ ស្របនឹងប្រសាសន៍របស់លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស កាលពីថ្ងៃទី៤ ខែសីហា ដែលបានផ្ដល់គោលការណ៍ណែនាំដល់សមត្ថកិច្ចចម្រុះបង្កើនកិច្ចសហការស្រាវជ្រាវ និងបង្ក្រាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទឱ្យបានម៉ឺងម៉ាត់ និងរិះរកវិធីសាស្ដ្រថ្មីៗ ដើម្បីជំរុញប្រសិទ្ធភាពលើការងារផ្សព្វផ្សាយអប់រំ៕

លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត