ក្រុមហ៊ុនមួយថាយកសាធាតុគីមីមកធ្វើជី ប៉ុន្តែជាក់ស្តែងយកមកផ្សំធ្វើជាគ្រឿងញៀនសំយោគ
SBM News
28 ធ្នូ 2021 11:00 AM

ខេត្តកណ្តាល៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានក្រុមហ៊ុនមួយ ដែលទទួលបានអាជ្ញាបណ្ឌស្របច្បាប់ ថាយកសាធាតុគីមីសម្រាប់ធ្វើជី ប៉ុន្តែជាក់ស្តែង គេយកមកផ្សំធ្វើជាគ្រឿងញៀនសំយោគ។ សម្ដេច ស ខេង ថ្លែងដូច្នេះ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលយុវនីតិសម្បទា ស្ថិតនៅឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

តាមសម្ដេច ស ខេង គ្រឿងញៀនសំយោគនេះ ត្រូវបានគេនាំចូលមក ក្នុងរូបភាពជាផលិតផលពាក់កណ្តាលសម្រេច ម្ដងបន្តិចៗ ម្ដងយកសារធាតុនេះ ម្ដងយកសារធាតុនោះ យកមកផ្សំផ្គុំគ្នា បង្កើតបានផលិតផលសម្រេច ដែលជាគ្រឿងញៀន។  

សម្ដេច ស ខេង បន្ថែមថា គ្រឿងញៀននេះ បើសិនមិនបង្ក្រាបបានទាន់ពេលវេលា បណ្តោយឱ្យមានការនាំចេញទៅលក់នៅក្រៅប្រទេស ឬបើសិនកម្ពុជាជាកន្លែងគ្រឿងញៀនឆ្លងកាត់បានដោយសេរីគ្មានការអនុវត្តច្បាប់ទេនោះ នឹងធ្វើឱ្យប៉ះពាល់ដល់មុខមាត់កម្ពុជា ព្រោះកម្ពុជាជារដ្ឋភាគីនៃអង្គការសហប្រជាជាតិ ជាសមាជិកអង្គការប្រឆាំងគ្រឿងញៀនអន្តរជាតិ ដែលសមាជិកយើងបានផ្តល់សច្ចាប័ន យើងមានកាតព្វកិច្ចគោរព និងអនុវត្តតាមច្បាប់អន្តរជាតិទាំងនោះ ដូចគោរព និងអនុវត្តច្បាប់ជាតិយើងដែរ។

សូមបញ្ជាក់ថា ក្នុងរយៈពេល១ខែនេះ អាជ្ញាធរកម្ពុជាបង្ក្រាបបានគ្រឿងញៀនជាង ២៣០០គីឡូក្រាម ក្នុងការបង្ក្រាបធំៗពីរលើក។ សម្តេច ស ខេង ធ្លាប់បានជំរុញឱ្យអាជ្ញាធររាជធានីខេត្តសហការគ្នា យកចិត្តទុកដាក់បង្ក្រាបគ្រឿងញៀន ដែលជាបញ្ហាដ៏ធំសម្រាប់សង្គមជាតិយើង ខណៈការចរាចរណ៍គ្រឿងញៀន មិនថមថយឡើយ ទាំងក្នុងតំបន់ និង សកលលោក ជាពិសេស គ្រឿងញៀនសំយោគ ដែលជាសារធាតុញៀនផ្សំឡើង ដោយសារធាតុគីមីផ្សេងៗ យកមកបូកបញ្ចូលគ្នា ដែលពិបាកក្នុងការត្រួតពិនិត្យ។ សម្តេច ស ខេង ក៏ធ្លាប់បានលើកឡើងដែរថា បើសិនយើងមិនរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនទេ ស្ថានការណ៍អាចនឹងជ្រុលហួស ដែលនឹងប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមជាតិ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត