៩ខែ ក្រសួងបរិស្ថានទប់ស្កាត់ការបញ្ចេញសំណល់រាវកខ្វក់ចេញពីរោងចក្រ ជិត២០លានម៉ែត្រគុប
S
Soriya Sou
•
2 ថ្ងៃមុន

រាជធានីភ្នំពេញ៖ ក្នុងរយៈពេល៩ខែ គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងបរិស្ថាន បានទប់ស្កាត់ការបញ្ចេញសំណល់រាវកខ្វក់ចេញពីរោងចក្រ សហគ្រាស និងក្រុមហ៊ុននានា បានជិត២០លានម៉ែត្រគុប។ ក្នុងនោះ គ្រាន់តែក្នុងខែកញ្ញា ក្រសួងបរិស្ថាន ទប់ស្កាត់ទឹកកខ្វក់បានចំនួនជាង២,២២លានម៉ែត្រគុប...។

គិតត្រឹមខែកញ្ញា តាមរយៈយុទ្ធនាការ «ផ្ទៃទឹកស្អាត» ក្រសួងបរិស្ថាន បាននិងកំពុងជំរុញយ៉ាងសកម្ម នូវវិធានការច្បាប់ដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ និងសហគ្រាសនានានៅកម្ពុជា ធ្វើការដំឡើងឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ (Automatic Wastewater Quality Monitoring) ដើម្បីតាមដានគុណភាពទឹកកខ្វក់ពីចម្ងាយក្នុងពេលជាក់ស្តែង បានចំនួន៧២ក្រុមហ៊ុន និងរោងចក្រ។ ចំនួននេះ មានការកើនឡើងជាលំដាប់ បើប្រៀបធៀបទៅនឹងចុងឆ្នាំ២០២៥ ដែលមានត្រឹមតែ៥៦កន្លែងបុណ្ណោះ។ នេះបើតាមការបញ្ជាក់ពីក្រសួងបរិស្ថាន កាលពីថ្ងៃទី៣០កញ្ញា។

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ទឹកកខ្វក់ប្រមាណ៧០ម៉ឺនម៉ែត្រគុប ត្រូវបានទប់ស្កាត់ជារៀងរាល់ថ្ងៃ មិនឱ្យហូរចូលទៅបំពុលតំបន់ទឹកធម្មជាតិ ប៉ះពាល់បរិស្ថាន និងសុខភាពសាធារណៈ។ លោកអរគុណដល់ម្ចាស់រោងចក្រ សហគ្រាស ដែលបានចូលរួមអនុវត្តច្បាប់ និងការលើកកម្ពស់ភាពស្អាតនៅកម្ពុជា។ ក្រសួងបរិស្ថាន នឹងបន្តទប់ស្កាត់ការបញ្ចេញសំណល់រាវបំពុលទឹកធម្មជាតិបន្ថែមទៀត ដោយបន្តជំរុញលើកទឹកចិត្តដល់រោងចក្រ សហគ្រាសនានា ដែលមានសក្តានុពលប្រភពបំពុលបន្តបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ ដើម្បីប្រសិទ្ធភាពការងារទប់ស្កាត់ការបំពុលបរិស្ថាន និងជួយឱ្យរោងចក្រ និងក្រុមហ៊ុនខ្លួនឯងអាចគ្រប់គ្រងសំណល់រាវ បានត្រឹមត្រូវតាមស្ដង់ដារបរិស្ថាន ស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ ធានាលើការបញ្ចេញសំណល់រាវមិនប៉ះពាល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត