
ក្រុងព្រះសីហនុ៖ តុលាការខេត្តព្រះសីហនុ សម្រេចផ្តន្ទាទោសជនជាប់ចោទបរទេស៨នាក់ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត និងពិន័យម្នាក់ៗ៤០០លានរៀលថែមទៀត ពាក់ព័ន្ធករណីជួញដូរសារធាតុញៀនប្រមាណ១,៥តោន និងសម្អាតប្រាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់តុលាការខេត្តព្រះសីហនុ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦..។

សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា ក្រុមប្រឹក្សាជំនុំជម្រះ បានបើកសវនាការជាសាធារណៈ២លើក ក្នុងអំឡុងខែតុលា ឆ្នាំ២០២៥ ដើម្បីជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងបទល្មើសជួញដូរ ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងសម្អាតប្រាក់។ តុលាការ បានប្រកាសសាលក្រមដោយសម្រេចផ្តន្ទាទោសលើជនជាប់ចោទចំនួន៨នាក់ រួមមាន៖ ៦នាក់ជាជនជាតិចិន, ម្នាក់ជាជនជាតិចិនតៃវ៉ាន់, ម្នាក់ទៀត ជាជនជាតិឥណ្ឌូណេស៊ី។

បើតាមសេចក្តីប្រកាសព័ត៌មានដដែល ក្រុមជនល្មើសទាំងនេះ បានប្រព្រឹត្តបទល្មើសនៅខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ចន្លោះពីខែមករា ឆ្នាំ២០២៣ ដល់ខែមករា ឆ្នាំ២០២៤។ ពួកគេ ត្រូវបានផ្ដន្ទាទោសតាមមាត្រា៤០ និងមាត្រា៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន, តាមមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ ចំពោះវត្ថុតាងដែលរឹបអូសបាន ត្រូវទុកជាទ្រព្យសម្បត្តិរបស់រដ្ឋ។ ចំណែកគ្រឿងញៀនដែលរឹបអូសបានទាំងអស់ ត្រូវបំផ្លាញចោល។

សូមរំឭកថា ក្រុមឧក្រិដ្ឋជនគ្រឿងញៀនជាង១,៥តោន ដែលត្រូវកាត់ទោសនេះ ត្រូវបានអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជូនទៅតុលាការខេត្តព្រះសីហនុ កាលពីខែមករា ឆ្នាំ២០២៤ បន្ទាប់ពីកម្លាំងជំនាញស្រាវជ្រាវស៊ើបអង្កេតឃ្លាំមើលមុខសញ្ញាដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនពីប្រទេសឡាវ ឆ្លងកាត់កម្ពុជា ចេញតាមលម្ហសមុទ្រ ទៅកោះតៃវ៉ាន់៕



