ជ្រូករស់ជាង១០០ក្បាលនាំចេញពីឡាវគ្មានច្បាប់ ត្រូវមន្រ្តីជំនាញដកហូតបាននៅស្រុករវៀង
S
Sreyleak Yith
05 កុម្ភៈ 2026 09:12 AM

ក្រុងព្រះវិហារ៖ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានសហការជាមួយមន្រ្តីពាក់ព័ន្ធ ឃាត់រថយន្ត១គ្រឿងដឹកជ្រូករស់ចំនួន១៦០ក្បាល នាំចេញពីប្រទេសឡាវ មកកាន់កម្ពុជា តាមច្រកកំពង់ស្រឡៅ ខេត្តព្រះវិហារ...។

អគ្គនាយកដ្ឋានបានឱ្យដឹងថា មន្រ្តីជំនាញបានឃាត់រថយន្តខាងលើនៅផ្លូវលេខ៩៥ ត្រង់ចំណុចភូមិថ្នល់កែង ឃុំរុងរឿង ស្រុករវៀង ឆ្ពោះទៅចែកចាយបន្តនៅតាមបណ្ដារាជធានី-ខេត្ត។ ក្រោយពិនិត្យឃើញថា ការដឹកជញ្ជូនជ្រូករស់នេះ គ្មានលិខិតអនុញ្ញាតឱ្យនាំចូលពីក្រសួងកសិកម្ម ផ្ទុយទៅនឹងច្បាប់ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ មន្ត្រីជំនាញ នាំយកវត្ថុតាងមករក្សាទុកនៅចត្តាឡីស័ករបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។

សូមជម្រាបថា កាលពីចុងខែមករាកន្លងទៅ មន្ត្រីជំនាញបានស្ទាក់ពិនិត្យរថយន្តមួយគ្រឿងនៅចំណុចមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយរកឃើញ សាច់ជ្រូក និងសាច់មាន់បង្កក ចំនួនជាង១១តោន គ្មានលិខិតស្នាម និងខូចគុណភាព ដឹកមកពីខេត្តស្វាយរៀង ដើម្បីចែកចាយនៅរាជធានីភ្នំពេញ។ ក្នុងនោះ សមត្ថកិច្ចបានយកសាច់ទាំងនោះទៅដុតបំផ្លាញចោល។ ជាមួយគ្នា មន្រ្តីជំនាញ ក៏បន្តស្រាវជ្រាវស៊ើបអង្កេត បង្ក្រាបនូវរាល់ការនាំចូលផលិតផលគ្មានគុណភាព គ្មានសុវត្ថិភាព ដែលបង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ ពិសេស អ្នករងគ្រោះពីការប្រើប្រាស់ គឺជាពលរដ្ឋ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត