ត្រឹម៥ថ្ងៃ អគ្គនាយកដ្ឋានគយចាប់រថយន្តគ្មានពន្ធបានចំនួន២២គ្រឿង
K
Kimhuoy Klaing
15 តុលា 2022 08:00 AM

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាប់រថយន្តគ្មានពន្ធដែលជ្រកក្រោមផ្លាកលេខផ្សេងៗ នៅទូទាំងប្រទេស បានចំនួន២២គ្រឿង ក្នុងរយៈពេល៥ថ្ងៃជាប់ៗគ្នា គឺចាប់ពីថ្ងៃទី១០ ដល់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។ 

អគ្គនាយកដ្ឋានគយ បានឱ្យដឹងថា ក្នុងចំណោមរថយន្តគ្មានពន្ធទាំង២២គ្រឿង ក្នុងនោះមានរថយន្តចង្កូតឆ្វេង ១៩គ្រឿង និងចង្កូតស្តាំ៣គ្រឿង ដែលមានម៉ាកផ្សេងៗគ្នាដូចជា Toyota, Lexus, Mazda និង MG។

គួររំលឹកផងដែរថា ដោយពិនិត្យឃើញពីស្ថានភាពលំបាកក្នុងរដូវវស្សា ដែលប៉ះពាល់ដល់អាជីវកម្មរបស់ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលបានមកចុះបញ្ជីរួច ប្រមុខរាជរដ្ឋាភិបាលបានផ្ដល់ការអនុញ្ញាតពន្យារពេល ជូនដល់ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលបានចុះបញ្ជីរួច មកបំពេញកាតព្វកិច្ចពន្ធ និងអាកររហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋានគយ បានអំពាវនាវឱ្យសាធារណជន ជាពិសេសរថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសទាំងអស់ ឱ្យប្រញាប់រួសរាន់ចូលមកបង់ពន្ធ និងអាករនៅតាមបណ្តាអង្គភាពតយនិងរដ្ឋាកររាជធានី-ខេត្ត ដែលសាមីខ្លួនបានចុះបញ្ជីរថយន្តរបស់ខ្លួន ឱ្យបានតាមការកំណត់ដូចបានជម្រាបជូនខាងលើជាកំហិត ដើម្បីចៀសផុតពីការបង្ក្រាបដោយមន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចតាមដងផ្លូវ ការដ្ឋាន អាជីវកម្មដ្ឋាន និងតាមទីកន្លែងសាធារណៈជាយថាហេតុ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត