មន្ត្រីក្រសួងបរិស្ថាន៖ ក្រុមជនខិលខូចមួយចំនួនប្រើប្រាស់ពលរដ្ឋជាខែលទន្ទ្រានដីឱ្យពួកគេ និងដើម្បីតតាំងជាមួយអាជ្ញាធរ (មានវីដេអូ)
SBM News
16 មីនា 2022 04:00 AM

(ខេត្តកែប)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា មានក្រុមជនខិលខូចមួយចំនួន បានប្រើប្រាស់ប្រជាពលរដ្ឋដោយការជួលឱ្យទន្ទ្រានដីឱ្យពួកគេ លក់ក្នុងតម្លៃថោកៗ និងពេលខ្លះប្រើប្រាស់ពលរដ្ឋដើម្បីជាខែល ក្នុងការតវ៉ាជាមួយអាជ្ញាធរ ដើម្បីស្នើសុំកាត់ឆ្វៀលដី ឱ្យខ្លួនថែមទៀតផង...។ ជាមួយគ្នានោះ ឯកឧត្តម នេត្រ ភក្ត្រា បានអំពាវនាវដល់ក្រុមជនខិលខូច បញ្ឈប់វប្បធម៌ចូលទន្ទ្រានដីព្រៃរដ្ឋ ដោយខុសច្បាប់ ហើយប្រើប្រាស់ឯកសារក្លែងក្លាយ ដើម្បីទាមទារកាត់ឆ្វៀលដី មកធ្វើជាកម្មសិទ្ធិ ខណៈករណីមិនប្រក្រតីជាច្រើនត្រូវបានរកឃើញ ហើយសមត្ថកិច្ច បាននិងកំពុងចាត់ការតាមនីតិវិធីច្បាប់។ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម នេត្រ ភក្ត្រា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយច្បា ប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិនៅរដ្ឋបាលខេត្តកែប...។

នៅចំពោះមុខ មន្ត្រីនៃស្ថាប័នតុលាការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីឧទ្យានុរក្ស មន្ត្រីអនុវត្តច្បាប់ និងអាជ្ញាធរដែនដីពាក់ព័ន្ធដែលមកពីខេត្តកែប និងខេត្តកំពត សរុបប្រមាណ ១៦០នាក់ ឯកឧត្តមអភិបាលខេត្តកែប និងតំណាងរដ្ឋបាលខេត្តកំពត ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា៖ «គ្មានជនណាម្នាក់មានសិទ្ធិទិញ ឬលក់ដីធ្លីនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះតាមបណ្ដាខេត្តនានាបានឡើយ ហើយក្រសួងបរិស្ថានស្នើឱ្យពលរដ្ឋឈប់ចាញ់បោកមេខ្យល់ ឬក្រុមជនខិលខូច ដោយនាំគ្នាទៅទិញដី ឬទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិ ព្រោះមិនមានការទទួលស្គាល់ឡើយ មិនតែប៉ុណ្ណោះ អាចប្រឈមមុខនឹងវិធានការច្បាប់ថែមទៀតផង»។

មន្ត្តីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានស្នើដល់រដ្ឋបាលឃុំ សង្កាត់ រដ្ឋបាលស្រុក បញ្ឈប់រាល់ការចុះហត្ថលេខាបញ្ជាក់លើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដីជាអាទិ៍ នៅលើដីដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះនៃដែនសមត្ថកិច្ចរបស់ខ្លួន

សូមរំឭកថា ក្រុមអនាធិបតេយ្យប្រមាណ២៩៥នាក់(ស្រី១១៣នាក់) ដែលបានចូលទន្ទ្រានកាន់កាប់ដីរដ្ឋ ក្នុងដែនឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ស្ថិតនៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចបង្ក្រាប កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ក្នុងនោះ មេខ្លោងចំនួន១០នាក់ ត្រូវឃាត់ខ្លួន និងបំពេញនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តព្រះសីហនុចាត់ការតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា ការការពារ អភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព នៅក្នុងតំបន់ការពារធម្មជាតិ គឺដើម្បីជាឧត្តមប្រយោជន៍របស់ព្រះរាជាណាក្រកម្ពុជា កូនចៅជំនាន់ក្រោយ និងមនុស្សជាតិទាំងមូល៕

រូបតំណាង៖ ករណីទន្ទ្រានកាន់កាប់ដីរដ្ឋ ក្នុងដែនឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង
រូបតំណាង៖ ករណីទន្ទ្រានកាន់កាប់ដីរដ្ឋ ក្នុងដែនឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត