
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានជំរុញឲ្យក្រសួងកសិកម្មបង្កើតយន្តការដេញថ្លៃ នាំចូលជ្រូករស់ពីវៀតណាម និងថៃមកផ្គត់ផ្គង់នៅកម្ពុជា ដើម្បីជួយលើកកម្ពស់ការប្រកួតប្រជែងប្រកបដោយតម្លាភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់អ្នកចិញ្ចីមជ្រូក។ ក្រសួងកសិកម្មបានឆ្លើយតបវិញថា យន្តការនេះអាចនឹងពិបាកអនុវត្តព្រោះថាតម្លៃជ្រូករស់មានការប្រែប្រួលទៅតាមពេលវេលា និងទីកន្លែង។
ក្រោយពីសាច់ជ្រូកនៅកម្ពុជាមានការឡើងថ្លៃ អន្តរក្រសួងបានបើកកិច្ចប្រជុំមួយកាលពីថ្ងៃទី១១ ខែកុម្ភៈ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានស្នើឲ្យក្រសួងកសិកម្មបង្កើតឲ្យមានយន្តការដេញថ្លៃនាំចូលជ្រូករស់មកផ្គត់ផ្គង់នៅកម្ពុជាដើម្បីធានានិរន្តភាពនៃការចិញ្ចីមជ្រូករបស់កសិករ រក្សាបាននូវតម្លៃជ្រូករស់ និងសាច់ជ្រូកនៅលើទីផ្សារក្នុងកម្រិតតម្លៃណាមួយសមរម្យ។

ជាពិសេសយន្តការនេះក៏អាចនឹងជួយទាក់ទាញក្រុមហ៊ុនឲ្យចូលរួមកាន់តែច្រើនក្នុងការដេញថ្លៃការនាំចូលជ្រូករស់ សំដៅបង្កើនការប្រកួតប្រជែងប្រកបដោយតម្លាភាព។ ក្រសួងសេដ្ឋកិច្ចបានអះអាងថា យន្តការដេញថ្លៃនាំចូលជ្រូករស់នេះគឺអនុវត្តតែពេលណាកម្ពុជាខ្វះខាតជ្រូកផ្គត់ផ្គង់ក្នុងស្រុកតែប៉ុណ្ណោះ។
អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា ការរៀបចំយន្តការដេញថ្លៃជ្រូករស់មកផ្គត់ផ្គង់ទីផ្សារពេលមានតម្រូវការខ្វះខាតក្នុងស្រុក ក្នុងរយៈពេលមួយកំណត់ទាំងបរិមាណ និងតម្លៃគឺជាយុទ្ធសាស្ត្រមួយដែលពិបាកនឹងអនុវត្ត ពីព្រោះតម្លៃជ្រូកគឺមានការប្រែប្រួលជានិច្ចទៅតាមរដូវកាល ពេលវេលា និងទីកន្លែង ហើយបើកាលណាមានការផ្ទុះជំងឺប៉េស្តជ្រកអាហ្វ្រិកតម្លៃជ្រូកអាចនឹងកើនឡើងខ្លាំង។

ក្រសួងកសិកម្មបានអះអាងថា តាំងពីកម្ពុជាផ្អាកការនាំចូលជ្រូកកាលពីខែតុលា ឆ្នាំ២០២១រហូតដល់បច្ចុប្បន្ន កម្ពុជាអាចផ្គត់ផ្គង់ជ្រូកក្នុងស្រុកបានគ្រប់គ្រាន់។ ទោះបីជាកម្ពុជាកំពុងស្ថិតនៅក្នុងវិបត្តិជំងឺកូវីដ១៩ ប៉ុន្តែតម្លៃជ្រូករស់ក្នុងស្រុក មិនមានការប្រែប្រួលខ្លាំងនោះទេ។
បច្ចុប្បន្នជ្រូកមានតម្លៃចន្លោះពី១១៥០០ ទៅ១៣០០០រៀលក្នុង១គីឡូក្រាម អាស្រ័យតាមតំបន់នីមួយៗ។ ចំពោះតម្លៃសាច់ជ្រូកនៅលើទីផ្សារបានឡើងថ្លៃពី២០០០០ ទៅ២៥០០០រៀលក្នុង១គីឡូក្រាម។ ក្រសួងកសិកម្មបានបង្ហាញគោលជំហគាំទ្រតាមអនុសាស្ត្ររបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជំរុញឱ្យកាត់បន្ថយការនាំចូលជ្រូក និងបង្កើនការដាំដុះបន្លែ ត្រី និងចិញ្ចឹមសត្វកាលពីដើមឆ្នាំ២០២០៕









