
រាជធានីភ្នំពេញ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជំរុញឱ្យមានការអភិវឌ្ឍគោលដៅលម្ហែបៃតង នៅតាមតំបន់ការពារធម្មជាតិ ដើម្បីប្រជាពលរដ្ឋនៅតាមសហគមន៍ អាចទាញយកប្រយោជន៍សម្រាប់ជីវភាពក្នុងពេលអនាគតកាន់តែប្រសើរ និងការអភិរក្សធនធានធម្មជាតិប្រកបដោយនិរន្តរភាព...។

ក្រៅពីការអភិវឌ្ឍគោលដៅលម្ហែបៃតងតាមតំបន់ការពារធម្មជាតិ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានជំរុញឱ្យអ្នកពាក់ព័ន្ធពង្រឹងការការពារ និងអភិរក្សធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព និងការបង្កើនគម្របបៃតង តាមរយៈការជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋដាំឱ្យបានច្រើនជារៀងរាល់ឆ្នាំ។ លោកថ្លែងបែបនេះ ក្នុងអំឡុងពេលដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សនកិច្ចនៅតំបន់ទេសចរណ៍ធម្មជាតិភ្នំឈីងសៀវ ដែលត្រូវបានប្រសិទ្ធនាមថាជា «សួតបៃតង» នៃទីក្រុងណាននីង ខេត្តគ័ងស៊ី ប្រទេសចិន កាលពីពេលថ្មីៗ ដើម្បីស្វែងយល់បន្ថែមលើការជំរុញនវានុវត្តន៍នៃការគ្រប់គ្រងតំបន់លលម្ហែបៃតង ការលើកកម្ពស់សក្តានុពលទេសចរណ៍ធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិនៅកម្ពុជា។

សូមជម្រាបថា ក្រសួងបរិស្ថាន បាននិងកំពុងដាក់ចេញសកម្មភាពយុទ្ធសាស្ត្រជាក់ស្តែង ដើម្បីពង្រឹងបន្ថែមលើការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ពិសេស ការជំរុញសក្តានុពលសេដ្ឋកិច្ចចក្រានៅតាមសហគមន៍មូលដ្ឋាន តាមរយៈរៀបចំអភិវឌ្ឍនូវរចនាសម្ព័ន្ធទេសចរណ៍ធម្មជាតិនៅកម្ពុជា។ ក្រសួងបរិស្ថាន បន្តប្តេជ្ញាធានានូវការអភិរក្សប្រព័ន្ធអេកូឡូស៊ី ការអនុត្តច្បាប់យ៉ាងតឹងរ៉ឹង គួបផ្សំនឹងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ដើម្បីសម្រេចបាននូវលទ្ធផលជាវិជ្ជមាន និងអនាគតមួយមានភាពស្អាត ភាពបៃតង និងចីរភាពយ៉ាងពិតប្រាកដនៅកម្ពុជា៕




