
បទបរិយាយ៖ ក្រោយឃើញសហរដ្ឋអាម៉េរិកផ្តួលរំលំរបបដឹកនាំវេណេហ្ស៊ុយអេឡា គឺ លោក នីកូឡាស់ ម៉ាឌូ លឿនដូចផ្លេកបន្ទោរ រួចបន្តទៅរួមដៃគ្នាជាមួយអ៊ីស្រាអែលច្របាច់-កអ៊ីរ៉ង់ យ៉ាងសាហាវព្រឺព្រួច ធ្វើឱ្យ«ប្រេងឆៅ»ក្លាយជាអាវុធយុទ្ធសាស្ត្រដ៏មុតស្រួច និងជាឧបករណ៍បង្កាត់ភ្លើងសង្គ្រាមសព្វាវុធ និងសេដ្ឋកិច្ច ដែលមហាអំណាចប្រើដើម្បីត្រួតត្រា និងបំបាក់ស្មារតីគូសត្រូវ។ តើប្រេងឆៅកើតឡើងដោយសារអ្វី..? វាមានសារប្រយោជន៍អ្វីខ្លះ រហូតដល់ពិភពលោកមិនអាចខ្វះបាន..?

ក្នុងយុគសម័យឧស្សាហកម្ម និងបច្ចេកវិទ្យាដ៏ទំនើបនេះ គ្មានធនធានធម្មជាតិណាមួយមានឥទ្ធិពលលើនយោបាយ សេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សជាតិ ខ្លាំងជាង«ប្រេងឆៅ»ឡើយ។ គេតែងប្រៀបប្រដូចប្រេងឆៅទៅនឹង «មាសខ្មៅ» ឬ «ចរន្តឈាម» កំពុងរត់កាត់សរសៃឈាមសេដ្ឋកិច្ចសកលលោក។ ប្រេងឆៅ គឺជាឥន្ធនៈផូស៊ីល កើតចេញពីដំណើរការជីវគីមីដ៏យូរអង្វែងរាប់រយលានឆ្នាំ។ វាកើតចេញពីសារធាតុសរីរាង្គ រុក្ខជាតិ និងសត្វសមុទ្ទតូចៗ ដែលបានងាប់កប់ជ្រៅក្រោមស្រទាប់ផែនដី។ ក្រោមឥទ្ធិពលនៃកម្ដៅមហាសាលចេញពីស្នូលផែនដី និងសម្ពាធដ៏ធ្ងន់ធ្ងរពីស្រទាប់ថ្ម សារធាតុទាំងនោះ បានបំប្លែងខ្លួនទៅជាអ៊ីដ្រូកាបូន។ ហេតុនេះហើយ ទើបយើងចាត់ទុកវាជាថាមពលមិនកកើតឡើងវិញ។ ប្រេងឆៅដែលទើបបូមចេញពីអណ្តូង មានសភាពខាប់ខ្មៅ និងពោរពេញដោយភាពមិនបរិសុទ្ធ ប៉ុន្តែគ្រប់យ៉ាងត្រូវបានប្រែប្រួលទាំងស្រុងនៅក្នុងរោងចក្រចម្រាញ់ តាមរយៈដំណើរការមួយដែលគេហៅថា «ការចម្រាញ់តាមប្រភាគ»។ នៅក្នុងប៉មចម្រាញ់ដ៏ខ្ពស់ស្កឹមស្កៃ ប្រេងឆៅត្រូវបានដុតកម្លោច ហើយបំប្លែងទៅជាសមាសធាតុដ៏អស្ចារ្យចំនួន៨មុខផ្សេងៗគ្នា។

សមាសធាតុទី១៖ ឧស្ម័នធម្មជាតិរាវ (LPG) គឺជាសមាសធាតុស្រាលបំផុត ដែលបានអណ្តែតទៅលើកំពូលនៃប៉មចម្រាញ់។ វាមានអាតូមកាបូនចន្លោះពី១ដល់៤។ ជាទូទៅ វាត្រូវបានបង្រួមជាវត្ថុរាវដាក់ក្នុងធុងហ្គាសសម្រាប់ចម្អិនអាហារ បញ្ឆេះឡដុតក្នុងឧស្សាហកម្ម និងប្រើជាឥន្ធនៈជំនួសសាំងសម្រាប់រថយន្តធុនស្រាលមួយចំនួន ដើម្បីកាត់បន្ថយការបំពុល។ វាជាសាធាតុដែលងាយឆេះ ស្រាល និងងាយដឹកជញ្ជូន។ សមាសធាតុទី២៖ សាំង (Gasoline) គឺជាល្បាយរាវដែលងាយហួត ហើយបានអណ្តែតឡើងទៅទើរជាន់លើនៃប៉មចម្រាញ់។ វាមានអាតូមកាបូនចន្លោះពី៥ដល់១២ ហើយជាឥន្ធនៈចម្បងមិនអាចខ្វះបានសម្រាប់ម៉ាស៊ីនចំហេះប្រភេទតូចៗដូចជា រថយន្តធុនស្រាល ត្រីចក្រយានយន្ត ទោចក្រយានយន្ត និងផាសអាប់ជាដើម។ សាំងត្រូវបានវាស់វែងជាមួយកម្រិតគុណភាពខ្ពស់ ដើម្បីទប់ស្កាត់ការផ្ទុះម៉ាស៊ីន។

សមាសធាតុទី៣៖ វត្ថុធាតុដើមគីមីឥន្ធនៈ ឬណាប់ថា (Naphtha) គឺជាសារធាតុរាវម្យ៉ាងស្ថិតនៅចន្លោះសាំង និងប្រេងកាត ព្រោះវាស្ថិតនៅជាន់កណ្តាលផ្នែកខាងលើនៃប៉មចម្រាញ់។ ណាប់ថា សំខាន់ណាស់ ព្រោះវាគឺជាបេះដូងនៃឧស្សាហកម្មប្លាស្ទិក។ គេយកវាទៅបំបែកដើម្បីផលិតជាជ័រដូចជា៖ ថង់ប្លាស្ទិក ដបទឹក របស់របរប្រើប្រាស់ និងគ្រឿងបន្លាស់រថយន្តផ្សេងៗ។ ចំណែក សមាសធាតុទី៤៖ ប្រេងកាត ឬឥន្ធនៈយន្តហោះ វាមានដង់ស៊ីតេធ្ងន់ជាងសាំងបន្តិច និងមានចំហេះខ្ពស់ជាង ហើយស្ថិតនៅជាន់កណ្តាលនៃស្រទាប់ចម្រាញ់នៅក្នុងប៉ម។ ជាទូទៅ គេប្រើប្រេងកាតសម្រាប់ដុតចង្កៀងបំភ្លឺ បង្កាត់ភ្លើង ចង្រ្កានបាយ ចង្រ្កានកម្តៅក្នុងផ្ទះ និងប្រើជាសារធាតុរំលាយក្នុងឧស្សាហកម្មមួយចំនួន ហើយវាមានដង់ស៊ីតេទាបជាងទឹក មិនសូវងាយឆេះខ្លាំងដូចសាំងទេ ដែលធ្វើឱ្យវាមានសុវត្ថិភាពខ្ពស់សម្រាប់ការប្រើប្រាស់ក្នុងផ្ទះ។

ចំណែក ឯឥន្ធនៈយន្តហោះ គឺជាប្រភេទប្រេងកាតកម្រិតខ្ពស់ ដែលត្រូវបានគេកែច្នៃយ៉ាងសម្រិតសម្រាំងបំផុត ដើម្បីឱ្យត្រូវតាមស្ដង់ដារសុវត្ថិភាពអាកាសចរណ៍។ ប្រភេទដែលគេនិយមប្រើបំផុតគឺ Jet A និង Jet A-1។ សមាសធាតុទី៥៖ ប្រេងម៉ាស៊ូត (Diesel Fuel) គឺជាឥន្ធនៈធ្ងន់ ដែលផ្តល់កម្លាំងរុញច្រានខ្លាំងក្លា និងមានប្រសិទ្ធភាពកម្ដៅខ្ពស់ជាងសាំង ដោយវាស្ថិតនៅជាន់ក្រោមនៃប៉មចម្រាញ់។ ម៉ាស៊ូត គឺជាអាហារដ៏ឆ្ងាញ់ពិសារបស់គ្រឿងចក្រធុនធ្ងន់ៗ រថយន្តដឹកទំនិញខ្នាតយក្ស ត្រាក់ទ័រ រថភ្លើង គោយន្ត ទូកធំៗ និងនាវាដឹកជញ្ជូនជាដើម។ វាក៏ត្រូវបានប្រើប្រាស់ក្នុងម៉ាស៊ីនភ្លើងសម្រាប់ផ្គត់ផ្គង់អគ្គិសនីក្នុងគ្រាអាសន្នផងដែរ។ សមាសធាតុទី៦៖ ប្រេងរំអិល និងក្រមួន មានភាពខាប់ខ្លាំង និងមិនងាយហួត ស្ថិតនៅផ្នែកខាងក្រោមប្រេងម៉ាស៊ូតក្នុងប៉មចម្រាញ់។ ជាទូទៅ ប្រេងរំអិលត្រូវបានប្រើប្រាស់កាត់បន្ថយការកកិត និងបញ្ចុះកម្ដៅក្នុងម៉ាស៊ីន ព្រមទាំងធ្វើឱ្យម៉ាស៊ីនដំណើរការបានរលូន។

ចំណែក ក្រមួនជាសាធាតុម្យ៉ាងបានមកពីការចម្រាញ់ប្រេងរំអិល។ វាមានពណ៌លឿង ឬត្នោត ប៉ុន្តែបើយកទៅបន្សុទ្ធរួចវានឹងមានពណ៌សថ្លា ឬសទឹកដោះគោ។ ជាទូទៅគេយកវាទៅធ្វើជាទៀន ក្រមួនលាបស្បែកជើង ឬប្រើសម្រាប់ការពារម៉ាស៊ីនពីការច្រេះចាប់ជាដើម ។ល។ សមាសធាតុទី៧៖ ប្រេងខ្មៅ ជាសារធាតុរាវខ្មៅ និងខាប់ខ្លាំង។ ជាទូទៅ ត្រូវបានប្រើសម្រាប់ដុតក្នុងឡចំហាយកប៉ាល់ដឹកជញ្ជូនទំនិញឆ្លងទ្វីប និងរោងចក្រអគ្គិសនីធំៗ។ វាមានតម្លៃថោក ប៉ុន្តែចំហេះរបស់វាបញ្ចេញឧស្ម័នពុលច្រើនជាងឥន្ធនៈដទៃ។ សមាសធាតុទី៨៖ កាកសំណល់ប្រេង ឬហៅម្យ៉ាងទៀតថា ប៊ីទូម។ វាគឺជាកាកសំណល់ស្ថិតនៅបាតប៉មចម្រាញ់ ដែលមានសភាពរឹង និងស្អិតខ្លាំងនៅសីតុណ្ហភាពធម្មតា។ គេប្រើប្រាស់វាសម្រាប់ក្រាលផ្លូវថ្នល់ និងធ្វើជាសារធាតុការពារជម្រាបទឹកលើដំបូលផ្ទះ។ វាជាផលិតផលដែលធន់នឹងអាកាសធាតុ និងជួយភ្ជាប់គ្រាប់ថ្មឱ្យជាប់គ្នាជាផ្លូវថ្នល់កៅស៊ូ។

គួរបញ្ជាក់ថា សមាសធាតុអស្ចារ្យទាំង៨មុខនេះ សុទ្ធតែជាដង្ហើម និងសរសៃឈាមសេដ្ឋកិច្ច ដែលពិភពលោកមិនអាចខ្វះបាន។ យ៉ាងណា សមាសធាតុទាំងនេះប្រសូត្រចេញពីប្រេងឆៅ ម្លោះហើយបានជាពិភពលោកទាំងមូលមិនអាចខ្វះប្រេងឆៅបាន។ នៅក្នុងន័យភូមិសាស្ត្រនយោបាយ ប្រទេសដែលមានប្រេងឆៅ គឺជាប្រទេសដែលមានអំណាច និងកំណត់ជោគវាសនារបស់សេដ្ឋកិច្ចពិភពលោក។ នៅពេលតម្លៃប្រេងហក់ឡើង ថ្លៃដឹកជញ្ជូនកើនឡើង នាំឱ្យតម្លៃម្ហូបអាហារ និងទំនិញគ្រប់មុខឡើងថ្លៃតាមគ្នាដែរ ដែលយើងគ្រប់គ្នាតែងហៅថា «អតិផរណា»។ ជាក់ស្តែង សង្គ្រាមនៅមជ្ឈិមបូព៌ាគឺទឡ្ហីករណ៍យ៉ាងប្រត្យក្សបំផុត។

សម្រាប់ប្រទេសមានប្រេងខ្មៅបម្រុងយុទ្ធសាស្ត្រច្រើនជាងគេបំផុតរួមមាន៖ ប្រទេសវេណេហ្ស៊ុយអេឡា មានប្រមាណ ៣០៣ពាន់លានបារ៉ែល, ប្រទេសអារ៉ាប៊ីសាអូឌីត មានប្រមាណ ២៦៧ពាន់លានបារ៉ែល, ប្រទេសអ៊ីរ៉ង់ មានប្រមាណ ២០៩ពាន់លានបារ៉ែល, ប្រទេសកាណាដា មានប្រមាណ ១៧១ពាន់លានបារ៉ែល, ប្រទេសអ៊ីរ៉ាក់ មានប្រមាណ ១៤៥ពាន់លានបារ៉ែល, និងអេមីរ៉ាត់អារ៉ាប់រួម មានប្រមាណ ១១៣ពាន់លានបារ៉ែល។ គួរកត់សម្គាល់ថា ថ្វីបើវេណេហ្ស៊ុយអេឡាជាប្រទេសមានប្រេងបម្រុងទុកច្រើនបំផុតក្នុងលោកក៏ដោយ ប៉ុន្តែប្រេងភាគច្រើនជាប្រភេទប្រេងធ្ងន់ ដែលពិបាក និងត្រូវការចំណាយដើមទុនច្រើន ក្នុងការបូមយកមកចម្រាញ់៕




