
(ក្រុងប៉ោយប៉ែត)៖ មន្ត្រីគយ និងរដ្ឋាករតំបន់៥ ចុះបង្រ្កាបរថយន្តគ្មានពន្ធពាក់ស្លាកលេខក្លែងក្លាយ បានចំនួន១១គ្រឿង នៅល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ...។

មន្ត្រីគយ បានឱ្យដឹងថា ដោយមានការណែនាំពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីប្រមូលពន្ធជូនរដ្ឋ ជាកាតព្វកិច្ច មន្ត្រីជំនាញបានចុះស្រាវជ្រាវ និងសហការជាមួយកម្លាំងមូលដ្ឋាន ដែលដឹកនាំដោយលោកលឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចុះបង្ក្រាបរថយន្តគ្មានពន្ធពាក់ស្លាកលេខក្លែងក្លាយ បានចំនួន១១គ្រឿង ត្រូវបានយកទៅរក្សាទុកនៅការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើត់ពន្ធតំបន់៥ ខេត្តបន្ទាយមានជ័យ។
ប្រតិបត្តិការបង្ក្រាបរថយន្តគ្មានពន្ធសរុបចំនួន១១គ្រឿងរួមមាន៖ រថយន្តប្រភេទ Mazda 2 ចំនួន៥គ្រឿង រថយន្ត Mazda 3 ចំនួន២គ្រឿង រថយន្ត Nissan march ចំនួន១គ្រឿង រថយន្ត Suzuki Swiff ចំនួន១គ្រឿង រថយន្ត Lexus 330 ចំនួន១គ្រឿង រថយន្ត Lexus 400h ចំនួន១គ្រឿង។ ក្នុងនោះមានរថយន្ត៤គ្រឿង ម្ចាស់មិនបានសហការជាមួយមន្ត្រីជំនាញនោះទេ។

មន្ត្រីគយ និងរដ្ឋាករ បានបញ្ជាក់ផងដែរថា ចំពោះរថយន្តទាំង១១គ្រឿងនោះ ត្រូវបានយកមករក្សាទុកនៅការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើត់ពន្ធតំបន់៥ ដើម្បីឱ្យម្ចាស់ចូលខ្លួនមកបង់ពន្ធជូនរដ្ឋតាមច្បាប់ដែលបានកំណត់៕ រាយការណ៍ដោយ៖ លោក ឈុន មករា




