
ខេត្តមណ្ឌលគិរី៖ ក្រុមមន្ត្រីជំនាញបរិស្ថាន អាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍ បានរួមគ្នាជួយសង្គ្រោះសត្វដំរីព្រៃ២ក្បាល ឱ្យរួចផុតពីគ្រោះថ្នាក់ បន្ទាប់ពីពួកវាបានធ្លាក់ចូលទៅក្នុងស្រះទឹកមួយកន្លែង ហើយមិនអាចឡើងរួចវិញ នៅក្នុងខេត្តមណ្ឌលគិរី...។

យោងតាមមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃសុក្រ ទី២ ខែកញ្ញា ឆ្នាំ២០២៦នេះបានឱ្យដឹងថា ប្រតិបត្តិការសង្គ្រោះនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំផ្ទាល់របស់ លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់មន្ត្រីឧទ្យានុរក្ស, មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលសែនមនោរម្យ, លោកមេភូមិ, សមាជិកសហគមន៍ចុងរ៉ាង ព្រមទាំងប្រជាពលរដ្ឋរស់នៅក្បែរនោះ។

ហេតុការណ៍នេះ បានកើតឡើងនៅចំណុចចុងរ៉ាង ស្ថិតក្នុងភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ នៅក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ បានខិតខំប្រឹងប្រែងប្រើប្រាស់កម្លាំងបាយជីកដីដោយដៃ អស់រយៈពេលជាង៤ម៉ោង ដើម្បីបើកផ្លូវជម្រាលឱ្យសត្វដំរីព្រៃទាំង២ក្បាល (ក្នុងនោះមានដំរីញី១ក្បាល) អាចឡើងចេញពីស្រះទឹកដោយសុវត្ថិភាព និងបានវិលត្រឡប់ចូលទៅក្នុងព្រៃធម្មជាតិវិញ។ សកម្មភាពជួយសង្គ្រោះសត្វដំរីទាន់ពេលវេលានេះ បង្ហាញការចូលរួមចំណែកថែរក្សា និងអភិរក្សសត្វព្រៃនៅកម្ពុជា៕




