បទយកការណ៍៖ ពលរដ្ឋខេត្តសៀមរាបស្នើឱ្យអាជ្ញាធរផ្សព្វផ្សាយបន្ថែម ពីការប្រើប្រាស់គំនូសសញ្ញាចរាចរណ៍លើផ្លូវទាំង៣៨ខ្សែ
K
Kimhuoy Klaing
04 សីហា 2022 02:00 AM

(ខេត្តសៀមរាប)៖ នៅក្រោមដើមឈរធំៗ ដែលដុះប្របគ្នាតាមដងស្ទឹងសៀមរាប បុរសវ័យកណ្ដាលម្នាក់ កំពុងចតម៉ូតូកង់បីឥណ្ឌាអង្គុយកត់របាយការណ៍ចំណូលប្រចាំថ្ងៃរបស់គាត់។ លោកបានរៀបរាប់ទាំងទឹកមុខញញឹម ក្រោយពីអាជ្ញាធរ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវទាំង៣៨ខ្សែ ក្នុងក្រុងសៀមរាប...។ 

លោក ហេង សុភាព​ ចតម៉ូតូកង់បីឥណ្ឌាក្រោមដើមឈើអង្គុយកត់របាយការណ៍ចំណូលប្រចាំថ្ងៃ។ រូបភាព៖ ឃ្លាំង គីមហួយ
លោក ហេង សុភាព​ ចតម៉ូតូកង់បីឥណ្ឌាក្រោមដើមឈើអង្គុយកត់របាយការណ៍ចំណូលប្រចាំថ្ងៃ។ រូបភាព៖ ឃ្លាំង គីមហួយ

លោក ហេង សុភាព​ ជាអ្នករត់ម៉ូតូកង់បីឥណ្ឌា បាននិយាយថា៖ « ជាធម្មតា...កាលណា តែគេធ្វើផ្លូវ ប្រជាពលរដ្ឋសប្បាយចិត្ត[..]មិនអ៊ីចឹង..? ហើយមួយទៀត យើងក៏ធ្វើចរាចរណ៍បានស្រួល ទៅណាមកណា ដឹកកូនដឹកចៅទៅរៀនទៅអី..!»។ ប៉ុន្តែទន្ទឹមនោះ លោកនៅមិនទាន់យល់ដឹងឱ្យបានគ្រប់ជ្រុងជ្រោយ អំពីការប្រើប្រាស់គំនូសសញ្ញា និងស្លាកសញ្ញាចរាចរណ៍ដែលមាននៅលើផ្លូវទាំង៣៨ខ្សែនោះនៅឡើយទេ។ លោកបន្ថែមថា៖ «និយាយឱ្យចំទៅសម្រាប់ស្លាកចរាចរណ៍ទាំងអស់ហ្នឹង បើសម្រាប់ខ្ញុំភាគច្រើន...ក៏អត់យល់ដែរ ទាល់តែទំនេរៗព្យាយាមអង្គុយមើលការពន្យល់ណែនាំ ហើយខ្ញុំមិនដែរឃើញអាជ្ញាធរ ចុះណែនាំអីនោះទេ ទាក់ទងនឹងរបៀបមើលស្លាកសញ្ញាចរាចរណ៍ គឺខ្ញុំរៀនមើលលើApp ដោយខ្លួនឯង»។ ក្នុងក្រុងសៀមរាប ផ្លូវក្រាលកៅស៊ូទាំង៣៨ខ្សែដែលគ្របដណ្ដប់ដោយពណ៌ខ្មៅក្រឹប រំលេចដោយគំនូសឆូតពណ៌លឿងពុះកាត់ទ្រូងផ្លូវ អមនឹងស្លាកសញ្ញាថ្មីបន្ថែមនៅតាមបណ្ដោយសងខាងផ្លូវ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាស្ថាបពរ កាលពីដើមខែមេសាកន្លងទៅ ស្របពេលដែលពលរដ្ឋមួយចំនួននៅមិនទាន់មានការយល់ដឹង និងគោរពតាមស្លាកសញ្ញាទាំងនោះ ឱ្យបានប្រសើរនៅឡើយ។

យុវតីម្នាក់កំពុងមើលស្លាកសញ្ញាចរាចរណ៍ក្នុងកម្មវិធី Driving rule លើទូរសព្ទដៃ។ រូបភាព៖ ឃ្លាំង គីមហួយ
យុវតីម្នាក់កំពុងមើលស្លាកសញ្ញាចរាចរណ៍ក្នុងកម្មវិធី Driving rule លើទូរសព្ទដៃ។ រូបភាព៖ ឃ្លាំង គីមហួយ

អ្នករត់ម៉ូតូកង់បីម្នាក់ក្នុងក្រុងសៀមរាប លោក ហេង សុភាព បានលើកឡើងថា ស្លាកសញ្ញាចរាចណ៍ពិតជាមានសារសំខាន់ណាស់ ព្រោះវាបានជួយសម្រួលដល់ការបើកបរ ឱ្យមានសណ្ដាប់ធ្នាប់ និងបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ ក៏ប៉ុន្តែលុះត្រាតែអ្នកបើកបរបានយល់ដឹងពីស្លាកសញ្ញាទាំងនោះផងដែរ។ លោកបន្តថា បច្ចុប្បន្នក្នុងសម័យបច្ចេកវិទ្យា ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្កើតកម្មវិធី Driving rule ដែលអនុញ្ញាតឱ្យយើង អាចស្វែងយល់បន្ថែមពីច្បាប់ និងស្លាកសញ្ញាចរារចណ៍កាន់តែច្បាស់ផងដែរ។ «ខ្ញុំ download (ទាញយក) កម្មវិធីស្លាកសញ្ញាចរាចរណ៍តាមទូរសព្ទ ពេលទំនេរ ខ្ញុំក៏បើកមើលដើម្បីយល់ដឹងបន្ថែម ណាមួយវាដូចចំណេះដឹងទូទៅដែរ...! »។ នេះជាការបញ្ជាក់របស់លោក ហេង សុភាព។

លោក សុខ ថុល នាយករដ្ឋបាលសាលាខេត្តសៀមរាប។ រូបភាព៖ ក្រសួងព័ត៌មាន
លោក សុខ ថុល នាយករដ្ឋបាលសាលាខេត្តសៀមរាប។ រូបភាព៖ ក្រសួងព័ត៌មាន

ថ្លែងប្រាប់ SBM News តាមទូរសព្ទ នាយករដ្ឋបាលសាលាខេត្តសៀមរាប លោក សុខ ថុល ទទួលស្គាល់ថា ប្រជាពលរដ្ឋក្រុងសៀមរាបមិនទាន់យល់ដឹង ពីការប្រើប្រាស់គំនូសសញ្ញា និងស្លាកសញ្ញាចរាចរណ៍បានគ្រប់គ្នានៅឡើយទេ។ លោកថា អាជ្ញាធរបានរៀបចំការផ្សព្វផ្សាយទាក់ទងនឹងស្លាកសញ្ញាចរាចរណ៍ក្នុងក្រុង តាមរយៈវេទិកាភូមិ-ឃុំមានសុវត្ថិភាពជាប្រចាំខែ​ និងបានចុះទៅណែនាំពលរដ្ឋទាក់ទងទៅនឹងការចតយានយន្ត ដើម្បីសោភ័ណ្ឌភាពក្នុងទីក្រុង និង​ឱ្យពលរដ្ឋបានយល់ជ្រាបកាន់តែច្បាស់មួយកម្រិតទៀត តែនៅត្រូវការពេលវេលាបន្ថែម។ «ច្បាប់យើងអនុវត្តហើយ...ច្បាប់ចរាចរណ៍ ការអនុម័តផ្សព្វផ្សាយ..អនុវត្តហើយ យើងអនុវត្តជាប្រចាំ ប៉ុន្តែនៅក្នុងការចតសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងក្រុងរបស់យើង នៅតែមានការផ្សព្វផ្សាយ ហើយមិនទាន់ពិន័យខ្លាំងក្លា គ្រាន់តែណែនាំអប់រំគាត់ ដើម្បីផ្សព្វផ្សាយបន្ថែម»។  នេះជាការបញ្ជាក់បន្ថែមរបស់ លោក សុខ ថុល។

