តើនាវាចម្បាំងរបស់ចិន Type 071 និងរថក្រោះ Type 96A ចូលរួមធ្វើសមយុទ្ធយោធានៅកម្ពុជា មានអានុភាពខ្លាំងក្លាកម្រិតណា?
S
Sinuon Nop
•
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ នៅក្នុងការធ្វើសមយុទ្ធយោធា រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៦នេះ មិនត្រឹមតែប្រជាជាតិខ្មែរប៉ុណ្ណោះទេ សូម្បីតែបណ្ដាប្រទេសនានា នៅលើពិភពលោក ជាពិសេស ប្រទេសជិតខាងកម្ពុជា បានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើនាវាចម្បាំងរបស់ចិន ធុន Type 071 ខណៈវត្ដមានរបស់វា បានបង្ហាញជាលើកដំបូង នៅក្រៅប្រទេស។

សារព័ត៌មានរបស់ហុងកុង South China Morning Post (SCMP) បានផ្សាយ ថា ជាលើកទី១ ដែលប្រទេសចិន បានបញ្ជូនកងរថក្រោះប្រយុទ្ធដ៏ខ្លាំងក្លារបស់ខ្លួន តាមនាវាចម្បាំងដឹកជញ្ជូនឡើងលើគោក និងក្នុងទឹក ទៅកាន់តំបន់អាស៊ីអាគ្នេយ៍ (ឬអាស៊ាន) សម្រាប់ការធ្វើសមយុទ្ធរួមគ្នា រយៈពេល១៥ថ្ងៃ ជាមួយនឹងកងទ័ពកម្ពុជា។ សមយុទ្ធយោធានេះ បានចាប់ផ្ដើម កាលពីថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្នុងមជ្ឈមណ្ឌលគាំទ្រ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ដែលបានដាក់ឲ្យដំណើរការ កាលពីដើមឆ្នាំ២០២៥ នៅកំពង់ផែរាម ដែលជាទីតាំងយុទ្ធសាស្រ្ដ នៃមូលដ្ឋានកងទ័ពជើងទឹកកម្ពុជា។ មជ្ឈមណ្ឌលគាំទ្រ និងហ្វឹកហ្វឺនរួមគ្នានេះ ត្រូវគេរំពឹងទុកថា នឹងដើរតួនាទីយ៉ាងសំខាន់មួយ ដោយសារតែរដ្ឋាភិបាទីក្រុងប៉េកាំង ព្យាយាមស្វែងរកផ្លូវវាងចំណុចតភ្ជាប់ផ្លូវសមុទ្រដ៏តូចចង្អៀត (Chokepoints) និងពង្រឹងលទ្ធភាពចូលទៅកាន់សមុទ្រអាន់ដាម៉ាន់ (Andaman Sea)។

បើតាមការផ្សាយរបស់ទូរទស្សន៍ គ្រប់គ្រងដោយរដ្ឋចិន CCTV បានដឹងថា កងរថក្រោះប្រយុទ្ធ ធុន Type 96A ជាយុទ្ធោបករណ៍វាយប្រហារនៅលើគោកដ៏សំខាន់មួយរបស់កងទ័ពរំដោះប្រជាជនចិន បានត្រូវគេប្រទះឃើញថា បានមកដល់ប្រទេសកម្ពុជា តាមការដឹកជញ្ជូនរបស់នាវា Kunlunshan (ដែលជានាវាដឹកជញ្ជូនប្រភេទ Type 071 សម្រាប់ប្រតិបត្តិការវាយប្រហារទាំងនៅលើគោក និងក្នុងទឹក) នៅមុនការចាប់ផ្តើមសមយុទ្ធ «នាគមាស ឆ្នាំ២០២៦ (ឬ Golden Dragon 2026)»។

ការបង្ហាញខ្លួន នៃនាវាចម្បាំង ធុន Type 071 និងកងរថក្រោះ Type 96A នៅក្រៅប្រទេសជាលើកដំបូង បានធ្វើឲ្យពិភពលោក ចង់ដឹងកាន់តែខ្លាំង ថាតើគ្រឿងសព្វាវុធរបស់កងទ័ពរំដោះប្រជាជនចិនទាំងពីរប្រភេទនេះ មានអានុភាពខ្លាំងក្លាកម្រិតណាដែរ?

នាវាចម្បាំងរបស់ចិន ធុន Type 071 ដែលអង្គការណាតូ ដាក់ឈ្មោះនៅក្នុងរបាយការណ៍របស់ខ្លួន Yuzhao (យូហ្សាវ) ជាប្រភេទនាវាដឹកជញ្ជូនប្រតិបត្ដិការទាំងនៅលើគោក និងក្នុងទឹក បានដាក់ឲ្យប្រតិបត្ដិការ សម្រាប់កងទ័ពជើងទឹក នៃកងទ័ពរំដោះប្រជាជនចិន (PLAN) ។ នាវាចម្បាំង Type 071 ផ្តល់សមត្ថភាព និងភាពបត់បែនដល់កងទ័ពជើងទឹក នៃកងទ័ពរំដោះប្រជាជនចិន ដែលមិនធ្លាប់មាន នៅក្នុងចំណោមនាវាវាយលុកតាមឆ្នេរសមុទ្រជំនាន់មុនៗរបស់ខ្លួន។

នាវាចម្បាំងគាំទ្រដល់ប្រតិបត្ដិការទាំងលើគោក និងក្នុងទឹក Type 071 នេះ មានចំណុះ ២៥ ០០០តោន ហើយវាមានបណ្ដោយប្រវែង ២១០ម៉ែត្រ ទទឹងខាងលើ២៨ម៉ែត្រ និងជម្រៅ៧ម៉ែត្រ។ នាវាចម្បាំងប្រភេទនេះ អាចធ្វើនាវាចរណ៍ នៅក្នុងល្បឿន៤៦គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវាអាចបើកនៅក្នុងចម្ងាយ ១៩ ០០០គីឡូម៉ែត្រ ទើបត្រូវការចាក់បំពេញប្រេងឥន្ធនៈជាថ្មី។

នាវាចម្បាំង Type 071 មានសមត្ថភាពផ្ទុកយានយន្ដចម្បាំង ចំនួន៦០គ្រឿង និងកងទ័ពចំនួន៨០០នាក់។ រីឯអាវុធសំខាន់ សម្រាប់បំពាក់នៅលើនាវាចម្បាំងប្រភេទនេះ រួមមាន៖ កាំភ្លើង ប្រភេទ AK-176 ទំហំ៧៦មិល្លីម៉ែត្រចំនួន១ដើម, ប្រព័ន្ធអាវុធតាមដាននិងបាញ់កម្ទេចមីស៊ីលរយៈចម្ងាយខ្លី និងយន្ដហោះរបស់សត្រូវ ប្រភេទ AK-630 ទំហំ៣០មិល្លីម៉ែត្រចំនួ៤ឈុត, ជើងទម្របាញ់មីស៊ីល ប្រភេទ 726-4 ចំនួន៤ឈុត, កាំភ្លើងយន្ដធុនធ្ងន់។ ក្រៅពីនេះ នាវាចម្បាំង Type 071 ក៏អាចផ្ទុកឧទ្ធម្ភាគចក្រ ចំនួន៤គ្រឿងថែមទៀតផងដែរ។

ដោយឡែក រថក្រោះ Type 96A (ZTZ-96A) ជារថក្រោះប្រយុទ្ធជំនាន់ទី៣របស់ចិន មានទម្ងន់ ៤៣តោន ហើយវាអាចប្រតិបត្ដិការដោយទាហាននៅក្នុងនោះចំនួន៣នាក់។ រីឯអាវុធសំខាន់ៗ សម្រាប់បំពាក់នៅក្នុងរថក្រោះនោះ រួមមាន៖ កាំភ្លើងទំហំ១២៥មិល្លីម៉ែត្រ, មីស៊ីលប្រឆាំងនឹងរថក្រោះ ATGMs, កាំភ្លើងយន្ដទំហំ ១២,៧មិល្លីម៉ែត្រ សម្រាប់ប្រឆាំងនឹងរថកោះ និងកាំភ្លើងយន្ដទំហំ ៧,៦២មិល្លីម៉ែត្រ, ប្រព័ន្ធចាប់កម្ដៅស្វែងរកអ្នកកាន់កាំភ្លើង, ឧបករណ៍វាស់ចម្ងាយដោយឡាស៊ែរ, ឧបករណ៍បាញ់គ្រាប់បែកផ្សែង, ប្រព័ន្ធការពារប្រឆាំងនឹងអាវុធនុយក្លេអ៊ែរ ជីវសាស្ត្រ និងគីមី (NBC) ព្រមទាំងឧបករណ៍ទប់ស្កាត់ ឬរំខានដំណើរការប្រព័ន្ធអុបទិក-អេឡិកត្រូនិក។ រថក្រោះ Type 96A អាចបើកនៅក្នុងចម្ងាយ៤០០គីឡូម៉ែត្រ ទើបអស់ប្រេងឥន្ធនៈ និងមានល្បឿន ៦៥គីឡូម៉ែតក្នុងមួយម៉ោង ហើយម៉ាស៊ីនរបស់វាមានកម្លាំង៨០០សេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត