ផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាបដែលចំណាយថវិកា១៥០លានដុល្លារនឹងគ្រោងសម្ពោធជាផ្លូវការនៅដើមខែមេសា
SoKeng
12 មីនា 2022 12:00 PM

សៀមរាប៖ ហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាបបានសាងសង់រួចរាល់តាំងពីខែធ្នូ ឆ្នាំ២០២១ ហើយគ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែននាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

ឯកឧត្តម ទៀ សីហា  អភិបាលនៃគណៈអភិបាលខេត្តសៀមរាបបានបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ៣៨ខ្សែ ប្រព័ន្ធលូ ភ្លើងបំភ្លឺសាធារណៈ និងកែលម្អស្ទឹងសៀមរាប ក្នុងក្រុងសៀមរាបគឺជាសមិទ្ធផលប្រវត្តិសាស្រ្តថ្មីមួយមិនអាចកាត់ថ្លៃបានរបស់សម្តេចតេជោ​ដែលផ្តល់ឲ្យខេត្តសៀមរាប។  បើតាមអភិបាលខេត្តសៀមរាប បច្ចុប្បន្នផ្លូវមួយនេះបានសាងសង់រួចរាល់១០០ភាគរយហើយ ប៉ុន្តែនៅសល់តែបំពាក់ប្រព័ន្ធភ្លើងបំភ្លឺសាធារណៈ និងការងារផ្សេងទៀត។​

ឯកឧត្តម ទៀ សីហា  អភិបាលនៃគណៈអភិបាលខេត្តសៀមរាប
ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប

ឯកឧត្តម ទៀ សីហា បានថ្លែងក្នុងពិធីប្រកាសតែងតាំងអភិបាលរងខេត្តសៀមរាបថ្មីចំនួន២រូប កាលពីថ្ងៃទី១១ ខែមីនាថា៖«បើទោះជាស្ថិតក្នុងដំណាក់កាលនៃផលប៉ះពាល់ ដោយសារជំងឺកូវីដធ្ងន់ធ្ងរក៏ដោយ រដ្ឋបាលខេត្ត ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើការកែលម្អសោភ័ណភាពក្រុងឱ្យបានកាន់តែល្អប្រសើរថែមទៀត»

សមិទ្ធផលផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាបនេះមានប្រវែងសរុប ១០៦,៤២ គីឡូម៉ែត្រ ដោយប្រើប្រាស់ថវិកាជាតិសរុបចំនួន១៥០លានដុល្លារអាមេរិក។ ហេដ្ឋារចនាសម្ព័ន្ធនេះត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ផ្លូវមួយនេះក៏មានបំពាក់កាមេរ៉ាសុវត្ថិភាព,ដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវ, ដំឡើងភ្លើងសញ្ញាចរាចរណ៍ និងដាំដើមឈើជាង៣ពាន់ដើមផងដែរ។ ត្រង់ផ្លូវ៣៨ខ្សែក៏មានរៀបចំជាផ្លូវកង់ដែរ។​  ក្រៅពីនេះ​ខេត្តសៀមរាបក៏មានផ្លូវកង់ចំនួន២៣គីឡូម៉ែត្រទៀតផងដែរ៕

អភិបាលខេត្តសៀមរាបនឹងចាត់វិធានការផ្លូវច្បាប់ លើអ្នកដែលរំលោភលើគំនូសផ្លូវជិះកង់​នៅផ្លូវ៣៨ខ្សែ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត