ថៃនឹងប្រកាសហាមឃាត់ការនាំចេញសារធាតុគីមីប្រើប្រាស់ នៅក្នុងការរុករករ៉ែដីកម្រ នៅមីយ៉ាន់ម៉ា
S
Sinuon Nop
•
35 នាទីមុន

រាជធានីបាងកក៖ នាយករដ្ឋមន្រ្ដីថៃ លោក អានុទីន ចាន់វីរ៉ាគុល (Anutin Charnvirakul) បានថ្លែងថា ប្រទេសថៃនឹងចេញបទបញ្ជាហាមឃាត់ការនាំចេញសារធាតុគីមី ដែលបានប្រើប្រាស់នៅក្នុងសកម្មភាពរុករករ៉ែ នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ ហើយវិធានការបែបនេះ មានគោលដៅសំដៅលើការរុករករ៉ែដីកម្រ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីការបំពុលបរិស្ថានទឹកឆ្លងដែន។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានផ្សាយ កាលពីថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា។

លោកនាយករដ្ឋមន្រ្ដី អានុទីន បានថ្លែងនៅក្នុងកម្មវិធីទូរទស្សន៍របស់រដ្ឋាភិបាលប្រចាំសប្តាហ៍កាលពីថ្ងៃសៅរ៍ថា ក្រសួងការពារជាតិ ជាអ្នកចេញបទបញ្ជានេះ។ ទន្ទឹមគ្នានេះដែរ អាជ្ញាធរក៏កំពុងតែស្វែងរកប្រភពទឹកផ្សេងៗទៀតមកជំនួស ដើម្បីដោះស្រាយការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការបំពុលទឹកទន្លេ។

កាលពីសប្តាហ៍មុន ប្រទេសថៃ បានប្រកាសអំពីផែនការទប់ស្កាត់នូវការនាំចេញសារធាតុគីមីដែលប្រើប្រាស់ នៅក្នុងការរុករករ៉ែដីកម្រ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា និងប្រទេសពាក់ព័ន្ធផ្សេងទៀត។

លោក យ៉ូតចាណាន់ វង្សសាវ៉ាត (Yodchanan Wongsawat) ឧបនាយករដ្ឋមន្ត្រីថៃ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃសុក្រថា ទិន្នន័យដែលមានស្រាប់ បង្ហាញថា សកម្មភាពរុករករ៉ែ នៅក្នុងរដ្ឋសាន (Shan State) នៃប្រទេសមីយ៉ាន់ម៉ា កំពុងតែបង្កការបំពុលដល់ទឹកទន្លេនានា ដែលហូរចូលមកពីភាគខាងជើង នៃប្រទេសថៃ។ ទោះជាយ៉ាងណាក៏ដោយ ភាគីមីយ៉ាន់ម៉ា បានស្នើសុំភស្តុតាងបន្ថែមទៀត។ ប្រទេសថៃ និងមីយ៉ាន់ម៉ា បានព្រមព្រៀងគ្នា បង្កើតទីតាំងចំនួន១២កន្លែង សម្រាប់ការយកសំណាកទឹក តាមរយៈការចុះយកសំណាករួមគ្នា ហើយគេរំពឹងថា នឹងចាប់ផ្តើម នៅចន្លោះពីខែធ្នូ និងខែមករា។

លទ្ធផលនៃការធ្វើតេស្ត កាលពីខែសីហា បានរកឃើញសារធាតុអាសេនិក (arsenic) លើសពីកម្រិតស្តង់ដារ នៅតាមទីតាំងជាច្រើន នៅក្នុងទន្លេកុក (Kok) ទន្លេសៃ (Sai) និងទន្លេរូក(Ruak)៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត