
ក្រុងកំពត៖ ក្រសួងបរិស្ថាន បានបញ្ជាឱ្យក្រុមហ៊ុន ROYAL CERA ដែលជាក្រុមហ៊ុនផលិតក្បឿង ចានបង្គន់ និងការ៉ូ បន្តផ្អាកដំណើរការផលិតកម្មរបស់ខ្លួន បន្ទាប់ពីក្រុមមន្រ្តីជំនាញពាក់ព័ន្ធរកឃើញថា ក្រុមហ៊ុននេះមិនទាន់បានចាត់វិធានការគ្រប់គ្រងសំណល់រាវបានត្រឹមត្រូវ...។

បើតាមក្រសួងបរិស្ថាន កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ មន្រ្តីជំនាញក្រសួង និងអ្នកពាក់ព័ន្ធ ធ្លាប់បានចុះពិនិត្យ និងតម្រូវឱ្យក្រុមហ៊ុនខាងលើអនុវត្តតាមវិធានការច្បាប់ និងបទដ្ឋានបច្ចេកទេសបរិស្ថានឱ្យបានត្រឹមត្រូវ ប៉ុន្តែក្រុមហ៊ុនមិនបានអនុវត្ត។ ជាក់ស្ដែង កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន, មន្រ្តីជំនាញមកពីមន្ទីរបរិស្ថាន, មន្ទីរឧស្សាហកម្ម, មន្ទីរការងារ, មន្ទីរសុខាភិបាល, មន្ទីរធនធានទឹក, រដ្ឋបាលស្រុកទឹកឈូ, រដ្ឋបាលស្រុកដងទង់ និងអាជ្ញាធរពាក់ព័ន្ធ បានចុះត្រួតពិនិត្យការបំពុលបរិស្ថានសាជាថ្មីបង្កឡើងដោយក្រុមហ៊ុន ROYAL CERA ដែលមានទីតាំងស្ថិតនៅភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។

ជាលទ្ធផល មន្រ្តីជំនាញបានបន្តពិនិត្យឃើញថា ក្រុមហ៊ុនផលិតក្បឿង ចានបង្គន់ និងការ៉ូមួយនេះ បានដំណើរការដោយគ្មានរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់ ហើយក្រុមហ៊ុនក៏គ្មានអាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ និងបានដឹកចេញដោយពុំមានលិខិតអនុញ្ញាត។ ជារួម ក្រុមហ៊ុននេះ បានប្រព្រឹត្តល្មើសនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ រួមទាំងអនុក្រឹត្យស្ដីពីការត្រួតពិនិត្យការបំពុលទឹក។

ភ្លាមៗ ក្រសួងបរិស្ថានដាក់ចេញវិធានការឱ្យក្រុមហ៊ុនបន្តផ្អាកដំណើរការផលិតកម្មបញ្ចេញសំណល់រាវជាបន្ទាន់ ទោះក្នុងរូបភាពណាក៏ដោយ។ ក្រសួងក៏តម្រូវឱ្យក្រុមហ៊ុននេះត្រូវសាងសង់ប្រព័ន្ធប្រព្រឹត្តិកម្មសំណល់ និងអនុវត្តស្របតាមច្បាប់ ក៏ដូចជាក្រមបរិស្ថាន និងធនធានធម្មជាតិឱ្យបានខ្ជាប់ខ្ជួន មុននឹងអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ។ លើសពីនេះ ក្រុមហ៊ុនត្រូវបូមសំណល់រាវ ដែលបានយកទៅចាក់ចោលនៅរណ្ដៅដី មកដាក់នៅស្រះស្ដុករបស់ក្រុមហ៊ុនជាបណ្ដោះអាសន្នវិញ និងត្រូវកាយដីភក់នៅទីតាំងដែលបានចាក់សំណល់រាវ នៅស្រុកដងទង់ មកដាក់ក្នុងទីតាំងក្រុមហ៊ុនវិញឱ្យបានរួចរាល់មុនថ្ងៃទី២២កញ្ញា៕






