
រាជធានីបាងកក៖ ពាណិជ្ជកម្មតាមព្រំដែនរបស់ប្រទេសថៃក្នុងខែកញ្ញា ឆ្នាំ២០២៥ បានធ្លាក់ចុះ ២២,២ភាគរយ ខណៈនេះគឺជាការធ្លាក់ចុះរយៈពេល៥ខែជាប់ៗគ្នា ដែលមូលហេតុចម្បងគឺដោយសារតែការធ្លាក់ចុះនៃពាណិជ្ជកម្មជាមួយកម្ពុជា ៩៩,៩ភាគរយ ដោយបណ្ដាលមកពីការច្រកព្រំដែន និងការរឹតបន្តឹងលើការដឹកជញ្ជូន។ នេះបើតាមការចុះផ្សាយដោយកាសែតថៃ The Nation នាថ្ងៃទី២៩ តុលា។

លោកស្រី អារ៉ាដា ហ្វឿងតុង (Arada Fuangtong) អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេសថៃ បានបង្ហាញថា ពាណិជ្ជកម្មតាមព្រំដែន និងឆ្លងកាត់ព្រំដែនរបស់ប្រទេសថៃក្នុងខែកញ្ញា ឆ្នាំ២០២៥ មានសរុបចំនួន ១៤១ ៦៩៤លានបាត ធ្លាក់ចុះ ៤,៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំចេញមានតម្លៃ ៧៤ ៩៤១លានបាត ធ្លាក់ចុះ ១២,៥ភាគរយ ខណៈការនាំចូលឈានដល់ ៦៦ ៧៥៣លានបាត ដែលបង្ហាញពីការកើនឡើង ៥,៩ភាគរយ។ នៅក្នុងខែកញ្ញា ប្រទេសថៃបានកត់ត្រាអតិរេកពាណិជ្ជកម្មចំនួន ៨១៨៨លានបាត ដែលនាំឱ្យតម្លៃពាណិជ្ជកម្មតាមព្រំដែន និងឆ្លងកាត់ព្រំដែនសរុបសម្រាប់រយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៥ ដល់ ១ ៤៨០ ០៩៥លានបាត កើនឡើង ៧,៧ភាគរយ។ ការនាំចេញបានឈានដល់ ៨៣៨ ៤៧៤លានបាត កើនឡើង ៥,៤ភាគរយ ខណៈការនាំចូលមានចំនួន ៦៤១ ៦២១លានបាត កើនឡើង ១០,៨ភាគរយ។

ទោះជាយ៉ាងណាក៏ដោយ ពាណិជ្ជកម្មតាមព្រំដែនរបស់ថៃក្នុងខែកញ្ញា ឆ្នាំ២០២៥ បានបង្ហាញពីការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ជាមួយនឹងការធ្លាក់ចុះ ២២,២ភាគរយ។ នេះគឺជាការធ្លាក់ចុះរយៈពេល ៥ខែជាប់ៗគ្នា។ ពាណិជ្ជកម្មតាមព្រំដែនថៃ-កម្ពុជា បានធ្លាក់ចុះ ៩៩,៩ភាគរយ បើទោះជាភាពតានតឹងតាមព្រំដែនមួយចំនួនបានចាប់ផ្តើមធូរស្រាលក៏ដោយ។ ពាណិជ្ជកម្មនៅតែរងផលប៉ះពាល់ដោយវិធានការត្រួតពិនិត្យច្រកព្រំដែន និងការរឹតបន្តឹងការដឹកជញ្ជូន។ ទន្ទឹមនឹងនេះ ពាណិជ្ជកម្មតាមព្រំដែនថៃ-មីយ៉ាន់ម៉ា បានធ្លាក់ចុះ ៣៩,០ភាគរយ ជាចម្បងដោយសារតែការគ្រប់គ្រងរបស់ប្រទេសថៃលើការនាំចេញប្រេងឥន្ធនៈ និងផលិតផលពាក់ព័ន្ធដូចជាម៉ាស៊ីនភ្លើង បន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យ អាគុយ និងឧបករណ៍ទំនាក់ទំនងទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ លើសពីនេះទៀត ការរឹតបន្តឹងការនាំចូលរបស់ប្រទេសមីយ៉ាន់ម៉ាបាននាំឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៃការនាំចេញប្រេងម៉ាស៊ូត និងប្រេងចម្រាញ់ ដែលបានធ្លាក់ចុះ ៧០,១ភាគរយ។

ពាណិជ្ជកម្មតាមព្រំដែនជាមួយប្រទេសជិតខាងក្នុងខែកញ្ញា ឆ្នាំ២០២៥ មានចំនួនសរុប ៦០ ០៧៩លានបាត ធ្លាក់ចុះ ២២,២ភាគរយ។ ការនាំចេញមានចំនួន ៣៥៩៩០លានបាត ធ្លាក់ចុះ ២៣,៦ភាគរយ ខណៈការនាំចូលមានតម្លៃ ២៤៤៨៨លានបាត ធ្លាក់ចុះ ២០,០ភាគរយ។ ទន្ទឹមនឹងថៃបានប្រកាសអតិរេកពាណិជ្ជកម្មចំនួន ១១១០២លានបាត។ ក្នុងចំណោមប្រទេសជិតខាងរបស់ថៃ ម៉ាឡេស៊ីបាននាំមុខពាណិជ្ជកម្មជាមួយ ២៦ ៧១៤ លានបាត កើនឡើង ៤,៧ភារយ បន្ទាប់មកឡាវមាន ២៣ ៩៥២លានបាត កើនឡើង ៨,៨ភាគរយ មីយ៉ាន់ម៉ា ៩៤០៤លានបាត ធ្លាក់ចុះ ៤០ភាគរយនិងកម្ពុជា ១១លានបាត ធ្លាក់ចុះ៩៩,៩ភាគរយ៕





