រថយន្តជិត៧ពាន់គ្រឿងបានបង់ពន្ធអាករជូនគយ ខណៈ​ថ្ងៃអនុគ្រោះពន្ធ​នឹងផុតនៅខែចុងខែមិថុនា
SoKeng
4 ឆ្នាំមុន

(រាជធានីភ្នំពេញ)៖ ក្នុងចំណោមរថយន្តគ្មានពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗ ទាំងចង្កូតឆ្វេង និងចង្កូតស្តាំចំនួនជាង១ម៉ឺនគ្រឿង​ មានរថយន្តចំនួន​៦,៩២២គ្រឿងហើយដែលចូលខ្លួនមក​បង់ពន្ធអាករ​ និងកក់ប្រាក់​។ ឯកឧត្តម គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន «ស្តីពីវឌ្ឍនភាពនៃការងារប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ជ្រកក្រោមផ្លាកលេខផ្សេងៗ» កាលពីព្រឹកថ្ងៃទី០៤ ខែឧសភា។

ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា

ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានលើកឡើងថា ចំណូលដែលគយប្រមូលបានពីរថយន្តគ្មានពន្ធ​ជិត​៧ពាន់គ្រឿងនោះ គឺមានសរុបចំនួន៦០លានដុល្លារអាម៉េរិក។​ បើតាមឯកឧត្តម គុណ ញឹម​ ក្នុងចំណោមរថយន្តជិត​៧ពាន់គ្រឿងដែលបានបង់ពន្ធរួច គឺ​មានរថយន្ត៤៦៩០គ្រឿងបានបង់ពន្ធ និងបង្វែរប្រាក់កក់ ទៅជាប្រាក់ពន្ធចូលជាតិចំនួន៤៦លានដុល្លារ ហើយបានទទួលបង្កាន់ដៃសម្រាប់ចុះបញ្ជី​ទៅធ្វើស្លាកលេខស្របច្បាប់។ ក្នុងចំណោមរថយន្តជាង៤ពាន់គ្រឿងដែលបង់ពន្ធចូលរដ្ឋ គឺមានរថយន្តចង្កូតស្តាំចំនួន២៣៥៩បានកែចង្កូតពីស្តាំមកឆ្វេង។

ទន្ទឹមនោះ នៅសល់តែរថយន្តចំនួន២២៣២គ្រឿងទៀត ដែលកំពុងស្ថិតក្នុងដំណើរកែចង្កូត ក្នុងរោងជាង ឬយាន្តដ្ឋានកែចង្កូតផ្សេងៗនៅភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន។ ឯកឧត្តម គុណ ញឹម បានបញ្ជាក់ថា រថយន្តដែលបានកក់ប្រាក់ ដែលមិនទាន់អាចបង្វិលទៅជាប្រាក់ពន្ធអាករចូលរដ្ឋមានចំនួនជាង១៣លានដុល្លារ។ អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអះអាងថា រថយន្តចាស់ៗដែលចូលខ្លួនមកបង់ពន្ធ​​ គឺគយ​បានបន្ធូរបន្ថយតម្លៃពន្ធចំនួន​៣០ភាគរយក្នុងតារាងតម្លៃសម្រាប់ពិចារណាប្រើប្រាស់ជាមូលដ្ឋាន​ក្នុងការគណនាពន្ធអាករ។ ចំណែករថយន្តដែលមានស៊េរីទាប និងមានសភាពចាស់ខ្លះ ក៏គយបានបន្ធូរបន្ថយ​បង់​ដល់ទៅ​៥០​ភាគរយដែរ។

សម្រាប់​៤ខែដើមឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ ក៏បានបង្រា្កបរថយន្តដែលគ្មានពន្ធបានចំនួន១៧៨គ្រឿង ក្នុងនោះមានរថយន្តចង្កូតស្តាំចំនួន៧គ្រឿង គិតជាប្រាក់ពន្ធមានចំនួន៦៥ម៉ឺនដុល្លារ។​ ទន្ទឹមនឹងត្រូវបង់ពន្ធអាករ ម្ចាស់រថយន្ត​ក៏ត្រូវរងពិន័យ​ពីអគ្គនាយកដ្ឋានគយផងដែរ  ដោយក្នុងមួយគ្រឿងត្រូវបង់​ប្រាក់ពិន័យចំនួន២១២០០ដុល្លារ។

កន្លងទៅអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអនុគ្រោះពន្ធចំនួន១០ភាគរយសម្រាប់រថយន្តគ្មានពន្ធដែលជ្រកក្រោមផ្លាកលេខផ្សេងៗចាប់ពីខែកញ្ញា រហូតដល់បំណាច់​ឆ្នាំ២០២១។ ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ រថយន្តចង្កូតឆ្វេងគ្មានពន្ធនឹងត្រូវបង់ពន្ធអាករពេញលេញ ដោយពុំមានការអនុគ្រោះបន្ធូរបន្ថយពន្ធ និងអាករទៀតឡើយ។

ចំពោះរថយន្តចង្កូតស្តាំគ្មានពន្ធ ក៏ត្រូវរួសរាន់មក​តម្កល់ប្រាក់ពន្ធនិងអាករ ដើម្បីទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធ និងអាករចំនួន ១០ភាគរយផងដែរ ហើយត្រូវ​រួសរាន់មកកែចង្កូតឱ្យយូរត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ ពោលពេលផុតឱសានវាទចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ តទៅ រថយន្តគ្មានពន្ធនឹងរងនូវការបង្ក្រាបយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់ ហើយរថយន្តចង្កូតស្តាំ ក្រោយបង្ក្រាបបានត្រូវដោះបំបែកជាគ្រឿងបន្លាស់ ឬកម្ទេចចោល។

កាលពីពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០២២ សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមានដុតរថយន្តដែលគ្មានពន្ធចោល ប្រសិនម្ចាស់រថយន្ត​មិនព្រម​ទៅបង់ពន្ធអាករតាមការអំពាវនាវរបស់សម្តេច និងអគ្គនាយករដ្ឋានគយកន្លងមក​។ ជាមួយគ្នានេះសម្តេចបាន​​សង្កត់ធ្ងន់ថា ចាប់ពីថ្ងៃទី១ ខែកក្កដា គឺមិនត្រូវឱ្យមានរថយន្តគ្មានពន្ធ និងរថយន្តចង្កូតស្តាំធ្វើដំណើរតាមផ្លូវ​ទៀតឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត