
រាជធានីភ្នំពេញ៖ ឆ្លងកាត់ការពិនិត្យតាមដានគុណភាពទឹកសាធារណៈ និងទឹកកខ្វក់សម្អាតរួចពីទីតាំងស្ថានីយប្រព្រឹត្តកម្ម លើទីតាំងអាទិភាពសរុប៧៧ទីតាំង ក្រសួងបរិស្ថាន រកមិនឃើញទីតាំងណាមួយ ដែលអាចបង្កឱ្យមានការបំពុលដល់បរិស្ថាននោះឡើយ...។

មន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងនៅថ្ងៃទី២១ ខែសីហានេះថា កាលពីខែកក្កដាកន្លងទៅ ក្រុមការងារជំនាញបានពិនិត្យតាមដានគុណភាពទឹកសាធារណៈ និងទឹកកខ្វក់សម្អាតរួច ពីទីតាំងស្ថានីយប្រព្រឹត្តកម្មលើទីតាំងអាទិភាពសរុប៧៧ទីតាំង ក្នុងនោះមាន៖ ទឹកទន្លេ, បឹងទន្លេសាប, ស្ទឹង, អាងស្តុកទឹក, បឹង, ជ្រោះចំនួន៥២ទីតាំង, ទឹកសមុទ្ទចំនួន១២ទីតាំង, និងទឹកកខ្វក់សម្អាតរួចចំនួន១៣ទីតាំង ព្រមទាំងបានយកសំណាកទឹកចំនួន៧៧សំណាក។ ជាលទ្ធផល ស្ថានភាពគុណភាពទឹកសាធារណៈជារួម ទឹកមានសភាពល្អក់ដោយសារមានភ្លៀងធ្លាក់ ប៉ុន្តែយោងតាមលទ្ធផលវិភាគពីមន្ទីរពិសោធន៍ បង្ហាញថា គុណភាពទឹកសាធារណៈ បានអនុលោមតាមស្ដង់ដារពុំមានអ្វីប្រែប្រួល ឬ បង្កឱ្យមានការបំពុល គួរឱ្យកត់សម្គាល់នោះទេ។ ដោយទ្បែក ទឹកកខ្វក់សម្អាតរួចចេញពីទីតាំងអាងប្រព្រឹត្តកម្មរួមទាំង១៣ទីតាំង អនុលោមតាមស្ដង់ដារអនុញ្ញាតបញ្ចេញ។

មន្រ្តីជំនាញក្រសួងបរិស្ថាន ក៏បានចុះត្រួតពិនិត្យតាមដានតំបន់ងាយរងការបំពុលទឹកបានចំនួន១២ទីតាំង នៅខេត្តព្រះសីហនុ កំពង់ធំ និងខេត្តកំពង់ស្ពឺ ហើយបានយកសំណាកទឹកមកវិភាគចំនួន១២សំណាក។ យោងតាមលទ្ធផលពីមន្ទីរពិសោធន៍ បង្ហាញថា គុណភាពទឹកនៅគ្រប់ទីតាំងទាំងអស់ គឺបានអនុលោមស្ដង់ដារ ពុំមានអ្វីប្រែប្រួល ឬបង្កឱ្យមានការបំពុលគួរឱ្យកត់សម្គាល់ទេ។ ក្រសួងបរិស្ថាន បាននិងកំពុងអនុវត្ត «យុទ្ធនាការផ្ទៃទឹកស្អាត» ដោយផ្តោតលើការសម្អាតទន្លេ និងប្រភពទឹកសាធារណៈពីសំណល់ប្លាស្ទិក ការពង្រឹងការតាមដានគុណភាពទឹកសាធារណៈ ការរៀបចំលិខិតបទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំបច្ចេកទេស និងការបំពាក់ប្រព័ន្ធប្រព្រឹត្តិកម្មសំណល់រាវ និងឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចញសំណល់រាវ នៅគ្រប់ប្រភពបញ្ចេញសំណល់រាវ ស្របតាមច្បាប់ជាធរមាន។

ម្ចាស់ទីតាំង និងឧស្សាហកម្មទាំងអស់ ដែលមានប្រភពសក្តានុពលបំពុល តម្រូវឱ្យបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ការបញ្ចេញសំណល់រាវតាមក្រមបរិស្ថាន និងធនធានធម្មជាតិ ដើម្បីបង្ការមិនឱ្យមានការបំពុលដល់តំបន់ទឹកសាធារណៈ ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងបរិស្ថាន៕




