
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៤ ខែកុម្ភៈ បានដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីពិភាក្សាលើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត។ កិច្ចប្រជុំនេះគឺមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ មន្ត្រីជំនាញបច្ចេកទេស និងភាគីពាក់ព័ន្ធ។

ឯកឧត្តម គង់ វិមាន អនុរដ្ឋលេខាធិការ និងនាយកខុទ្ទកាល័យនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ក្រសួងបានបើកកិច្ចប្រជុំមួយដើម្បីពិភាក្សា និងសិក្សាតាមដានវឌ្ឍនភាព និងផលប៉ះពាល់នៃគម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត។ ជាមួយគ្នានេះក្រសួងបានស្នើឲ្យក្រុមហ៊ុន China Railway International Group Co., Ltd ត្រួតពិនិត្យ សិក្សា និងវាយតម្លៃឡើងវិញនូវចំណុចដែលខ្វះខាតដើម្បីឲ្យសម្រេចនូវគម្រោងផ្លូវល្បឿនលឿននេះ។
ឯកឧត្តម គង់ វិមាន បានថ្លែងប្រាប់អ្នកសារព័ត៌មានSBM តាមទូរសព្ទដូច្នេះថា៖«រយៈពេល២ឆ្នាំនេះ ដំណើរការនៃការសិក្សារបស់ក្រុមហ៊ុនគឺមានការចប់សព្វគ្រប់ហើយ។ ម្សិលមិញយើងស្តាប់នូវរបាយការណ៍ ដល់ក្រុមការងារយើងពិនិត្យទៅ គឺឃើញថានូវមានការខ្វះចន្លោះនូវចំណុចមួយចំនួន។ យើងត្រូវមានការកែសម្រួល លើលទ្ធភាពដែលពាក់ព័ន្ធនឹងខ្សែផ្លូវហ្នឹង ដោយសារតែសិក្សាទៅ គឺនៅមានកន្លែងប៉ះពាល់ច្រើន យើងនៅតែមានការជជែក និងពិភាក្សាបន្ថែមទៀតជាមួយនឹងអាជ្ញាធរ ស្ថាប័ន ដើម្បីបញ្ចៀសផលប៉ះពាល់នោះ»។

បើតាមឯកឧត្តម គង់ វិមាន ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅក្រុងបាវិតនេះ គឺជាផ្លូវល្បឿនលឿនទី២របស់កម្ពុជាបន្ទាប់ពីផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុដែលសម្រេចការសាងសង់បានចំនួន៨០ភាគរយហើយ ដែលគ្រោងដាក់ឲ្យដំណើរការជាផ្លូវការនៅខែកញ្ញាខាងមុខនេះ។

អនុរដ្ឋលេខាធិការ និងនាយកខុទ្ទកាល័យនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅក្រុងបាវិតនេះនឹងក្លាយជាផ្លូវសម្រាប់សម្រួលដល់ការចរាចររបស់ពលរដ្ឋ និងជាផ្លូវសម្រាប់តភ្ជាប់ទៅផ្លូវល្បឿនលឿនប្រទេសវៀតណាម។ ឯកឧត្តម គង់ វិមាន បាននិយាយថា៖«កាលណាយើងមានផ្លូវល្បឿនលឿនហ្នឹង នឹងផ្តល់លទ្ធភាពក្នុងការដឹកទំនិញនានាឆ្លងការព្រំដែន ប្រទេសជិតខាងទៅវិញទៅមក សម្រួលចរាចរដល់ពលរដ្ឋ ទាំងចំណេញពេលវេលា និងចំណេញថវិកា»។
បើតាមឯកឧត្តម គង់ វិមាន គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះមានប្រវែងសរុបប្រមាណ ១៣៥ គីឡូម៉ែត្រ ដោយឆ្លងកាត់ពីរាជធានីភ្នំពេញ ទៅខេត្តកណ្តាល ព្រៃវែង និងស្វាយរៀង ឆ្ពោះទៅទីក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម៕









