
ក្រុងយ៉ាំងហ្គោន៖ មន្ត្រីមីយ៉ាន់ម៉ាបានរាយការណ៍ថា ថ្នាំញៀនខុសច្បាប់ដែលរឹបអូសមានតម្លៃជិត៣០០លានដុល្លារអាម៉េរិក ត្រូវបានដុតបំផ្លាញចោល នៅក្នុងទីក្រុងធំៗរបស់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៦មិថុនា ដើម្បីប្រារព្ធទិវាអន្តរជាតិប្រចាំឆ្នាំប្រឆាំងនឹងការប្រើប្រាស់គ្រឿងញៀន និងការជួញដូរខុសច្បាប់។

ការដុតបំផ្លាញគ្រឿងញៀននេះ កើតឡើងមួយខែបន្ទាប់ពីអ្នកជំនាញរបស់អង្គការសហប្រជាជាតិ បានព្រមានពីកម្រិតនៃការផលិត និងការជួញដូរមេតំហ្វេតាមីនកើនឡើងមិនធ្លាប់មានពីមុនមក ពីតំបន់ត្រីកោណមាស និងរដ្ឋសានភាគខាងកើតនៃប្រទេសមីយ៉ាន់ម៉ា។ មីយ៉ាន់ម៉ា គឺជាប្រភពដ៏ចម្បងនៃគ្រឿងញៀនខុសច្បាប់ ដែលមានទិសដៅសម្រាប់អាស៊ីបូព៌ា និងអាគ្នេយ៍ ទោះបីជាមានការខិតខំប្រឹងប្រែងម្ដងហើយម្ដងទៀតក្នុងការបង្ក្រាបក៏ដោយ។ នៅទីក្រុងយ៉ាំងហ្គោន គំនរគ្រឿងញៀនដ៏ធំមានតម្លៃជាង ១១៧លានដុល្លារ បានឆាបឆេះយ៉ាងសន្ធោសន្ធៅ។ គ្រឿងញៀនដែលត្រូវបានបំផ្លាញនោះរួមមាន៖ អាភៀន ហេរ៉ូអ៊ីន មេតំហ្វេតាមីន កញ្ឆា កេតាមីន និងសារធាតុរំញោចដែលគេស្គាល់ថា ជាប្រភេទម៉ាទឹកកក ឬគ្រីស្តាល់។ ព្រឹត្តិការណ៍ស្រដៀងគ្នានេះ បានកើតឡើងនៅក្នុងទីក្រុងម៉ាន់ដាលេយ្យ(ភាសាភូមា៖ မန္တလေး) និងតុងគ្យី(ភាសាភូមា៖တောင်ကြီး) តំបន់ទាំងអស់នៅជិតកន្លែងដែលថ្នាំញៀនត្រូវបានផលិត។

ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្មបានរាយការណ៍ថា វិបត្តិនយោបាយក្នុងប្រទេសមីយ៉ាន់ម៉ាបន្ទាប់ពីការកាន់កាប់ដោយយោធានៅឆ្នាំ២០២១ ដែលនាំឱ្យមានសង្គ្រាមស៊ីវិល បានជំរុញឱ្យមានការរីកលូតលាស់នៃការជួញដូរមេតំហ្វេតាមីន។ រំហូរនៃគ្រឿងញៀន បានកើនឡើងពាសពេញអាស៊ីបូព៌ា និងអាគ្នេយ៍ ហើយកាន់តែខ្លាំងឡើងចូលទៅក្នុងអាស៊ីខាងត្បូង ជាពិសេសប្រទេសឥណ្ឌាភាគឦសាន។ គ្រឿងញៀន ត្រូវបានជួញដូរកាន់តែខ្លាំងឡើងពីប្រទេសមីយ៉ាន់ម៉ាមកកាន់ប្រទេសកម្ពុជា ដែលភាគច្រើនឆ្លងកាត់ប្រទេសឡាវ ក៏ដូចជាតាមរយៈផ្លូវសមុទ្ទដែលតភ្ជាប់ប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងហ្វីលីពីន ជាមួយនឹងរដ្ឋសប្បា Sabah ក្នុងប្រទេសម៉ាឡេស៊ីបម្រើជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់៕



