មន្ទីរសាធារណការខេត្តកណ្តាលនឹងចុះរៀបចំសណ្តាប់ធ្នាប់នៅតាមចិញ្ចើមផ្លូវជាតិលេខ២១
SoKeng
09 មីនា 2022 04:00 AM

កណ្តាល៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាលនឹងចុះរៀបចំសណ្តាប់ធ្នាប់នៅតាមចិញ្ចើមផ្លូវជាតិលេខ២១ ស្ថិតក្នុងក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកោះធំ ខេត្តកណ្តាល ដែលផ្លូវមួយនេះនឹងត្រៀមសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ។  

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាលបានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី៧ ខែមីនា ដល់ពលរដ្ឋដែលមានលំនៅ ឬក្បាលដីនៅតាមបណ្តោយផ្លូវជាតិលេខ២១ថា មន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាលនឹងចុះកាត់សំយាបដែលតលយមកលើផ្លូវ កាយដី ឬបេតុងដែលចាក់ខ្ពស់ជាងផ្លូវ និងរុះរើសំណង់អនាធិបតេយ្យផ្សេងៗឲ្យបានរៀបរយចាប់ពីចិញ្ចើមផ្លូវកៅស៊ូប្រវែង៣ម៉ែត្រសងខាងផ្លូវជាតិលេខ២១ ជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការងារជួសជុលថែទាំផ្លូវ ស្ពាន ប្រព័ន្ធលូឲ្យបានល្អប្រសើរ​ និងធានាបាននូវការប្រើប្រាស់បានយូរអង្វែង។

ជាពិសេសធ្វើឲ្យមានប្រព័ន្ធរំដោះទឹកចេញពីទ្រូងផ្លូវ ចៀងវាងការខូចខាត បាក់ស្រុត ឬមានសំបុកមាន់នៅពេលរដូវភ្លៀងធ្លាក់ កាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ដែលជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរនាពេលបច្ចុប្បន្ន។​ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាលសង្ឃឹមថា ពលរដ្ឋទាំងអស់នឹងចូលរួមសហការអនុវត្ត ដើម្បីរួមចំណែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន លូ ឲ្យបានល្អប្រសើរ។

កំណាត់ផ្លូវជាតិលេខ២១ ពីក្រុងតាខ្មៅ-ជ្រៃធំ និងព្រំដែនកម្ពុជា-វៀតណាម  ប្រវែងសរុប៦៣,៦គីឡូម៉ែត្រ នឹងដាក់ឲ្យសម្ពោធជាផ្លូវការនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ផ្លូវជាតិលេខ២១នេះ ត្រូវបានបើកការដ្ឋានសាងសង់ ជួសជុល និងពង្រីក កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ និងបញ្ចប់ការសាងសង់នៅខែតុលា ឆ្នាំ២០១៧ ក្រោមកម្ចីឥណទានប្រមាណជាង៦០លានដុល្លារអាម៉េរិកពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ និងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា៕​

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត