នាយករដ្ឋមន្ត្រីកម្ពុជា ព្រមានថានឹងដុតរថយន្តដែលជ្រកស្លាកលេខក្លែងក្លាយ និងរថយន្តដែលគ្មានពន្ធ (មានវីដេអូ)
SoKeng
23 កុម្ភៈ 2022 10:38 AM

រាជធានីភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសង្កេតឃើញថា នៅកម្ពុជាគឺនៅតែមានវត្តមានរថយន្តដែលជ្រកក្រោមស្លាកលេខក្លែងក្លាយ ហើយខ្លះទៀតថែមទាំងជ្រក​ក្រោមស្លាកលេខ​នគរបាល និង​ស្ថាប័ន​ជាតិ​នានា។ សម្តេចបានថ្លែងបែបនេះនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៣ ខែកុម្ភៈ។

សម្តេច ហ៊ុន​ សែន បានសង្កត់ធ្ងន់បែបនេះថា«ពេលណាមួយនឹងយកធ្វើជាគំរូ យកឡានទៅដុតចោលតែម្តង ទោះឡានថ្លៃប៉ុនណា គឺដុតចោលឲ្យរៀងម្តង។» ប្រមុខរាជរដ្ឋាភិបាលបានចេញបទបញ្ជាថា ចាប់ពីខែមិថុនា និងខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ គឺមិនត្រូវឲ្យមានរថយន្តដែលគ្មានពន្ធ និងរថយន្តចង្កូតស្តាំធ្វើចរាចរណ៍នៅតាមផ្លូវទៀតឡើយ។

បើតាមប្រសាសន៍សម្តេច ​រថយន្តចំនួន៥៩៩៣គ្រឿងបានមកចូលបង់ពន្ធ ឬស្មើនឹង៥១លាន៦០ម៉ឺនដុល្លារអាម៉េរិក ក្នុងចំណោមរថយន្តដែលមិនទាន់មកបង់ពន្ធជាង១ម៉ឺនគ្រឿង។ សម្តេចរំពឹងទុកថា រដ្ឋនឹងប្រមូលពន្ធពីរថយន្តដែលគ្មានពន្ធជាង១ម៉ឺនគ្រឿងបានប្រមាណជាង១០០លានដុល្លារអាម៉េរិក។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានស្នើឲ្យមន្ត្រី ឬអ្នកមានប្រាក់ទិញរថយន្តប្រើប្រាស់ ត្រូវមានចំណែកសម្រាប់បង់ពន្ធជូនរដ្ឋ។ ​សម្តេចតេជោបញ្ជាក់ថា បើមិនបង់ពន្ធជូនរដ្ឋនោះទេ នឹងគ្មានចំណូលសម្រាប់ចំណាយឡើយ៕​

ប្រសាសន៍សម្តេចតេជោ នាយករដ្ឋមន្ត្រី៖

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត