ថ្នាក់ដឹកនាំអន្តរជាតិ បង្ហាញការចាប់អារម្មណ៍លើផលិតផលកែច្នៃរបស់កម្ពុជា ដែលដាក់តាំងនៅក្រៅប្រទេស
អ
អុន សម្ផស្ស
•
មួយម៉ោងមុន

បេឡារុស្ស៖ នៅឯមជ្ឈមណ្ឌលតាំងពិពណ៌ BELEXPO ទីក្រុងមីនស្គ៍ ប្រទេសបេឡារុស្ស នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសចំនួន៥ បានបង្ហាញចំណាប់អារម្មណ៍ ហើយអញ្ជើញចូលទស្សនាពន្លាជាតិកម្ពុជា ក្នុងឱកាសពិធីបើកសម្ពោធពិពណ៌ឧស្សាហកម្មអន្តរជាតិ INNOPROM.Belarus លើកទី២ កាលពីរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦..។

ទីភ្នាក់ងារសារព័ត៌មាន AKP រាយការណ៍នៅថ្ងៃទី២នេះថា ថ្នាក់ដឹកនាំទាំង៥នាក់នោះរួមមាន៖ លោក Alexander Turchin នាយករដ្ឋមន្ត្រីបេឡារុស្ស, លោក Mikhail Mishustin នាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៊ី, លោក Olzhas Bektenov នាយករដ្ឋមន្ត្រីកាហ្សាក់ស្ថាន, លោក Adylbek Kasymaliev ប្រធានគណៈរដ្ឋមន្ត្រីកៀហ្ស៊ីស៊ីស្ថាន និងលោក Abdulla Aripov នាយករដ្ឋមន្ត្រីអ៊ុយបេគីស្ថាន។ គណៈប្រតិភូជាន់ខ្ពស់ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅដោយ រដ្ឋលេខាធិកា​រក្រសួងពាណិជ្ជកម្មកម្ពុជា លោកស្រី តឹករ៉េត កំរង និងលោក សំហេង បូរ៉ា។

ប្រមុខរដ្ឋាភិបាលបណ្ដាលប្រទេសទាំងអស់ បានទស្សនាផលិតផលសំខាន់ៗជាច្រើនរួមានផលិតផលសម្គាល់ភូមិសាស្ត្រ (GI) របស់កម្ពុជា ដូចជា៖ ម្រេចកំពត គ្រាប់ស្វាយចន្ទីកំពង់ធំ និងស្ករត្នោតកំពង់ស្ពឺ ព្រមទាំងអង្ករប្រណីតកម្ពុជា ផលិតផលកសិ-កែច្នៃ សិប្បកម្ម ចម្លាក់ប្រាក់ស្ពាន់ សូត្រ ផលិតផលថ្មម៉ាប ស្បែកជើង កាហ្វេ និងម្ហូបអាហារកែច្នៃផ្សេងៗទៀត។ ថ្នាក់ដឹកនាំទាំងនោះ សម្ដែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការរៀបចំដាក់បង្ហាញរបស់កម្ពុជា ក្រោមពាក្យស្លោក«Cambodia-Basket of Wonders» ដែលបានរំលេចពីសិល្បៈវប្បធម៌ និងភាពសម្បូរបែបនៃវិស័យកសិ-កែច្នៃ សិប្បកម្មប្រពៃណី សក្តានុពលឧស្សាហកម្មដែលកំពុងរីកចម្រើនរបស់កម្ពុជា និងការបង្ហាញវីដេអូផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍ ម្ហូបអាហារ សិល្បៈ និងរបាំ។

តាមក្រសួងពាណិជ្ជកម្ម ការចូលរួមរបស់កម្ពុជា នៅក្នុងពិពណ៌នេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងផ្ទាល់ក្នុងការធ្វើពិពិធកម្មទីផ្សារនាំចេញ ពង្រឹងការតភ្ជាប់ពាណិជ្ជកម្មអន្តរជាតិ ផ្សព្វផ្សាយផលិតផល និងម៉ាកយីហោកម្ពុជា ព្រមទាំងសម្រួលដល់ការភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងសហគ្រាសកម្ពុជា និងដៃគូអន្តរជាតិ។ ជាមួយគ្នានេះ ពិពណ៌នេះបានផ្តល់វេទិកាសម្រាប់ធុរជនកម្ពុជា ក្នុងការស្វែងរកឱកាសពង្រីកវត្តមានរបស់ខ្លួននៅប្រទេសបេឡារុស្ស និងទីផ្សារសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU) ឱ្យកាន់តែទូលំទូលាយ ខណៈពេលដែលកំពុងស្វែងរកដៃគូដែលមានសក្តានុពលក្នុងវិស័យនានា រួមមាន ពាណិជ្ជកម្ម ការចែកចាយ ការវិនិយោគ ការផលិត និងកិច្ចសហប្រតិបត្តិការខ្សែច្រវាក់ផ្គត់ផ្គង់៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត