
ខេត្តព្រៃវែង៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវជាថ្មីទៀត ឱ្យប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរដើម្បីប្រយុទ្ធនឹងគ្រឿងញៀន និងត្រូវបង្ការកុំឱ្យសមាជិកក្រុមគ្រួសារពាក់ព័ន្ធគ្រឿងញៀន។ ការអំពាវនាវរបស់សម្ដេចក្រឡាហោម ស ខេង ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាចំនួន២ខ្នង នៅសាលាបឋមសិក្សា ពងពស់ និងសាលាបឋមសិក្សានាគរង្សី ស្ថិតនៅឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

នាឱកាសនោះ សម្ដេចក៏បានទាញចំណាប់អារម្មណ៍អង្គពិធី អំពីការចរាចរណ៍គ្រឿងញៀន និងការផលិតគ្រឿងញៀនសំយោគ។ កន្លងទៅសម្ដេច ស ខេង បានលើកឡើងថា មានក្រុមហ៊ុនមួយ ទទួលបានអាជ្ញាបណ្ឌស្របច្បាប់ ថាយកសាធាតុគីមីសម្រាប់ធ្វើជី ប៉ុន្តែជាក់ស្តែង គេយកមកផ្សំធ្វើជាគ្រឿងញៀនសំយោគ។ គ្រឿងញៀនសំយោគ ត្រូវបានគេនាំចូលមកម្ដងបន្តិចៗ ក្នុងរូបភាពជាផលិតផលពាក់កណ្តាលសម្រេច ពោលម្ដងយកសារធាតុនេះមក ម្ដងយកសារធាតុនោះមក រួចហើយយកមកផ្សំផ្គុំគ្នា បង្កើតបានផលិតផលសម្រេចដែលជាគ្រឿងញៀន។
ក្នុងឆ្នាំ២០២១ គ្រឿងញៀនជាង៤តោន និងមនុស្សជាង១៣ពាន់នាក់ ត្រូវបានអាជ្ញាធររឹបអូស និងឃាត់ខ្លួន ខណៈសារធាតុគីមីផ្សំផលិតគ្រឿងញៀន អាជ្ញាធររឹបអូសបានជាង ៨៤តោន កើនជាង ១ពាន់ភាគរយឯណោះ ដែលសម្តេច ស ខេង ចេញមុខប្រតិកម្មខ្លាំង លើការបើកឱ្យមានការនាំចូលសារធាតុគីមីផ្សំគ្រឿងញៀនទាំងនេះ។ សម្តេច ស ខេង ធ្លាប់បានលើកឡើងថា បញ្ហាគ្រឿងញៀន បើសិនយើងមិនរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនទេ ស្ថានការណ៍អាចនឹងជ្រុលហួស ដែលនឹងប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមជាតិ៕





