
បទបរិយាយ៖ ងាកទៅមើលកាលពីជាង៥០ឆ្នាំមុន វៀតណាម គឺជាប្រទេសក្រីក្រមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលរងការបំផ្លិចបំផ្លាញខ្ទេចខ្ទីដោយសារភ្លើងសង្គ្រាម។ ប៉ុន្តែសព្វថ្ងៃ ប្រទេសមួយនេះ កំពុងធ្វើទំនើបកម្មក្នុងល្បឿនយ៉ាងលឿនស្លេវ នឹកស្មានមិនដល់ ដោយជំរុញកំណើនសេដ្ឋកិច្ច ប្រជាជន និងឧស្សាហកម្មក្នុងស្រុកបង្កើតឡើងដោយខ្លួនឯង។ កត្តានេះ បានធ្វើឱ្យវៀតណាមបោះពួយឆ្ពោះទៅរកផ្លូវក្លាយជាមហាអំណាចសេដ្ឋកិច្ចសកលបន្ទាប់របស់អាស៊ី ឬហៅម្យ៉ាងទៀតថា «ខ្លាសេដ្ឋកិច្ចអាស៊ី» ខណៈអ្នកវិភាគព្យាករថា វៀតណាមអាចនឹងវ៉ាដាច់ប្រទេសជប៉ុន ត្រឹមឆ្នាំ២០៥០។ តើមានហេតុផលអ្វីខ្លះ បានជាវៀតណាមទទួលជោគជ័យខ្លាំងម្ល៉េះ ស្របពេលប្រទេសដទៃទៀតនៅអាស៊ី កំពុងដុនដាប...?

ជាដំបូង យើងទៅលម្អិតទីតាំងភូមិសាស្ត្រជាមុនសិន។ វៀតណាម គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានព្រំដែនវែង និងស្តួចបំផុតនៅលើពិភពលោក ជាមួយនឹងរូបរាងផ្ទៃដីស្រដៀងនឹងតួអក្សរ «S» លាតសន្ធឹងជាង១៦០០គីឡូម៉ែត្រពីជើងទៅត្បូង។ ភាគខាងជើង គ្របដណ្ដប់ដោយតំបន់ខ្ពង់រាបនៃជួរភ្នំអាណ្ណាម លាតសន្ធឹងពីប្រទេសឡាវ និងបង្កើតបានជាខែលការពារធម្មជាតិដ៏រឹងមាំ។ តំបន់នេះ មានកំពូលភ្នំហ្វានស៊ីប៉ង់ (Fansipan) ជាភ្នំខ្ពស់ជាងគេនៅវៀតណាម ដែលមានកម្ពស់រហូតដល់៣១៤៧ម៉ែត្រ។ ក្រៅពីនេះ ក៏មានតំបន់ដីសណ្តទន្លេក្រហម ដែលជាវាលទំនាបមានជីជាតិ គាំទ្រដល់ជីវភាពប្រជាជនយ៉ាងច្រើនក្រាស់ក្រែល។ ចំណែក ភាគកណ្តាល ជាតំបន់ស្តួច និងចង្អៀតខ្លាំង ដោយមានវាលទំនាបឆ្នេរខ្សាច់នៅចន្លោះសមុទ្ទចិនខាងត្បូង និងជួរភ្នំអាណ្ណាម។

តំបន់នេះ ងាយរងគ្រោះដោយសារខ្យល់ព្យុះ និងភ្លៀងធ្លាក់ខ្លាំង។ ទោះជាយ៉ាងណា វាជាបេះដូងសេដ្ឋកិច្ច និងវប្បធម៌ដ៏សំខាន់របស់វៀតណាម។ តំបន់នេះ គ្របដណ្ដប់ដោយតំបន់ដីសណ្តទន្លេមេគង្គ ដែលជាបណ្តាញទន្លេ ព្រែកជីក និងវាលស្រែដ៏ធំល្វឹងល្វើយ ប្រៀបបានទៅហ្នឹងសរសៃឈាមរត់កាត់សរីរាង្គ។ វាជាតំបន់មានជីជាតិបំផុតមួយក្នុងលោក ដែលជួយឱ្យវៀតណាមរលាស់ខ្លួនក្លាយជាប្រទេសនាំចេញអង្ករឈានមុខគេ។ លើសពីនេះ តំបន់ភាគខាងត្បូង(ដែនដីកម្ពុជាក្រោម) ដែលមានទីក្រុងព្រៃនគរ ឬហូជីមិញ ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ចម្បងបំផុតរបស់ប្រទេសវៀតណាម។ លើសពីនេះ វៀតណាម មានខ្សែឆ្នេរសមុទ្ទវែងជាង៣២០០គីឡូម៉ែត្រ មានតំបន់ទេសចរណ៍ល្បីៗដូចជា៖ ឈូងសមុទ្ទហាឡុង (Ha Long Bay) នៅភាគជើង និងកោះត្រល់ (ឬភូគុក) នៅភាគត្បូង ព្រមទាំងមានរូងភ្នំស៊ុនដុង ដែលជារូងភ្នំធំជាងគេបំផុតនៅលើពិភពលោក។

វៀតណាម មានកំណើតប្រវត្តិសាស្ត្រជាង២០០០ឆ្នាំ ចាប់តាំងពីសម័យអាណាចក្រវ៉ាន់ឡាង (Van Lang) ប៉ុន្តែប្រទេសភាគខាងកើតកម្ពុជាមួយនេះ បានយ៉ាប់យ៉ឺនជាបន្តបន្ទាប់ ដោយសាររលកនៃការឈ្លានពាន និងសង្គ្រាមផ្ទៃក្នុង។ នៅឆ្នាំ១១១ មុនគ្រិស្តសករាជ រាជវង្សហានរបស់ចិន បានវាយយកវៀតណាមភាគខាងជើង ដោយបានត្រួតត្រាអស់រយៈពេលជាង១០០០ឆ្នាំ និងបានទទួលឥទ្ធិពលយ៉ាងជ្រាលជ្រៅលើវប្បធម៌ និងរបបគ្រប់គ្រងបែបខុងជឺ។ វៀតណាម បានរើបម្រាស់ឡើងវិញ តាមរយៈការបះបោររបស់បងប្អូនស្រីត្រកូលទ្រីង (Trung Sisters) និងជោគជ័យចុងក្រោយរបស់ លោក ង៉ោ គ្វៀន (Ngo Quyen) ក្នុងឆ្នាំ៩៣៨ នៃគ្រិស្តសករាជ ដែលបានស្តារឯករាជ្យភាពឡើងវិញ។ ក្រោយទទួលបានឯករាជ្យពីចិន រាជវង្សវៀតណាម បានពង្រីកទឹកដីចុះមកភាគខាងត្បូង ដោយបានរុញច្រានប្រជាជនចាម ឬចម្ប៉ា និងប្រជាជនខ្មែរ ឱ្យខ្ទាតចេញ ហើយបានគ្រប់គ្រងតំបន់ដីសណ្តទន្លេមេគង្គរហូតមកដល់សព្វថ្ងៃ។

នៅឆ្នាំ១៨៥៨ បារាំងបានចាប់ផ្តើមចូលខ្លួនត្រួតត្រាវៀតណាម ឡាវ និងកម្ពុជា រួចច្របាច់បញ្ចូលជាសហភាពឥណ្ឌូចិន។ បារាំងបានកេងប្រវ័ញ្ចសេដ្ឋកិច្ចលើដំណាំកៅស៊ូ ស្រូវ និងកេណ្ឌប្រជាជនទៅច្បាំងក្នុងសង្គ្រាមលោកថែមទៀតផង ប៉ុន្តែក៏បានសាងសង់បណ្តាញផ្លូវរថភ្លើង និងហេដ្ឋារចនាសម្ព័ន្ធ ដែលជាគ្រឹះដល់ឧស្សាហកម្មនាសម័យក្រោយផងដែរ។ ក្រោយសង្គ្រាមលោកលើកទី២បានបិទបញ្ចប់ វៀតណាមបានកាច់នឹម រើបម្រាស់ខ្លួន បង្ខំឱ្យបារាំងដកខ្លួនចេញ។ ក្រោយសម័យអាណានិគម ប្រទេសនេះត្រូវខណ្ឌចែកជា២ គឺវៀតណាមខាងជើង (គ្រប់គ្រងបែបកុម្មុយនីស្ដដឹកនាំដោយលោក ហូជីមិញ) និងវៀតណាមខាងត្បូង ដែលជាដែនដីកម្ពុជាក្រោម និងចម្ប៉ា (ដឹកនាំតាមបែបសេរី គាំទ្រដោយសហរដ្ឋអាម៉េរិក)។ សហរដ្ឋអាម៉េរិក បានលូកដៃចូលក្នុងសង្គ្រាមយ៉ាងខ្លាំងក្លា ប៉ុន្តែនៅចុងបញ្ចប់ វៀតណាមខាងជើងបានទទួលជ័យជម្នះ នៅឆ្នាំ១៩៧៥ និងបង្រួបបង្រួមជាតិក្រោមរបបកុម្មុយនីស្ដរហូតមកដល់សព្វថ្ងៃ។

ក្រោយចប់សង្គ្រាម វៀតណាមក៏បានជួបវិបត្តិសេដ្ឋកិច្ច ភាពឯកោលើអន្តរជាតិ និងជម្លោះជាមួយប្រទេសជិតខាង (កម្ពុជា និងចិន)។ ចំណុចរបត់ប្រវត្តិសាស្ត្រថ្មី បានមកដល់នៅឆ្នាំ១៩៨៦ តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រកំណែទម្រង់ «ដឺយម៉ឺយ (Doi Moi)» ដោយប្តូរពីសេដ្ឋកិច្ចផែនការ មកជាសេដ្ឋកិច្ចទីផ្សារសេរី បើកចំហរជើងមេឃ ទទួលសហគ្រាសឯកជន និងការវិនិយោគពីបរទេសគ្រប់ទិសតំបន់។ នៅឆ្នាំ២០០៤ GDP របស់វៀតណាមមានត្រឹម៤៥ពាន់លានដុល្លារ ប៉ុន្តែ២០ឆ្នាំក្រោយមក វៀតណាម មានកំណើនយ៉ាងគំហុក ដោយក្នុងឆ្នាំ២០២៤ មានកំណើន GDP ៤៦៦ពាន់លានដុល្លារ (លំដាប់ទី៣៣លើពិភពលោក) សេដ្ឋកិច្ចវៀតណាម តែងតែហក់ឡើង និងស្ទុះងើបជាបន្តបន្ទាប់ ដោយគ្មាននរណាឃាត់ឈ្នះ។

បច្ចុប្បន្ន វៀតណាមក្លាយជាជម្រើសចម្បងជំនួសប្រទេសចិន សម្រាប់ក្រុមហ៊ុនពហុជាតិសាសន៍ដូចជា៖ Samsung, Intel, និង Nike នោះក៏ដោយសារតែកម្លាំងពលកម្មមានច្រើនសម្បូរបែប តម្លៃថោក និងស្ថិរភាពនយោបាយ។ វៀតណាម ជាអ្នកប្រមូលផលចំណេញដ៏ធំពីសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក ជាមួយចិន។ ការលេចឡើងនៃក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុកដូចជា៖ FPT Corporation និង VNG ព្រមទាំងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast ដែលកំពុងនាំចេញទៅកាន់ទីផ្សារអាម៉េរិកខាងជើង និងអឺរ៉ុប។ ខុសពីជប៉ុន វៀតណាម មានចំនួនប្រជាជនវ័យក្មេងច្រើន ដែលមានកម្រិតអប់រំខ្ពស់ ផ្តោតលើជំនាញ STEM (មកពីពាក្យ៖ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការរកប្រាក់ និងជំរុញសេដ្ឋកិច្ចជាតិ។

បើប្រៀបធៀប ជប៉ុនជាប្រទេសមានសន្តិសុខហិរញ្ញវត្ថុខ្ពស់ ប៉ុន្តែកំណើនប្រជាជនកំពុងធ្លាក់ចុះយ៉ាងគំហុក ខណៈប្រជាជនមានវ័យចំណាស់មានការកើនឡើងដែលជាបន្ទុកដ៏ធ្ងន់របស់រដ្ឋ ហើយគេព្យាករថា នឹងធ្លាក់ចុះពី១២៤លាននាក់ មកក្រោម១០០លាននាក់ នៅឆ្នាំ២០៥០)។ ចំណែក វៀតណាម មានប្រជាជនកើនឡើងខ្លាំង ដោយគេរំពឹងថានឹងកើនដល់១២០លាននាក់នៅឆ្នាំ២០៥០ និងមានសន្ទុះសេដ្ឋកិច្ចខ្លាំង ដែលអាចដណ្តើមមកុដសេដ្ឋកិច្ចពីប្រទេសជប៉ុនបាន នាពេលអនាគត។ សរុបមក ពីប្រទេសដែលរងនូវការបំផ្លិចបំផ្លាញយ៉ាងខ្ទិចខ្ទាំដោយសង្គ្រាម បច្ចុប្បន្ន វៀតណាមបានប្រែរូបទៅជាមជ្ឈមណ្ឌលផលិតកម្ម និងបច្ចេកវិទ្យាលំដាប់ពិភពលោក។ យុទ្ធសាស្ត្របើកចំហរ ការទាញយកផលប្រយោជន៍ពីភូមិសាស្ត្រនយោបាយ និងការវិនិយោគលើធនធានមនុស្ស គឺជាសក្ខីកម្មបង្ហាញថា វៀតណាមកំពុងដើរនៅលើផ្លូវត្រូវ ក្នុងការរលាស់ខ្លួនក្លាយជា «ខ្លាសេដ្ឋកិច្ចថ្មី» របស់អាស៊ី ដែលបណ្តាប្រទេសក្នុងតំបន់គួររៀនសូត្រតាម៕




