
ភ្នំពេញ៖ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមជ្រូកនៅកម្ពុជាដែលតំណាងឲ្យម្ចាស់កសិដ្ឋាន និងក្រុមហ៊ុនចិញ្ចឹមសត្វជ្រូកជាច្រើនបានធ្វើលិខិតស្នើឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលុបចោលនីតិវិធីដេញថ្លៃជ្រូករស់នាំចូលកម្ពុជាដែលសម្រាប់អនុវត្តនៅពេលដែលកម្ពុជាខ្វះខាតជ្រូកផ្គត់ផ្គង់ក្នុងស្រុក កាលពីថ្ងៃទី១៥ ខែកុម្ភៈ។ បើតាមលោក ស្រ៊ុន ពៅ យន្តការដេញថ្លៃជ្រូករស់សម្រាប់នាំចូលមកកម្ពុជា គឺជាក្តីបារម្ភខ្លាំងសម្រាប់ក្រុមហ៊ុន និងអ្នកចិញ្ចឹមជ្រូក ខណៈបច្ចុប្បន្នពួកគេអាចផ្គត់ផ្គង់ជ្រូកក្នុងស្រុកបានគ្រប់គ្រាន់ បើទោះបីកម្ពុជាបិទការនាំចូលជ្រូកពីបរទេសក៏ដោយ។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចីមជ្រូកនៅកម្ពុជាបានបញ្ជាក់ថា
គោលបំណងនៃការធ្វើលិខិតស្នើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលុបចោលនូវនីតិវិធីដេញថ្លៃជ្រូករស់សម្រាប់នាំចូលមកកម្ពុជានេះគឺដើម្បីបញ្ចៀសកុំឲ្យអ្នកចិញ្ចឹមជ្រូកជួបបញ្ហាកកស្ទះជ្រូក
ដោយសារមានចរន្តនៃការនាំចូលជ្រូកពីបរទេស ក្នុងអំឡុងកម្ពុជាបិទខ្ទប់ដោយសារការរាតត្បាតជំងឺកូវីដ-១៩កន្លងមកទៀត។ លោកថា បើអនុវត្តគោលការណ៍នេះ គឺហាក់បីផ្ទុយពីអនុសាស្ត្ររបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាដែលណែនាំកុំឲ្យមានការនាំចូលជ្រូកមកកម្ពុជា។

«ស្ទើរតែក្រុមហ៊ុន និងកសិដ្ឋានចិញ្ចឹមជ្រូកគ្រប់ខេត្តក្រុង បន្ទាប់ពីទទួលបានដំណឹងនេះ(យន្តការដេញថ្លៃជ្រូករស់នាំចូលកម្ពុជា) គឺពួកគាត់មានការតក់ស្លុត និងភិតភ័យ គាត់ខ្លាចដូចកាលដែលកម្ពុជានាំចូលជ្រូកម្តងៗ គឺធ្វើឲ្យជ្រូកកសិករកកស្ទះ គរច្រើន និងធ្វើឲ្យកសិដ្ឋានចិញ្ចឹមជ្រូកខ្លះបង្គំចិត្តបិទក៏មានដែរ»។ នេះជាការថ្លែងរបស់លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមជ្រូកនៅកម្ពុជាមកកាន់សារព័ត៌មានSBM តាមទូរសព្ទ ដែលលោកមិនគាំទ្រឲ្យមានយន្តការដេញថ្លៃជ្រូករស់សម្រាប់នាំចូលមកកម្ពុជាឡើយ។
បើតាមលោក ស្រ៊ុន ពៅ បច្ចុប្បន្ននេះបើទោះបីកម្ពុជាផ្អាកការនាំចូលជ្រូកពីប្រទេសវៀតណាម និងថៃ កាលពីខែតុលា ឆ្នាំ២០២១ ដោយសារផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក ប៉ុន្តែជ្រូកនៅកម្ពុជានៅតែបន្តកកស្ទះ និងតម្លៃប្រែប្រួលដដែល។ លោក ស្រ៊ុន ពៅ ថាបញ្ហានេះអាចបណ្តាលមកពីការលួចនាំចូលជ្រូកពីក្រៅប្រទេស ជាពិសេសការនាំចូលសាច់បង្កក។

បច្ចុប្បន្នតម្លៃសាច់ជ្រូកនៅលើទីផ្សារកម្ពុជាបានហក់ឡើងខ្ពស់ ជាងតម្លៃជ្រូកនៅប្រទេសថៃ។ តម្លៃជ្រូករស់នៅទីផ្សារថៃមានតម្លៃចន្លោះពី២,៤ដុល្លារ ទៅ២,៥ដុល្លារ ខណៈជ្រូករស់នៅកម្ពុជាមានតម្លៃ២,៩ដុល្លារក្នុងមួយគីឡូក្រាម។ ចំណែកសាច់ជ្រូកនៅកម្ពុជាមានតម្លៃពី២ម៉ឺនរៀល ទៅ២ម៉ឺន៥ពាន់រៀលក្នុងមួយគីឡូក្រាម។ តម្លៃនេះគឺមានការកើនឡើង បើធៀបនឹងឆ្នាំ២០១៩ និង២០២០ សាច់ជ្រូក គឺមានតម្លៃត្រឹមតែ១៧០០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។
ប្រធានសមាគមអ្នកចិញ្ចឹមជ្រូកនៅកម្ពុជាបានបញ្ជាក់ថា ការហក់ឡើងនូវតម្លៃសាច់ជ្រូកនេះ ក៏ដោយសារតែមានការកើនឡើងនូវតម្លៃចំណីសម្រាប់ផលិតកម្មសត្វ ដែលតម្លៃនេះកើតឡើងតាំងពីកម្ពុជាមានការរាតត្បាតជំងឺកូវីដ-១៩។ លោក ស្រ៊ុន ពៅ បានរៀបរាប់ដូច្នេះថា៖«តម្លៃផលិតគឺមានការឡើងថ្លៃ គឺដោយសារតែការដឹកជញ្ជូន និងវត្ថុធាតុដើមនៃប្រទេសដែលយើងនាំចូលនោះគឺមានការឡើងថ្លៃ។ អាហ្នឹងដែលនាំឲ្យមានការប៉ះពាល់ដល់ថ្លៃផលិតនៃចំណីសត្វ»។

ដើម្បីរក្សាបាននូវតម្លៃជ្រូកស្ថិតក្នុងតម្លៃមួយដ៏សមរម្យ លោក ស្រ៊ុន ពៅ បានស្នើឲ្យមានការទម្លាក់តម្លៃនៃការនាំចូលចំណីសត្វពីក្រៅប្រទេស។ ជាពិសេសលោកស្នើឲ្យអាជ្ញាធរពាក់ព័ន្ធពង្រឹងលើការហាមឃាត់ការនាំចូលជ្រូកពីបរទេសតាមច្រកព្រំដែនឲ្យបានតឹងរ៉ឹង។ ជាមួយគ្នានេះ លោកស្នើឲ្យក្រសួងពាក់ព័ន្ធ បន្តជំរុញឲ្យវិស័យចិញ្ចីមសត្វនៅកម្ពុជាឲ្យកាន់តែទូលំទូលាយបន្ថែមទៀត។ បច្ចុប្បន្នកម្ពុជាអាចផ្គង់ផ្គង់ជ្រូកក្នុងស្រុកបានចន្លោះពី៨ ទៅ៩ពាន់ក្បាលក្នុងមួយថ្ងៃ ដែលមានអ្នកចិញ្ចើមជ្រូករាប់ម៉ឺននាក់៕