ទន្ទឹមនឹងនោះ អាជីវករលក់ដូរនៅក្រុងសៀមរាបម្នាក់ អ្នកស្រី ថោង វុទ្ធី បានរៀបរាប់ពីការប្រើប្រាស់គំនូសសញ្ញាក្រោយស្ថាបនាបានជាស្ថាពរនៃផ្លូវ៣៨ខ្សែ និងបានជួយពន្យល់ប្រាប់អ្នកដទៃឱ្យបានយល់ពីការប្រើប្រាស់គំនូសចរាចរណ៍។

អាជីវករម្នាក់ឈប់តាមផ្លូវលក់ទឹកឱ្យអតិថិជននៅមុខមន្ទីរពេទ្យបង្អែក ខេត្តសៀមរាម។ រូបភាព៖ ឃ្លាំង គីមហួយ
អាជីវករម្នាក់ឈប់តាមផ្លូវលក់ទឹកឱ្យអតិថិជននៅមុខមន្ទីរពេទ្យបង្អែក ខេត្តសៀមរាម។ រូបភាព៖ ឃ្លាំង គីមហួយ

អ្នកស្រី ថោង វុទ្ធី និយាយថា៖«ខ្ញុំបានយល់ដឹងខ្លះៗដែរ ពីគំនូសចរាចរណ៍ក្នុងក្រុង ព្រោះខ្ញុំជាអាជីវករលក់ដូរផ្ទាល់ បើមិនចេះខ្លះ អាជ្ញាធរគេនឹងផាកពិន័យព្រោះចតខុសគំនូស ហើយខ្ញុំបានជួយពន្យល់ពលរដ្ឋមកពីជនបទខ្លះដែរ»។ អាជីវករលក់ដូរម្នាក់ទៀត អ្នកស្រី តុប សំអុល ក៏បានឱ្យដឹងដែរថា អ្នកស្រីបានចូលរួមគោរពគំនូស និងស្លាកសញ្ញាតាមការណែនាំរបស់សាលាក្រុងហើយ ប៉ុន្តែវាមានការលំបាកបន្តិច ដោយសារអ្នកស្រីមិនសូវយល់ពីវា..! ណាមួយគ្មានអ្នកមកជួយពន្យល់ណែនាំ។

អ្នកស្រី តុប សំអុល កំពុងរៀបរាប់ពីការលក់ដូររបស់គាត់នៅលើផ្លូវជិតមាត់ស្ទឹងសៀមរាប។ រូបភាព៖ ឃ្លាំង គីមហួយ
អ្នកស្រី តុប សំអុល កំពុងរៀបរាប់ពីការលក់ដូររបស់គាត់នៅលើផ្លូវជិតមាត់ស្ទឹងសៀមរាប។ រូបភាព៖ ឃ្លាំង គីមហួយ

អ្នកស្រីតុប សំអុល និយាយថា៖ «ខ្ញុំចង់ឱ្យមន្រ្តីសាលាក្រុង ជួយពន្យល់បន្ថែមអំពីការប្រើប្រាស់គំនូសសញ្ញាចរាចរណ៍ ព្រោះអាជីវករដូចខ្ញុំមានការចេះដឹងតិច ហើយគំនូសសញ្ញាមានច្រើនខ្វែងខ្វាត់ មិនដឹងមួយណាចត មួយណាទៅ! ខ្ញុំដឹងប៉ុណ្ណាគោរពបានតែប៉ុណ្ណឹង»។

ចំណែក ប្រធានវិទ្យាស្ថានជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក គង់ រតនៈ សង្កេតឃើញថា ប្រជាពលរដ្ឋខ្លះ នៅតែមិនទាន់យល់ដឹងឱ្យបានច្បាស់លាស់ ពីស្លាកសញ្ញាចរាចរណ៍នោះទេ។ លោក គង់ រតនៈ បញ្ជាក់ថា៖ «នៅមានភាគរយមួយចំនួន មិនបានឆ្លងកាត់ការរៀនក្នុងសាលាបើកបរត្រឹមត្រូវទេ បណ្ណបើកបរបានមកដោយសារពុករលួយ គាត់អត់ចេះ គាត់អាចសូកប៉ាន់ ដើម្បីបានបណ្ណបើកបរ ឬគាត់អត់ព្រមចូលរៀននៅសាលា គាត់ចាប់ផ្តើមរៀនតៗគ្នា ក៏ទៅប្រលងទៅ ហើយគួបផ្សំនឹងប្រព័ន្ធនៃការផ្ដល់បណ្ណបើកបរ ពីមុនមិនទាន់សុក្រឹត មិនថាពីមុន ឬឡូវ..! ប៉ុន្តែខ្ញុំជឿជាក់ថានឹងមានចន្លោះប្រហោងដែលធ្វើឱ្យពួកគាត់អត់ទាន់យល់ដឹង»

លោក គង់ រតនៈ ប្រធានវិទ្យាស្ថានជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ រូបភាព៖ រាជបណ្ឌិត្យសភាកម្ពុជា
លោក គង់ រតនៈ ប្រធានវិទ្យាស្ថានជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ រូបភាព៖ រាជបណ្ឌិត្យសភាកម្ពុជា

លោកបានជំរុញអាជ្ញាធរក្រុងសៀមរាបផ្សព្វផ្សាយឱ្យបានទូលាយបន្ថែមទៀត ព្រោះទាំងស្លាកសញ្ញាចរាចរណ៍ និងគំនូសសញ្ញានៅលើដងផ្លួវទាំង៣៨ខ្សែនោះ គឺថ្មីសម្រាប់ពលរដ្ឋក្នុងក្រុងសៀមរាប។ លោកថា ប្រសិនបើប្រជាពលរដ្ឋមិនយល់ដឹងពីច្បាប់ចរាចរណ៍នោះទេ គឺនឹងធ្វើឱ្យមានកំណើនគ្រោះថ្នាក់ចរាចរណ៍ និងបាត់បង់សណ្តាប់ធ្នាប់នៅទីសាធារណៈ។ «អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាធ្វើការអប់រំផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋ ទោះបីយើងដាក់ស្លាកសញ្ញាក៏ដោយ នៅពេលខ្លះគាត់អត់យល់ថា សញ្ញាមានន័យថាម៉េចផង ជាក្ដីបារម្ភរបស់យើង សូមឱ្យយើងពង្រីកការផ្សព្ធផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋទាំងអស់​ យើងជឿជាក់ថា គាត់ហ្នឹងបានជ្រួតជ្រាបបណ្តើរៗហើយ ក៏ត្រូវការទាមទាពេលវេលា ការអត់ធ្មត់ ទាំងអ្នកប្រើប្រាស់ ទាំងអ្នកអនុវត្ត ការរឹតបណ្តឹងច្បាប់ចរាចរណ៍ដូចគ្នា»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក គង់ រតនៈ។ 

អភិបាលរងខេត្តសៀមរាប លោក លី សំរិទ្ធ ក្នុងសន្និសីទសារព័ត៌មានស្តីពី កាលពីថ្ងៃទី២ ខែមិថុនាឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ រូបភាព៖ ក្រសួងព័ត៌មាន
អភិបាលរងខេត្តសៀមរាប លោក លី សំរិទ្ធ ក្នុងសន្និសីទសារព័ត៌មានស្តីពី កាលពីថ្ងៃទី២ ខែមិថុនាឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ រូបភាព៖ ក្រសួងព័ត៌មាន

អភិបាលរងខេត្តសៀមរាប លោក លី សំរិទ្ធ បានថ្លែងថា អាជ្ញាធរបានផ្សព្វផ្សាយណែនាំពីស្លាកសញ្ញាចរាចរណ៍ និងការប្រើប្រាស់ផ្លូវទាំងនេះដល់ប្រជាពលរដ្ឋរួចហើយមុននឹងដាក់ឱ្យប្រើប្រាស់ដងផ្លូវទាំង៣៨ខ្សែនេះ។ លោកថា ដើម្បីជំរុញឱ្យប្រជាពលរដ្ឋយល់ដឹងកាន់តែទូលំទូលាយបន្ថែមទៀត នគរបាលចរាចណ៍ បានធ្វើការអប់រំម្ចាស់យានយន្តនៅនឹងកន្លែង និងបានធ្វើវេទិកាសាធារណៈផ្សព្វផ្សាយ នៅតាមមូលដ្ឋានផ្ទាល់។ «យើងនៅតែធ្វើបន្តអ៊ីចឹង..!ព្រោះយើងមិនអាចសន្មត់ថា អ្នកដែលបើកបរយានយន្ត មានអាជ្ញាបណ្ណបើកបរហ្នឹង[..]សុទ្ធតែចេះមិនមានការខ្វះខាតនោះទេ។ មួយទៀត ទោចក្រយានយន្តកូនសិស្ស ឥឡូវប្រើប្រាស់ស្ទើរតែគ្រប់គ្នាហើយ ការយល់ច្បាប់ហ្នឹងនៅតែមិនទាន់ច្បាស់ទេ»។ នេះជាការបញ្ជាក់របស់លោក លី សំរិទ្ធ។

គួររំលឹកផងដែរថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុងសៀមរាបចំនួន៣៨ខ្សែនេះ មានប្រវែងសរុប១០៦.៤២ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជិត១៥០លានដុល្លារអាម៉េរិក ដោយក្នុងនោះចំនួន៩លានដុល្លារអាម៉េរិក ចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ដោយចំណាយរយៈពេល១៣ខែ ហើយត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ផ្លូវមួយក្នុងចំណោមផ្លូវ៣៨ខ្សែក្នុងខេត្តសៀមរាប។ រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ផ្លូវមួយក្នុងចំណោមផ្លូវ៣៨ខ្សែក្នុងខេត្តសៀមរាប។ រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

ត្រលប់មកលោក ហេង សុភាព បានស្នើដល់មន្រ្តីមូលដ្ឋាន និងអភិបាលក្រុង គួរតែមានការយកចិត្តទុកដាក់ ក្នុងការបង្រៀនប្រើប្រាស់គំនូសសញ្ញាចរាចរណ៍បន្ថែមទៀត។ លោកបន្តថា ការយល់ដឹងពីគំនូសទាំងនេះ អាចជួយបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍បានមួយផ្នែកធំ។ លោកនិយាយថា៖ «ខ្ញុំសំណូមពរឱ្យមន្រ្តីចរាចរណ៍ ឧស្សាហ៍ចុះទៅបង្រៀនច្បាប់ចរារចណ៍តាមសាលារៀន បង្ហាញពីស្លាកសញ្ញាចរារចណ៍ដល់សិស្ស ឬក៏ហៅប្រជាពលរដ្ឋតាមភូមិក៏បាន (ចុះបង្រៀនតាមមូលដ្ឋាន)»៕ 

គំនូស និងស្លាកសញ្ញានៅផ្លូវផាប់ស្រ្ទីត។ រូបភាព៖ ឃ្លាំង គីមហួយ
គំនូស និងស្លាកសញ្ញានៅផ្លូវផាប់ស្រ្ទីត។ រូបភាព៖ ឃ្លាំង គីមហួយ
ព័ត៌មានគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែក្នុងក្រុងសៀមរាបខេត្តសៀមរាប។ រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ព័ត៌មានគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែក្នុងក្រុងសៀមរាបខេត្តសៀមរាប។ រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត