ក្រុមហ៊ុនចិនចំនួន៣ ស្នើសុំការគាំទ្រពីសម្តេចតេជោចំពោះការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា
K
Kimhuoy Klaing
10 កុម្ភៈ 2023 02:00 AM

ប៉េកាំង៖ ក្រុមហ៊ុនចិនចំនួន៣ បានសុំការគាំទ្រពីសម្តេចតេជោ ចំពោះការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែលក្រុមហ៊ុនបានសិក្សារួច ដើម្បីឱ្យគម្រោងទាំងនោះប្រព្រឹត្តទៅដោយជោគជ័យបំផុត។ ការស្នើនេះបានធ្វើឡើងកំលុងពេលចូលជួបសម្ដែងការគួរសម និងពិនិត្យលទ្ធភាពវិនិយោបន្ថែមនៅក្នុងប្រទេសកម្ពុជា ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ 

ក្រុមហ៊ុនវិនិយោគធំៗចំនួន៣ នៃប្រទេសចិន រួមមានក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន​ ក្រុមហ៊ុន​Beijing Urban Construction Group និង​ក្រុមហ៊ុន​China Metro Group ។ ក្រុមហ៊ុនទាំងអស់បានសំដែងនូវការចាប់អារម្មណ៍ក្នុងការបន្តវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីក្រុមហ៊ុនទាំងនោះ បានវិនិយោគលើការសាងសង់ផ្លូវស្ពានប្រមាណជាង ២ពាន់គីឡូម៉ែត្រ ក្នុងប្រទេសកម្ពុជា នារយៈពេលកន្លងមក។

នៅក្នុងកិច្ចពិភាក្សាគ្នានោះ ក្រុមហ៊ុនចិនទាំង៣ បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ពីការសាងសង់ និងដាក់ឱ្យប្រតិបត្តិផ្លូវល្បឿនលឿន ភ្នំពេញ ក្រុងបាវិត ដែលត្រូវបានរៀបចំឡើងក្រោមកិច្ចសន្យាភាពជាដៃគូ រវាងរដ្ឋ និងឯកជន (PPP) ដើម្បីឈានទៅអនុវត្តគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងបាវិត នៅពាក់កណ្តាលឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៧ ស្របគ្នានឹងការសាងសង់ផ្លូវល្បឿនលឿន ហូជីមិញ ម៉ុកបៃ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៧។ 

ជាមួយនឹងទិសដៅនៃការវិនិយោគក្រុមហ៊ុនវិនិយោគចិនទាំងនោះ បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ពីការវិនិយោគលើការដឹកជញ្ជូនផ្លូវទឹកសាប ការវិនិយោគលើការចំរ៉ាញ់ទឹកកខ្វក់នៅខេត្តព្រះសីហនុ និងការសិក្សាពីផ្លូវរថភ្លើង ល្បឿនលឿនភ្នំពេញ ប៉ោយប៉ែត។ ក្រុមហ៊ុនក៏បានជម្រាបជូនសម្តេចតេជោពីគម្រោងនៃការវិនិយោគផ្លូវរថភ្លើង ល្បឿនលឿនធន់ស្រាល ពីខេត្តសៀមរាបទៅកាន់អាកាសយានអន្តរជាតិថ្មី នៅជីក្រែង ក្នុងខេត្តសៀមរាប ផងដែរ។ 

ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តីបានសំដែងនូវការវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុនវិនិយោគទាំងបី ដែលបានប្តេជ្ញារួមគ្នាក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធផ្លូវប្រកបដោយគុណភាព នៅកម្ពុជាសម្រាប់ពេលខាងមុខ។ 

ទាក់ទិនទៅនឹងការវិនិយោគផ្លូវរថភ្លើងល្បឿនលឿនធន់ស្រាល សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើឱ្យក្រុមហ៊ុន China Metro Group Limited សិក្សាពីគ្រោងវិនយោគផ្លូវល្បឿនលឿនធនស្រាល ពីរាជធានីភ្នំពេញទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងផ្លូវរថភ្លើងល្បឿនលឿនធន់ស្រាលក្នុងរាជធានីភ្នំពេញ ដែលកំពុងមានចរាចរណ៍យ៉ាងមមាញឹក ផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត