
ខេត្តព្រះសីហនុ៖ ក្រុមអនាធិបតេយ្យប្រមាណ២៩៥នាក់(ស្រី១១៣នាក់) ដែលបានចូលទន្ទ្រានកាន់កាប់ដីរដ្ឋ ក្នុងដែនឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ស្ថិតនៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់មន្ទីរបរិស្ថានខេត្តព្រះសីហនុ ដែលSBM News ទទួលបាននៅថ្ងៃ១៤ ខែមីនា ឆ្នាំ២០២២។

មន្ទីរបរិស្ថានខេត្តព្រះសីហនុ គូសបញ្ជាក់ថា ក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា បានដឹកនាំកម្លាំងសមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថនិងសមត្ថកិច្ចបរិស្ថាន ចុះទៅបង្ក្រាបចលនាប្រមូលផ្ដុំបំផុសបំផុលក្រុមអនាធិបតេយ្យប្រមាណ២៩៥នាក់ មានស្រី១១៣នាក់ ដែលចូលទន្ទ្រានកាន់កាប់ដីរដ្ឋស្ថិតនៅចំណុចដីឡូតិ៍១៥ ភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្នុងដែនឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង។

បើតាមមន្ទីរបរិស្ថានខេត្តព្រះសីហនុ បានឱ្យដឹងថា មេខ្លោងចំនួន១០នាក់ ត្រូវឃាត់ខ្លួន និងបំពេញនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តព្រះសីហនុចាត់ការតាមផ្លូវច្បាប់។ យ៉ាងណាមិញ មន្ទីរបរិស្ថានខេត្តព្រះសីហនុ ពុំទាន់បញ្ជាក់អំពីអត្តសញ្ញាណមេខ្លោងចំនួន១០នាក់ត្រូវបានឃាត់ខ្លន តើពួកគេជានរណា រស់នៅឯណាខ្លះ នៅឡើយទេ។

ការឃាត់ខ្លួនមេខ្លោងចំនួន១០នាក់ខាងលើ គឺធ្វើឡើងបន្ទាប់ពី នៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ សមត្ថកិច្ចបានធ្វើការណែនាំប្រជាពលរដ្ឋទាំងនោះថា៖ «ដីដែលបងប្អូនកំពុងតែធ្វើសកម្មភាពកាប់ឆ្ការនេះគឺជាដីរបស់រដ្ឋដោយសុំឱ្យបងប្អូនបញ្ឈប់សកម្មភាពរុករាននិងកាន់កាប់ដោយខុសច្បាប់នេះជាបន្ទាន់» ក៏ប៉ុន្តែ ក្រោយការណែនាំ ពួកគាត់មិនស្តាប់តាមនោះទេ។ មន្ទីរបរិស្ថានខេត្តព្រះសីហនុ បញ្ជាក់ទៀតថា កន្លងមក សកម្មភាពបទល្មើសរុករានកាប់ឆ្ការព្រៃដាំដំណាំសង់ខ្ទមនិងបោះបង្គោលរបងហ៊ុមព័ទ្ធកាន់កាប់ជាកម្មសិទ្ធិដោយខុសច្បាប់ ក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ត្រូវបានសមត្ថកិច្ច ចុះអនុវត្ដវិធានការទប់ស្កាត់ជាបន្តបន្ទាប់ផងដែរ។

យ៉ាងណាមិញ ចំពោះទំហំដីដែលរងការទន្ទ្រាន តើប៉ុន្មានហិកតា? SBM News មិនទាន់ស្នើសុំការបញ្ជាក់បន្ថែមពី ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ លោក សាមុត សុធារិទ្ធ នៅឡើយទេ ដោយលោកមិនទទួលទូរសព្ទ។
យោងតាមច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ត្រង់មាត្រា៥៦និងមាត្រា៦២ បានចែងថា ជនសង្ស័យណាដែលធ្វើសកម្មភាពកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ ត្រូវផ្តន្ទាទោស ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៤ ដោយដាក់ពន្ធនាគារពី០៥ឆ្នាំទៅ១០ឆ្នាំនិងពិន័យជាប្រាក់ពី១៥លានរៀលទៅ១៥០លានរៀល។ ចំពោះបុគ្គលប្រព្រឹត្តជានីតិបុគ្គល នឹងត្រូវពិន័យជាប្រាក់ពី១៥០លានរៀលទៅ២៥០លានរៀល។ វត្ថុតាងត្រូវរឹបអូសជាសម្បត្តិរដ្ឋ។ ក្នុងករណីមិនរាងចាលត្រូវផ្តន្ទាទោសទ្វេដង។

សូមបញ្ជាក់ថា ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ៨៩ អនក្រ.បក ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ដែលជាប់ព្រំប្រទល់រវាងភូមិសាស្ត្រខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ ដើម្បីធានាកិច្ចគាំពារបរិស្ថានការអភិរក្សជីវៈចម្រុះនិងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព៕










