អភិបាលខេត្តសៀមរាបនឹងចាត់វិធានការផ្លូវច្បាប់ លើអ្នកដែលរំលោភលើគំនូសផ្លូវជិះកង់​នៅផ្លូវ៣៨ខ្សែ
SoKeng
10 កុម្ភៈ 2022 01:00 PM

សៀមរាប៖ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបព្រមានចាត់វិធានការ​ដល់ពលរដ្ឋ ក្នុងក្រុងសៀមរាបណាដែលនៅតែរំលោភបំពានលើគំនូសផ្លូវជិះកង់​នៅតាមផ្លូវ៣៨ខ្សែដែលទើបតែសាងសង់រួចជាស្ថាពរនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។ អភិបាលខេត្តសៀមរាបបានអះអាងថា ចំណាត់ការនេះអាចនឹងអនុវត្តនៅពេលដែលផ្លូវ៣៨ខ្សែនេះ​ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃខាងមុខនេះ។

ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានSBM តាមទូរសព្ទ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបបានអះអាងថា តាំងពីផ្លូវ៣៨ខ្សែនេះសាងសង់រួចមក អភិបាលក្រុងសៀមរាបបានណែនាំដល់ពលរដ្ឋអស់ជាច្រើនលើកជាច្រើនសាមកហើយអំពីការថែរក្សាសណ្តាប់ធ្នាប់នៅតាមគំនូសផ្លូវជិះកង់នេះ។ តែពលរដ្ឋខ្លះក៏បានអនុវត្តតាម ហើយពលរដ្ឋខ្លះទៀតមិនទាន់អនុវត្តតាមនៅឡើយទេ។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប
ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប

អភិបាលខេត្តសៀមរាបបានបញ្ជាក់ថា ក្នុងដំណាក់កាលនេះអាជ្ញាធរគ្រាន់តែចុះណែនាំដល់ពលរដ្ឋជាមុនសិន។ បើកាលណាណែនាំហើយនៅតែមិនអនុវត្តតាមទៀត អភិបាលខេត្តនឹងព្រមានចាត់វិធានការផ្លូវច្បាប់ និងឈានដល់ការដកហូតអាជ្ញាបណ្ណផងដែរ។  «នៅពេលនេះយើងបន្តណែនាំឲ្យគាត់រក្សាសណ្តាប់ធ្នាប់ជាមួយយើងសិន។ ប៉ុន្តែបើគាត់មិនស្តាប់ និងសហការជាមួយ គឺយើងនឹងផាកវិន័យ ប៉ុន្តែបើផាកវិន័យមិនមានប្រសិទ្ធភាពទេ យើងនឹងពិចារណាលើអាជ្ញាបណ្ណគាត់តែម្តង។ ផ្លូវយើងធ្វើហើយៗ នៅតែរៀបចំលម្អចិញ្ចើមផ្លូវមួយចំនួនទេ ពេលចប់សព្វគ្រប់នៅខែកុម្ភៈនេះ យើងនឹងអនុវត្តតាមច្បាប់ហើយ ឥឡូវយើងណែនាំឲ្យគាត់កែទម្លាប់សិន»។ នេះការថ្លែងរបស់ឯកឧត្តម ទៀ សីហា។

ការចតយានយន្ត និងដាក់តាំងលក់របស់របរនៅចំគំនូសផ្លូវជិះកង់​ក្នុងក្រុងសៀមរាបយ៉ាងទទឹងទទែងបែបនេះ ឯកឧត្តម ទៀ សីហាបានបកស្រាយដូច្នេះថា៖«តាំងពីដើមមកយើងអត់ទាន់មានផ្លូវដើរ និងផ្លូវជិះកង់គ្រប់គ្រាន់ អ៊ីចឹងបងប្អូនប្រជាពលរដ្ឋតែងតែតាំងលក់ដូរនៅខាងក្រៅផ្ទះ នេះជាទម្លាប់របស់គាត់ទៅហើយ។​ ដល់ពេលយើងមានផ្លូវថ្នល់ ផ្លូវកង់ និងផ្លូវជនពិការមក គឺគាត់នៅតែអនុវត្តតាមទម្លាប់ចាស់។ ប៉ុន្តែខ្ញុំជឿជាក់ថា ពលរដ្ឋនឹងអាចរៀនរស់ និងអនុវត្តសណ្តាប់ធ្នាប់តាមអ្វីដែលយើងបានគ្រោងទុក»។

កាលពីថ្មីៗនេះ ជនជាតិបរទេសម្នាក់បានបង្ហោះរូបភាពមួយចំនួនអំពីការចតយានជំនិះ និងការដាក់តាំងលក់ទំនិញផ្សេងៗនៅលើគំនូសពណ៌បៃតងដែលជាគំនូសផ្លូវកង់នៅត្រង់ផ្លូវ៣៨ខ្សែ។ ការបង្ហោះរូបភាពហាក់បង្ហាញពីការមិនពេញចិត្តយ៉ាងខ្លាំង ពីព្រោះការចតយានជំនិះ​នៅតាមគំនូសផ្លូវកង់នេះបង្កជាផលលំបាកដល់ពួកគេ​ក្នុងការធ្វើដំណើរ។ ពលរដ្ឋខ្លះក៏បានបង្ហាញអារម្មណ៍មិនពេញចិត្តនឹងសកម្មភាពមួយនេះនៅលើទំព័រហ្វេសប៊ុក​ផងដែរ។ ពលរដ្ឋខ្លះបានសំណូមពរឲ្យអាជ្ញាធរពង្រឹងលើការណែនាំ ផ្សព្វផ្សាយ និងអនុវត្តតាមវិធានការឲ្យតឹងរ៉ឹងលើអ្នកដែលរំលោភចំណីផ្លូវ។

សូមបញ្ជាក់ថា ផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាបមានប្រវែងសរុប ១០៦,៤២ គីឡូម៉ែត្រ ដោយប្រើប្រាស់ថវិកាជាតិសរុបចំនួន១៦០លានដុល្លារអាមេរិក។ ហេដ្ឋារចនាសម្ព័ន្ធនេះត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ត្រង់ផ្លូវ៣៨ខ្សែក៏មានរៀបចំជាផ្លូវកង់ផងដែរ ចាប់ពីមុខសណ្ឋាគារអាម៉ាន់សារ៉ា រហូតដល់ជិតផ្សារលើធំថ្មី។ ក្រៅពីនេះ​ខេត្តសៀមរាបក៏មានផ្លូវកង់ចំនួន២៣គីឡូម៉ែត្រទៀតផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត