ជាប់អន្ទាក់របស់គេ ឬយ៉ាងណា? ក្រោយនិមន្តមកពីថៃវិញ ព្រះសង្ឃស្រីលង្កា២២អង្គ មានកញ្ឆាជាង១០០គីឡូក្រាមក្នុងវ៉ាលិស ហើយក៏ត្រូវចាប់ព្រះកាយ
N
Nary Vann
4 ម៉ោងមុន

រដ្ឋធានីកូឡុំបូ៖ អាជ្ញាធរគយស្រីលង្កា បានសម្រេចឃាត់ព្រះសង្ឃពុទ្ធសាសនាចំនួន២២អង្គភ្លាមៗ កាលពីថ្ងៃទី២៥ ខែមេសា នៅឯព្រលានយន្តហោះក្នុងរដ្ឋធានីកូឡុំបូ ប្រទេសស្រីលង្កា បន្ទាប់ពីព្រះអង្គនិមន្តត្រឡប់មកពីប្រទេសថៃវិញ។

យោងតាមរបាយការណ៍ពីសារព័ត៌មាន BBC ចេញផ្សាយកាលថ្ងៃទី២៧ ខែមេសា មន្ត្រីជំនាញបានរកឃើញកញ្ឆាប្រភេទ Kush (ខូស) ដែលមានជាតិញៀនខ្លាំង ចំនួន១១០គីឡូក្រាម លាក់ទុកយ៉ាងជិតក្នុងវ៉ាលិសរបស់ព្រះសង្ឃទាំងនោះ។ ព្រះសង្ឃដែលភាគច្រើនជាសមណសិស្ស ឬសមណនិស្សិត បាននិមន្តទៅកម្សាន្តនៅប្រទេសថៃរយៈពេល៤ថ្ងៃ ក្រោមការឧបត្ថម្ភទាំងស្រុងពីសប្បុរសជនអាថ៌កម្បាំងម្នាក់។ ក្រៅពីព្រះសង្ឃទាំង២២អង្គខាងលើ ប៉ូលិសបានឈានទៅដល់ការចាប់ព្រះសង្ឃ១អង្គផ្សេងទៀត នៅជាយក្រុងកូឡុំបូ ដែលត្រូវបានសង្ស័យថា ជាអ្នករៀបចំគម្រោងទស្សនកិច្ចនេះ។ ព្រះសង្ឃអង្គនេះ បានភូតកុហកព្រះសង្ឃដទៃទៀតថា កញ្ចប់ទាំងនោះ គឺជាអំណោយសប្បុរសធម៌ ហើយនឹងមានរថយន្តមកទទួលយក បន្ទាប់ពីមកដល់ស្រីលង្កាវិញ។

អាជ្ញាធរប្រឆាំងគ្រឿងញៀន ក៏បានរកឃើញរូបភាព និងវីដេអូនៅក្នុងទូរសព្ទរបស់ព្រះសង្ឃមួយចំនួន ដែលបង្ហាញពីសកម្មភាពដើរលេងកម្សាន្ត ដោយបន្លំស្លៀកពាក់ខោអាវគ្រហស្ថធម្មតា (ខោអាវស៊ីវិល) អំឡុងពេលស្នាក់នៅក្នុងប្រទេសថៃ។ កាលពីថ្ងៃទី២៦ ខែមេសា តុលាការបានសម្រេចឃុំព្រះសង្ឃទាំង២២អង្គរយៈពេល៧ថ្ងៃ ដើម្បីបន្តការស៊ើបអង្កេត។ ទោះជាយ៉ាងណាក៏ដោយ ប៉ូលិសក្នុងតំបន់ សន្និដ្ឋានថា រឿងនេះអាចទៅរួច ដែលព្រះសង្ឃទាំងនោះមិនបានដឹងថា អ្វីដែលព្រះអង្គកំពុងស្ពាយ គឺជាគ្រឿងញៀន។ នេះជាករណីកម្របំផុតក្នុងប្រទេសស្រីលង្កា ដែលមានការចាប់ព្រះសង្ឃចំនួនច្រើនអង្គ ពាក់ព័ន្ធនឹងរឿងគ្រឿងញៀនបែបនេះ។

ដោយឡែក ព័ត៌មានស្រដៀងគ្នានេះដែរ នៅខេត្តបុរីរម្យ ប្រទេសថៃ បានឱ្យដឹងថា សាមណេរមួយចំនួន ត្រូវបានផ្សឹកភ្លាមៗ បន្ទាប់ពីត្រូវបានរកឃើញថា បានលួចជក់កញ្ឆានៅក្នុងវត្ត។ អ្វីដែលគួរឱ្យហួសចិត្តនោះ គឺព្រះសង្ឃទាំងនោះ ទើបតែបួសបានរយៈពេល៤ថ្ងៃប៉ុណ្ណោះ ក្នុងគោលបំណងចូលរួមកម្មវិធីស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដែលរៀបចំឡើងដោយស្ថាប័នសង្ឃ និងតុលាការប្រទេសថៃ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត